មន្ត្រី​អង្គការ​អន្តរជាតិ​ចំនួន​២​ហៅ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ថា​ជា​ចំណាប់​ខ្មាំង​នយោបាយ​​

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

អង្គការអន្ដរជាតិចំនួន២ ដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស និងច្បាប់អន្ដរជាតិថ្កោលទោសការបន្ដនីតិវិធីស៊ើបអង្កេតក្នុងករណីលោក កឹម សុខា ដោយថា អតីតមេដឹកនាំបក្សប្រឆាំងរូបនេះកំពុងក្លាយជាចំណាប់ខ្មាំងនយោបាយរបស់បក្សកាន់អំណាច។   

ឆ្លើយតបនឹង VOD តាមរយៈសារអេឡិចត្រូនិចកាលពីថ្ងៃម្សិលមិញ អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch លោក Phil Robertson ហៅករណីលោក កឹម សុខា ថា ជាការគាបសង្កត់ផ្នែកនយោបាយ និងធ្វើឡើងទាំងបំពានច្បាប់ ចាប់តាំងពីអតីតមេបក្សប្រឆាំងរូបនេះត្រូវបានគេចាប់ខ្លួនទាំងកណ្ដាលយប់ និងបញ្ជូនជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីដើមខែកញ្ញាឆ្នាំ២០១៧មកម៉្លេះ។

លោក Phil Robertson មានប្រសាសន៍ថា លោក កឹម សុខា បានក្លាយជាចំណាប់ខ្មាំងនយោបាយរបស់គណបក្សកាន់អំណាច ដោយថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រើដៃតុលាការដើម្បីធ្វើការចាប់ចង បំបិទសិទ្ធិ និងឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ ដោយសំអាងទៅលើនីតិវិធីរបស់តុលាការ ដែលបានអូសបន្លាយការស៊ើបអង្កេតរបស់ខ្លួនអស់រយៈជាង ១៨ខែមកហើយនោះ។  

លោកថា គណបក្សកាន់អំណាចមានការព្រួយបារម្ភចំពោះការដោះលែងលោក កឹម សុខា ដែលអាចនឹងធ្វើឲ្យមានចលនាយោបាយដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ផ្ទុះឡើងនៅកម្ពុជា។  

លោក Phil Robertson ឲ្យ VOD ដឹងតាមរយៈសារអេឡិចត្រូនិចថា៖ «រដ្ឋាភិបាលកម្ពុជាអះអាងថា ចៅក្រមស៊ើបសួរកំពុងបន្ដនីតិវិធីក្នុងសំណុំរឿងលោក កឹម សុខា ហើយរដ្ឋាភិបាលប្រើហេតុផលនេះដើម្បីផ្ដល់មូលហេតុទៅលើការឃុំខ្លួននៅក្នុងផ្ទះ រំលោភបំពានសិទ្ធិ ដែលហាមឃាត់លោក កឹម សុខា មិនជួប និងទាក់ទងជាមួយមិត្តភក្ដិ សមាជិក និងជនបរទេសណាមួយនោះ […] ស្ថានភាពលោក កឹម សុខា ពេលនេះគឺជាចំណាប់ខ្មាំងរបស់រដ្ឋាភិបាលកម្ពុជា។ គាត់ត្រូវបានដាក់ឲ្យក្រោមការឃុំឃាំងក្នុងផ្ទះ ដែលជាឧទាហរណ៍មួយដើម្បីបំភិតបំភ័យសកម្មជន និងអ្នកនយោបាយប្រឆាំងនៅកម្ពុជា»។  

នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិចរបស់គណៈកម្មាការអ្នកច្បាប់អន្ដរជាតិ លោក Frederick Rawski ប្រាប់ VOD ថា បើទោះបីជាលោក កឹម សុខា បាននៅក្រៅឃុំក៏ពិតមែន ប៉ុន្ដែ មេដឹកនាំបក្សប្រឆាំងរូបនេះ បានបាត់បង់សិទ្ធិសេរីភាព និងមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។

លោកថា ការដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងនីតិវិធីស៊ើបអង្កេតយូរបែបនេះ គឺប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទ នៅក្នុងការទទួលបានការជម្រះក្ដីដោយយុត្តិធម៌ និងឆាប់រហ័ស ដែលគោលការណ៍នេះត្រូវបានធានាដោយច្បាប់អន្ដរជាតិ។

លោក Frederick Rawski ឲ្យ VOD ដឹងតាមរយៈសារអេឡិចត្រូនិចថា៖ «សិទ្ធិទទួលបានការជម្រះក្ដីដោយយុត្ដិធម៌ គឺមានសិទ្ធិដែលត្រូវបានគេកាត់ក្ដីដោយគ្មានការពន្យារពេលមិនត្រឹមត្រូវ ហើយកាត់ក្ដីជាលក្ខណៈសាធារណៈ និងយត្តិធម៌ដោយសវនការឯករាជ្យ ឥតលម្អៀង និងមានជំនាញ។ សិទ្ធិទាំងអស់នេះមិនត្រូវបានគោរពនោះទេនៅក្នុងសំណុំរឿងលោក កឹម សុខា។ ការបន្ដឃុំខ្លួនណ្ណោះអាសន្នលើរូបលោក គឺមិនចាំបាច់ ឬសមាមាត្រនោះទេ ហើយស្មើនឹងការឃុំខ្លួនដោយបំពានច្បាប់»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់អង្គការអន្ដរជាតិ ដោយលោកថា រដ្ឋាភិបាលមិនមានឥទ្ធិពលអ្វីទៅលើតុលាការ ដែលជាស្ថាប័នឯករាជ្យនោះទេ។

លោកបន្ដថា៖ «វាជារឿងធម្មតា ដែលគេនិយាយដាក់បន្ទុកមកលើរដ្ឋាភិបាល យើងមានទៅយកតុលាការណាមកធ្វើជាឧបករណ៍ដើម្បីដាក់គំនាបទៅលើបក្សប្រឆាំង គឺថា ​វាអាស្រ័យទៅលើនីតិវធីរបស់តុលាការទាំងស្រុង»។   

អ្នកនាំពាក្យក្រសួងយុត្តិធិម៌ លោក ជិន ម៉ាលីន ពន្យល់ថា តាមច្បាប់របស់កម្ពុជា ករណីលោក កឹម សុខា គឺចៅក្រមស៊ើបសួរអាចបន្ដនីតិវីធីស៊ើបអង្កេតរបស់ខ្លួ​នបានដោយគ្មានកំណត់ថិរវេលានោះទេ។ លោកបន្ដថា ចៅក្រមស៊ើបសួរអាចចំណាយពេលតិច ឬច្រើនទៅតាមការចាំបាច់ និងភាពស្មុគស្មាញនៃសំណុំរឿង បើទោះបីច្បាប់អន្ដរជាតិតម្រូវឲ្យតុលាការដំណើរការរឿងក្ដីដោយឆាប់រហ័ស​ និងយុត្ដិធម៌ក៏ដោយ។

លោកបន្ដថា៖ «ជាទូទៅគោលការណ៍អន្ដរជាតិគេធ្វើម៉េចឲ្យបានលឿន ក៏ប៉ុន្ដែមិនមែនបានលឿនហើយមិនមានមូលដ្ឋានគ្រប់គ្រាន់នោះទេ ហើយចេះតែឲ្យលឿនបានទេ។ ជាគោលការណ៍អញ្ចឹងហើយ ប៉ុន្ដែ ការអនុវត្តជាក់ស្ដែង គឺត្រូវតែមានមូលដ្ឋានគ្រប់គ្រាន់។ បើលឿនហើយមានមូលដ្ឋានគ្រប់គ្រាន់ ក៏វាប៉ះពាល់ដល់ការជំនុំជម្រះក្ដីដោយយុត្តិធម៌ដែរ»។

មេធាវីម្នាក់ក្នុងចំណោមមេធាវី៥រូបដែលការពារក្ដីឲ្យលោក កឹម សុខា គឺលោក ផាន់ ច័ន្ទសាក់ មិនទាន់អាចប្រាប់បានអំពីគម្រោងរបស់ក្រុមមេធាវី ថាតើពួកគេនឹងធ្វើអ្វីបន្ដទៀតនោះទេ ខណៈដែលដំណើរការស៊ើបអង្កេតក្នុងសំណុំរឿងនេះបានចំណាយពេលអស់ ១៨ខែមកហើយនោះ។

លោកបន្ដថា៖ «ចំណុចហ្នឹងខ្ញុំអត់ទាន់អាចធ្វើអត្ថាធិប្បាយជំរាបជូនខាងសារព័ត៌មានបានទេដោយសារចំណុចហ្នឹងយើងកំពុងគិតគូ យើងអត់អាចធ្វើអត្ថាធិប្បាយកើត ព្រោះដំណាក់កាលនេះ យើងនៅស្ងៀមស្ងាត់មេធាវីអត់អាចធ្វើអត្ថាធិប្បាយបាន»។    

លោក កឹម សុខា ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនទាំងយប់​កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទថា បានឃុប​ឃិត​ជាមួយ​ស​ហរដ្ឋ​អាមេរិក ​ចង់ផ្តួលរំលំរដ្ឋាភិបាល។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំខ្លួនបណ្តោះអា​សន្ន​នៅ​​​​​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់ព្រំដែនវៀតណាម​អស់​រយៈ​ពេល​ជិត ១ឆ្នាំ ទើបបញ្ជូនមកឃុំខ្លួនក្នុងផ្ទះវិញ នៅរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ