ក្រុម​​សហជីព​​រក្សា​​ជំហរ​​ដង្ហែ​​ក្បួន​​​ប្រារព្ធ​​សិទ្ធិ​​នារី​​អន្តរជាតិ​​ដដែល​​ ​ទោះ​បី​​អាជ្ញាធរ​​មិន​​អនុញ្ញាត​​ក៏​​ដោយ​

សន្និសិទសារព័ត៌មាន ស្តីអំពីការដើរក្បួនរបស់ក្រុមស្ត្រី ដើម្បីអបអរទិវានារីអន្តរជាតិ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ សម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia

ក្រុមអង្គការសង្គមស៊ីវិល និងសហជីពដែលធ្វើការលើកម្ពស់សិទ្ធិស្ត្រី អះអាងថា ពួកគេនឹង​នៅ​តែ​ដើរហែ​​ក្បួនក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនាថ្ងៃស្អែកនេះ ទោះបីជាសាលារាជធានីភ្នំពេញហាមឃាត់ក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ នាយិកា​ប្រតិបត្តិសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន លើកឡើងថា​ ពួកគាត់​នៅ​តែ​រក្សា​ជំហរ​ដើរ​ហែ​ក្បួន​តាម​ការ​គ្រោង​ទុក​ដដែល ដើម្បីយកញត្តិទៅដាក់នៅក្រសួងពាក់ព័ន្ធ ឲ្យដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីដែលកំពុងកើតឡើងពេលកន្លងមក និងបច្ចុប្បន្ន។

អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា៖ «ហើយបើសិនជា​យើងដើរទៅដោយទន់ភ្លន់ គាត់នៅតែបង្រ្កាបទៀត យើងក៏អត់តតាំងដែរ។ មានន័យថា ​អំណាចនៅលើដៃរបស់រដ្ឋាភិបាល អញ្ចឹងយើងជាប្រជាពលរដ្ឋធ្វើម៉េច យើងគ្រាន់តែបង្ហាញអ្វីដែលជាតម្រូវការរបស់ពួកយើងក៏អត់បានដែរ។ យើងសោកស្ដាយ មានន័យថា​ សិទ្ធិសេរីភាព​នៅក្នុងប្រទេសកម្ពុជា រួមទាំងសិទ្ធិក្នុងសម្ដែងមតិ មានការថយក្រោយច្រើន»។

សហជីព និងសង្គមស៊ីវិល គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ថ្ងៃ​ ៨ មីនា នៅ​ថ្ងៃ​ស្អែក​នេះ ក្រោម​ប្រធាន​បទ​ «រួមគ្នាបញ្ឈប់អំពើហិង្សាគ្រប់រូបភាពមកលើស្ត្រី» តាម​រយៈ​ក្បួន​ដង្ហែ​ដោយ​ថ្មើរ​ជើងចាប់ពីមុខពហុកីឡាដ្ឋានជាតិអូឡាំពិក ទៅកាន់ការិយាល័យទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីប្រគល់ «ញត្តិស្ដីពីតម្រូវកាអទិភាពរបស់ស្ត្រី»ជូនដល់​រដ្ឋាភិបាល។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី អះ​អាង​ថា អាជ្ញាធរ​បាន​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​កក់​ស្ទះ​ចរាចរណ៍ និង​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ ហើយ​លោក​បាន​ព្រមាន​ចាត់​វិធានការ​ទៅ​លើ​ក្រុម​សហជីព និង​សង្គម​ស៊ីវិល ដែល​នឹង​អនុវត្ត​ផ្ទុយ​ពី​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ។

លោក ម៉េត មាសភក្ដី ប្រាប់ថា៖ «យើងនឹងចាត់វិធានការ ហើយអ្នកដែលធ្វើខុសពីគោលការណ៍ច្បាប់ គោលការណ៍ដែលឯកភាព អនុញ្ញាតជូនអីហ្នឹង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ខ្លួនឯង ព្រោះអី្វៗបាននិយាយគ្នាអស់ហើយ រហូតបានអញ្ចើញគាត់មកជួប​ពិគ្រោះពីគោលបំណង ពីការធ្វើអ្វីៗហើយ ហើយបានសម្រេចរួចទៅហើយ។ អញ្ចឹងមិនមានជូនច្រើនទៀតទេ អ្វីដែលធ្វើខុសពីស្មារតីប្រជុំ​ហ្នឹង ក៏បានបញ្ជាក់ដែរ​ត្រូវទទួល​ខុសត្រូវចំពោះផ្លូវច្បាប់»

មន្ត្រីផ្នែកស៊ើបអង្កេត​របស់អង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការហាមរបស់សាលារាជធានីភ្នំពេញ​ថា ជាការរឹតត្បិតសិទ្ធិសេរីភាព​ក្នុងការជួបជុំបញ្ចេញមតិ ដែលមានចែងនៅក្នុងច្បាប់ ហើយ​លោក​ថា អន្តរជាតិ​នឹង​បាន​មើល​ឃើញ​អំពី​បញ្ហា​នេះ​កាន់​តែ​ច្បាស់។

លោក អំ សំអាត ប្រាប់ថា៖ «យើងឃើញថា មានករណីខ្លះ​ក៏មានការហែ​ក្បួនជួបជុំអញ្ចឹងដែរ ប៉ុន្តែ អត់មានកកស្ទះទេ។ ខ្ញុំថា អ្វីដែលសំខាន់គឺការជជែកគ្នាទៅថា បើចង់ដើរ តើដើរផ្លូវណាមិនស្ទះចរាចរណ៍ ដែលវាមិនធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់។ យើងជជែកគ្នាតាមហ្នឹងទៅ។ អាហ្នឹងវាជាដំណោះស្រាយមួយល្អ»។

មាត្រា ៤១ នៃច្បាប់រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាសាធារណៈ និងដល់សន្តិសុខជាតិបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ