ពន្ធនាគារ​​សម្រេច​​​បញ្ឈប់​​ការ​​អនុញ្ញាត​​ឲ្យ​​ប្រើ​​ទូរស័ព្ទ​​ក្នុង​​មណ្ឌល​​ឃុំឃាំង​​​ក្រោយ​មាន​បញ្ជា​​ពី​នាយករដ្ឋ​មន្ត្រី​

សកម្មភាពជនជាប់ឃុំធ្វើលំហាត់ប្រាណដើម្បីសុខភាពនៅពេលព្រឹកក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

ពន្ធនាគារ​កម្ពុជា បាន​សម្រេច​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ទាំង​អស់​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំង​ប្រទេស តាម​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ដោយថា ដើម្បីទប់​ស្កាត់​​ប​ទល្មើស​ចា​ប់​​ជំរិត​ ​​និ​​ងបញ្ហាចែកចាយគ្រឿងញៀន​។

ក្នុង​សេច​ក្តីណែ​នាំចុះ​ថ្ងៃទី​៤​ ខែ​មី​​នានេះ​ អ​គ្គនា​យ​កដ្ឋា​ន​ពន្ធនា​គារនៃ​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទូទាំង​ប្រទេស ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ និង​ការ​លួច​លាក់​ប្រើ​ប្រាស់​ទូរស័ព្ទ​ពី​សំណាក់​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។

អគ្គ​នាយកដ្ឋាន​ពន្ធនាគារ បាន​សម្រេច​បែប​នេះ តែ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ឲ្យ​មន្ត្រី​គ្រប់​គ្រង​ពន្ធនាគារ កុំ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​ទូទាំង​ប្រទេស។

អ្នកនាំពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​ នៃ​ក្រសួង​មហាផ្ទៃ ​លោក នុត សាវនា អះអាងថា បទបញ្ជា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បីទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ រួមទាំងការប​ញ្ជា​ឲ្យច​​រា​​​ច​រ​ណ៍គ្រឿងញៀន​ចេញពីពន្ធនាគារ។

លោក នុត សាវនា ប្រាប់ថា៖ «ជួនកាលជនជាប់ឃុំ គាត់ប្រើទូរស័ព្ទនេះ ទៅធ្វើការឆបោក ឬជំរិតទា​រប្រាក់​ ឬក៏​សកម្ម​ភាព​ឧ​ក្រិ​​ដ្ឋមួ​យចំ​​នួ​​ន ​​ដូ​​​​​ចជា ​បញ្ហា​ដឹក​នាំទិ​ញ​លក់គ្រឿ​ងញៀ​ន ​ឬក៏​បញ្ហាឲ្យធ្វើ​អីៗ​ផ្សេងទៀត​ ចេញពី​ពន្ធនាគារ​ទៅ។ អាហ្នឹង​​ វាខុស​​នឹងច្បា​​ប់។ ​ក​ន្ល​​ងទៅ វាធ្លាប់មានមែន ខ្ញុំ​​មិ​ន​ប្រ​កែកថា ​អត់ទេ​ ប៉ុន្តែ គ្រាន់​ថា បា​តុភា​ពនេះ ​វាបា​នកើ​ត​​នៅស្ទើរ​គ្រប់​ប្រទេស​​លើ​ពិ​​ភ​ព​​​លោក​នេះ​ទៅ​ហើយ»​

អ្នកនាំពា​ក្យសមា​គមអាដហុ​កកា​រពា​រសិទ្ធិមនុ​ស្ស ​លោក ​ស៊ឹង ​សែន​ករុ​ណា ហៅ​ប​ទបញ្ញត្តិនេះ​ថា បានចូលរួ​មទប់​ស្កាត់​បទល្មើសមួយផ្នែក តែថា បានរំលោភសិទ្ធិអ្នកជាប់ឃុំមួយចំនួន​ទៀត ដែ​លពួ​​ក​គេមិនជា​ប់​ពាក់​ព័ន្ធ​​នឹងសកម្ម​ភា​ពប​ង្កឲ្យមានបទឧក្រិដ្ឋ។

លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់សមាគមអាដហុក

លោក ស៊ឹង សែនករុណា ប្រាប់ថា​៖ «ជាទូ​ទៅ ព​ន្ធ​នាគា​រ​​ត្រូវ​មា​នសម​ត្ថ​ភាពគ្រ​ប់គ្រ​ងទៅលើ​អ្នកទាំ​ងអស់​ហ្នឹង ហើយ​បើ​សិនជាធ្វើរ​បៀបនេះ ​​ប​ង្ហាញពី​​ភា​​ពក​​ម្សោយ​របស់​​មន្ត្រីព​ន្ធនា​គារទាំ​ងអស់​ហ្នឹង​ទៅ​វិញទេ។ អញ្ចឹង គួរតែកំ​ណត់វិ​​ញថា ​អ្នក​ទាំង​អ​​​ស់ហ្នឹ​ង​គួ​រតែ​​ស្ថិ​ត​​​នៅក្រោ​មការ​ត្រួ​​ត​​​​ពិនិត្យ​​អីច្បាស់លាស់​ ពេល​គា​ត់​ឆ្លើយ​ឆ្ល​ង​ទូរ​ស័​ព្ទមក​ខា​ង​ក្រៅ»។​

អ្នកតាមដាន​ពីការ​អភិវឌ្ឍ​សង្គម លោក ​ប៉ា ​ច័​ន្ទរឿន​ ពុំ​ជឿ​ជាក់​ទេ​ថា វិធានការ​ពន្ធនាគារ​កម្ពុជា​នឹង​មាន​ប្រសិទ្ធភាព​នោះ ដរាប​ណា​ឧក្រិដ្ឋជន​គ្រឿង​ញៀន មិន​ត្រូ​វបានចាប់ខ្លួន​មក​ផ្តន្ទាទោស​ទេ​នោះ។

លោក ប៉ា ចន្ទរឿន សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជា

លោ​ក ប៉ា ច័ន្ទរឿន ប្រាប់ថា៖ «កន្លងមក យើងឃើញថា អាជ្ញាធរតែងតែអំពាវនាវ ហើយបង្ហាញពីចំណាត់ការ ប៉ុន្តែ ប្រសិទ្ធភាពក្នុង​ការធ្វើកិច្ច​នេះ​ ហា​ក់ដូ​ចជានៅមានកម្រិតនៅឡើយ»

របាយការណ៍​ប្រចាំឆ្នាំ២០១៨​របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ មាន​ចំនួន​ជាង ៣ម៉ឺននាក់ ក្នុងនោះជា​ង ​២​​​ម៉ឺន​​​នាក់ ជាប់​ពាក់ព័ន្ធនឹងគ្រឿងញៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ