សមត្ថកិច្ច​ បិទ​ទ្វារ​ស្តាត​អូឡាំពិក​​មិន​ឲ្យ​សង្គម​ស៊ីវិល​​​ហែ​ញត្តិ​​នៅ​ថ្ងៃ​​ទិវា​នារី​អន្តរជាតិ​​

សមត្ថកិច្ច បិទទ្វារស្តាតអូឡាំពិក មិនឲ្យក្រុមអង្គការសង្គមស៊ីវិលដែលប្រារព្ធទិវា នារីអន្តរជាតិ ហែញត្តិយកទៅដាក់នៅទីស្តីការគណៈរដ្ឋមន្រ្តី។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍ /Screenshot

សមត្ថកិច្ច​រាប់​រយនាក់​ បាន​រារាំងក្រុម​អង្គការសង្គមស៊ីវិលដែល​ប្រារព្ធ​ទិវានារី​អន្តរជាតិមិនឲ្យហែញត្តិទៅដាក់​នៅទីស្តី​ការគណៈរដ្ឋមន្រ្តី។

ក្រុម​សមត្ថកិច្ច បាន​សម្រេច​បិទទ្វារ​ស្តាតអូឡាំពិក ខណៈ​ក្រុម​អង្គការសង្គមស៊ីវិល ​ប្រមូល​ផ្ដុំគ្នារៀបចំ​​ហែក្បួនដើរចេញពីទីនោះ​។

ក្នុងឱកាសអបអរ​ទិវានារីអន្តរជាតិលើកទី១០៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា នេះ អង្គការសង្គមស៊ីវិលចំនួន ១២ មានគម្រោង​យក​​​ញត្តិស្នើសុំដំណោះស្រាយ​លើបញ្ហា​ជាអាទិភាពរបស់ស្ត្រី​ចំនួន៧ ទៅរដ្ឋាភិបាល។​

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ស្នើសុំឲ្យ​បញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស ការបៀតបៀន និងហិង្សាផ្លូវភេទលើស្ត្រីនៅកន្លែងការងារដោយគ្មានការលើកលែង។ ពួកគេ ក៏បាន​អំពាវនាវឲ្យរដ្ឋាភិបាល​ ពង្រឹងយន្តការការពារសិទ្ឋិពលករចំណាកស្រុកពីការកេងប្រវ័ញ្ចការងារ ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប ផ្ដល់​ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសម្រាប់កម្មករស្ត្រីដែលធ្វើការងារតាមផ្ទះ និង​កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងដេរស្បែកជើងជាដើម។

ក្រុមមន្ត្រី និងសកម្មជនទាំងអស់អង្គុយនៅទីតាំងខាងក្នុងពហុកីឡដ្ឋានអូឡាំពិកដដែល ក្រោយពីសមត្ថកិច្ច បិទទ្វារស្តាតអូឡាំពិក មិនឲ្យក្រុមអង្គការសង្គមស៊ីវិលដែលប្រារព្ធទិវា នារីអន្តរជាតិ ហែញត្តិយកទៅដាក់នៅទីស្តីការគណៈរដ្ឋមន្រ្តី។ រូបភាព៖ រ៉ា ភីរ៉ាត់

មាត្រា ៤១ នៃច្បាប់រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាសាធារណៈ និងដល់សន្តិសុខជាតិបានឡើយ៕​

https://www.facebook.com/VODkhmer/videos/318516508857746/
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ