គ្រូ​បង្រៀន​ម្នាក់​ បង្កើត​កម្មវិធី​អាន​ក្នុង​សហគមន៍​ដើម្បី​ជំរុញ​ទម្លាប់​អាន​របស់​កុមារ​

អ្នកគ្រូកំពុងបង្រៀន និង សិស្សកំពុងអានសៀវភៅ ក្នុងកម្មវិធីអានសៀវភៅមួយនៅក្នុងសហគមន៍ដែលមានរៀងរាល់ថ្ងៃអាទិត្យចុងសប្ដាហ៍។ រូបភាព៖ បណ្ដាញសង្គម

គ្រូបង្រៀនម្នាក់សម្រេចបង្កើតកម្មវិធីអំណានក្នុងសហគមន៍ ដើម្បីជំរុញទម្លាប់អានដល់កុមារ​​ថ្នាក់បឋមសិក្សា នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងមានបំណងពង្រីក​ទៅសហគមន៍ផ្សេងទៀត។

បច្ចុប្បន្នការអានសៀវភៅរបស់ប្រជាជនខ្មែរមានការកើនឡើងគួរឲ្យកត់សម្គាល់។ ចំណែកការតែងនិពន្ធវិញក៏មានការរីកចម្រើនផងដែរ ប៉ុន្តែទម្លាប់នៃការអាននេះនៅមានកម្រិតនៅឡើយ។​ ជាពិសេសកុមារ​ និងយុវជនមួយចំនួនបានយកពេលទំនេររបស់ពួកគេលេងហ្គេមលើទូរសព្ទ និងកុំព្យូទ័រ។

កំពុងឈរនៅមុខថ្នាក់រៀន ក្រោយពីបង្រៀនសិស្សបានប្រហែលជា១ម៉ោងរួចមក គ្រូបង្រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាព្រែកអំពិល ខេត្តកណ្តាល  អ្នកគ្រូ លី សុខនាង បានឲ្យប្រាប់ វី.អូ.ឌី ថា អ្នកគ្រូសង្កេតមើលឃើញថា ការអានសៀវភៅនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានការកើនឡើង ប៉ុន្តែនៅមានកំរិតនៅឡើយ ជាពិសេសប្រជាពលរដ្ឋទូទៅ។

ដើម្បីចូលរួមចំណែកជម្រុញក្នុងការអានដល់កុមារ អ្នកគ្រូបានបង្កើតកម្មវិធីអានសៀវភៅមួយនៅក្នុងសហគមន៍របស់ខ្លួន។ កម្មវិធីនេះធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ២ ដល់ ម៉ោង៤រសៀល ហើយមានការចូលរួមពីកុមារដែលរៀនថ្នាក់ទី៣ ដល់ទី៥ ។

អ្នកគ្រូ សុខនាង មានប្រសាសន៍ថា៖ «ក្មេងៗ គាត់ខ្សោយទាក់ទងនឹងការអាន ហើយណាមួយពួកគាត់ក៏ចូលចិត្តអានដែរ ក៏ប៉ុន្តែរបៀបថាគាត់អត់ដឹងថាត្រូវអានរបៀបម៉េច។ ចឹងហើយទើបខ្ញុំប្រមូលពួកគាត់ បានន័យថាអ្នកណាដែលចង់អាន ស្រលាញ់ការអាននឹងអាចមកអាននៅថ្ងៃអាទិត្យបាន ហើយយើងប្រាប់ពីទិចនិក(វិធីសាស្រ្ត) ក្នុងការអានថាត្រូវអានម៉េចម៉េច»។

កម្មវិធីអានក្នុងសហគន៍នេះ បង្កើតឡើងតាំងពី ខែមេសា ឆ្នាំ២០១៨ មកម៉្លេះ។ ថ្ងៃដំបូងមានកុមារតែ៥នាក់ប៉ុណ្ណោះ តែដោយមានការគាំទ្រពីអាណាព្យាបាលកុមារ ទើបបច្ចុប្បន្ននេះមានកុមារកើនដល់ជិត៣០នាក់។ក្រោយពីចូលរួមអាន កុមារទទួលបានចំណេះដឹងជាច្រើនទាំងការសរសេរ អាន និងស្តាប់ ជាពិសេស ពួកគេបានផ្លាស់ប្តូរនូវឥរិយាបថអវិជ្ជមានមួយចំនួន។

អ្នកគ្រូ សុខនាង បានបន្តថា៖ «​ គាត់មានការរីកចម្រើន ទាក់ទងនឹងការអានរបស់គាត់ ហើយជាពិសេសពេលដែលយើងនៅជុំគ្នាអញ្ចឹង គាត់មានទំនាក់ទំនងល្អជាមួយមិត្តរបស់គាត់។ ហើយគាត់អាចចែករំលែកចំណេះដឹងរបស់គាត់ជាមួយមិត្តភក្តិរបស់គាត់»។

កុមារីម្នាក់អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ កំពុងឈរក្រោមដើមពោធិ៍ជាកន្លែងអានគឺ  លីហ្សា ប្រាប់ថាខ្លួនបានចូលរួមការអានសៀវភៅប្រមាណជា៣ខែហើយ ដែលចូលរួមជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង២ ដល់ម៉ោង៤រសៀល។ កុមារីរូបនេះចាប់អារម្មណ៍កម្មវិធីអានសៀវភៅនេះ។

លីហ្សាបាននិយាយថា៖ «ដោយសារការអានសៀវភៅធ្វើឲ្យយើងមានអនាគត ហើយធ្វើឲ្យយើងចេះសាមគ្គីគ្នា ចេះសរសេរ ចេះអាន»។

ឪពុករបស់កុមារីម្នាក់  លោក រ៉ាត់ រិទ្ធ បានប្រាប់ វីអូឌី តាមទូរសព្ទថា លោកពិតជាសប្បាយចិត្ត ដែលមានកម្មវិធីអំណាននេះ។ លោកថា កម្មវិធីនេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះកូនៗរបស់គាត់ ពីព្រោះធ្វើឲ្យពួកគេមានចំណេះដឹងទូលំទូលាយ​ និងផ្លាស់ប្តូរនូវអាកប្បកិរិយាជាច្រើន។

លោក រិទ្ធ បានមានប្រសាសន៍ថា៖ « បន្ទាប់ពីបានអាន សរសេរទៅ ខុសប្លែក ដូចកុមារដែលធ្លាប់តែដើរលេង ធ្លាប់តែប្រើពាក្យសំដីអីមិនសូវគប្បី អានទៅអាចអប់រំកូនអីខ្លះចឹងទៅណា»។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងថា តាមការសង្កេតរបស់ក្រសួងអប់រំ ឃើញថាចំណាប់អារម្មណ៍នៃការអានរបស់ប្រជាជនទូទៅមានការកើនឡើង ស្របពេលស្នាដៃនិពន្ធផ្សេងៗមានការរីកចម្រើនផងដែរនារយៈពេលប្រមាណជា៥ឆ្នាំចុងក្រោយនេះ។ ក្រសួងក៏បានបញ្រ្ជាបកម្មវិធីថ្នាក់ជាតិដល់សិស្ស និស្សិត គ្រប់កម្រិត ដើម្បីបណ្តុះការអាន។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ដើម្បីឲ្យទទួលបានជោគជ័យក្នុងជីវិតសិក្សា ការងារ និងគុណភាពជីវិត សិស្ស និស្សិត ក៏ដូចជាសាធារណៈជនទូទៅ គួតែជ្រើសរើសអត្ថបទក្នុងការអានឲ្យបានត្រឹមត្រូវ។

លោកមានប្រសាសន៍ថា៖ « សូមឲ្យប្អូនៗមានការជ្រើសរើសអត្ថបទ ក៏ដូចជាសៀវភៅដែលមានប្រយោជន៍មកលើជីវិតបុគ្គល ក៏ដូចជាជីវិតការងារ ហើយនឹងជីវិតការសិក្សា ពីព្រោះការជ្រើសរើសអត្ថបទដែលមិនត្រឹមត្រូវ គឺជាការខ្ជះខ្ជាយពេលវេលាមួយសម្រាប់ពួកគាត់។ ដូចនេះទេការជ្រើសរើសអត្ថបទត្រូវដែលមានប្រយោជន៍នឹងជួយបង្កើនគុណភាពជីវិតរបស់គាត់»។

អ្នកគ្រូសុខនាងមានបំណងពង្រីកវប្បធ៌មអំណានទៅដល់សហគមន៍ដ៏ទៃទៀតផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋមានសមត្ថភាពចូលរួមអភិវឌ្ឍខ្លួនឯង ប៉ុន្តែ អ្នកគ្រួពុំទាន់មានពេលគ្រប់គ្រាន់ និងខ្វះអ្នកស្ម័គ្រចិត្តចូលរួម។

អ្នកគ្រូ សុខនាង បានបន្ថែមថា៖ «បើសិនជាអាច ខ្ញុំចង់មានកម្មវិធីនេះសម្រាប់ក្មេងៗនៅក្នុងភូមិផ្សេងទៀត ដោយសារតែ ក្មេងៗយើងមិនប្រាកដថា អ្នកនៅតែហ្នឹងទេដែលចង់អាន។ ប្រាកដជាមានក្មេងៗដែលនៅតាមភូមិផ្សេងទៀតក៏ចង់អានដូចគ្នាដែរ ប៉ុន្តែដោយសារឆ្ងាយ ដោយសារតែគាត់មិនដឹងអញ្ចឹង»។

រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៥ បានចេញអនុក្រឹត្យមួយ ដោយសម្រេចជ្រើសយកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំធ្វើជាទិវាជាតិអំណាន ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធ៌មអាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការពារ និងពង្រឹងវប្បធ៌មខ្មែរ។

យោងតាមស្ថិតិ និងសូចនាករអប់រំសាធារណៈ របស់ក្រសួងអប់រំឆ្នាំ២០១៧-២០១៨ បានឲ្យដឹងថា ចំនួនសិស្សនៅថ្នាក់ចំណេះទូទៅសរុបមានចំនួន ៣ ១៤៣ ២៥២នាក់ ស្រី ១ ៥៥១ ៩៩០នាក់។  ក្នុងនោះ ថ្នាក់បឋមសិក្សាមានចំនួន ២ ០២៨ ៦៩៤នាក់ ស្រី៩៧៥ ៥៦៣នាក់។

យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា អត្រាបោះបង់ការសិក្សាឆ្នាំ២០១៦-២០១៧ របស់សិស្សបឋមសិក្សាមានចំនួន ៤.១% មធ្យមសិក្សាបឋមភូមិ ១៥.៤% និងមធ្យមសិក្សាទុតិយភូមិ១៨.៣%។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ