លោក ហ៊ុន សែន សម្រេចមិនស្នើឲ្យមានទោសប្រហារជីវីតឡើងវិញទេក្រោយអ្នកវិភាគមិនយល់ស្រប

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ រូបភាព៖ FN

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្រេច​កែ​ប្រែ​ជំហរ​របស់​លោក​ឡើង​វិញ មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​បាន​បង្ហាញ​បំណង​ចង់​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ដើម្បី​ដាក់​ទោស​ទៅ​លើ​ជន​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី​កម្ពុជា។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​ចង់​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​កំណត់​ទោស​ប្រហារ​ជីវិត​ឡើង​វិញ ដើម្បី​ដាក់​​ទោស​ទៅ​លើ​ឪពុក ឪពុក​មា និង​ជីតា ដែល​បាន​​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​កូន​ស្រី ក្មួយ​ស្រី និង​ចៅស្រី​ជា​សាច់​ញាតិ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ អំឡុង​ពេល​លោក​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក​ ហ៊ុន សែន បាន​ផ្លាស់​ប្ដូរ​ជំហរ​របស់​លោក​វិញ ហើយ​បាន​ជំរុញ​ឲ្យ​បង្កើន​ការ​អប់រំ​ និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹង ដើម្បី​ទប់​ស្កាត់​បញ្ហា​មួយ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​ករុណា​ខ្ញុំ​បាន​ទទួលយក​ថា មិន​មាន​ការ​ចាំបាច់ដើម្បី​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ទេ។ […] ប៉ុន្តែ អ្វី​ដែល​គួរ​ធ្វើ ទី​១ គឺ​ត្រូវ​បង្កើន​ការ​អប់រំ បញ្ជ្រាប​សីលធម៌ គុណធម៌ ដើម្បី​ឲ្យ​មាន​តម្លៃ​ជា​មនុស្ស​ពិត​ប្រាកដ កុំ​ធ្វើ​ចរឹត​ប្រពឹត្ត​អំពើ​បាប​តាម​បែប​តិរិច្ឆាន។ […]ឯ​ចំណុច​ទី​២ គឺ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​អ្នក​ធ្វើ​អំពើ​បាប​តាម​បែប​តិរិច្ឆាន​នេះ»

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បាន​បង្ហាញ​ការ​គាំទ្រទៅ​នឹង​សេចក្ដី​សម្រេច​ចិត្ត​ថ្មី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប៉ុន្តែ លោកក៏ស្ថាប័ន​យុត្តិធម៌ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង។

លោក អំ សំអាត មានប្រសាសន៍ថា៖ «មន្ត្រីនគរបាលយុត្តិធម៌ តុលាការ ត្រូវតែអនុវត្តឲ្យបានដាច់ខាត ទាក់ទងបញ្ហាផ្លូវច្បាប់ បញ្ហារំលោភសេពសន្ថវៈត្រូវ​តែលុបបំបាត់នូវការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ការបន្ថូរបន្ថយនូវកម្រិតទោស ការផ្លាស់ប្តូរពីការរំលោភមកបៀតបៀន មកប្រទូសកេរ្តិ៍ជាដើម»

ទោស​ប្រហារ​ជីវិត​​សម្រាប់​បទ​​ល្មើស​ឧក្រិដ្ឋ​ទាំង​អស់ ត្រូវ​បាន​លុប​បំបាត់​ចោល​កាល​ពី​ឆ្នាំ​១៩៨៩ នៅ​ពេល​ដែល​​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្ដូរ​ពី​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ទៅ​ជា​រដ្ឋ​កម្ពុជា។

ក្រៅ​ពី​ផ្លាស់​ប្ដូរ​ជំហរ​ហើយ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បន្ទោស​បញ្ហា​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារី​ថា បណ្ដាល​មក​ពី​ការ​​សេព​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​នៅ​ក្នុង​សង្គម​កម្ពុជា។

អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការ (Comfrel) លោកស្រី សឺនកេត សិរីលក្ខណ៍ ក៏​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ ​ចំពោះ​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​ផ្លូវ​ភេទ​កុមារី​នៅ​កម្ពុជា​នោះ។

លោកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍ថា៖ «នៅពេលដែលរឿងកើតឡើង ទីមួយអ្នកដែលបានប្រព្រឹត្ត ច្រើនតែរត់ចោលស្រុករកអត់ឃើញទេទី១។ ទី២ ពេលដែលមានការរំលោភទៅលើក្មេងស្រី ឬក៏ស្ត្រីណាមួយ ច្រើនមានការសម្រប​សម្រួលច្រើនជាងការអនុវត្តផ្លូវច្បាប់ឲ្យបានតឹងរឹង។ វាធ្វើឲ្យកំណើននៃការកើតឡើងរំលោភលើក្មេងស្រី គឺកើតឡើងជាហូរហែរ»

កុមារី​កម្ពុជា​បាន​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​រឿយៗ ហើយ​កុមារី​ខ្លះ​ត្រូវ​បាន​រំលោភ​សម្លាប់​ទៀត​ផង​ដែរ។

កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៨​កន្លង​មក កុមារី​ដល់​ទៅ ៦​នាក់ ត្រូវ​បាន​រំលោភ​​ហើយ​សម្លាប់​​នៅ​ក្នុង​ខេត្ត​ចំនួន ៤​ផ្សេង​ៗគ្នា​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៦​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​នោះ​មាន​កុមារី​អាយុ ១៤​ឆ្នាំ​ម្នាក់ និង​ប្អូនស្រី​របស់​នាង​អាយុ ៧​ឆ្នាំ នៅ​ឯ​ស្រុក​បរិបូរណ៍​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​បុរស​ម្នាក់​ជា​អ្នក​រស់នៅ​ជិត​ខាង ​រំលោភ​ហើយ​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​មុន។

របាយការណ៍​អង្គការ​សម្ព័ន្ធ​បង​ប្អូន​ស្រី​ដែល​ចេញ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បាន​បង្ហាញ​ថា ក្នុង​មួយ​ថ្ងៃ អំពើ​ហិង្សាផ្លូវ​ភេទ​យ៉ាង​ហោច​ណាស់ ១​ករណី បាន​កើត​ឡើង​ទៅ​លើ​កុមារ​កម្ពុជា​អាយុ​ក្រោម ១៥​ឆ្នាំ ហើយ​រក​ឃើញ​ថា ជន​ល្មើស​សុទ្ធ​តែ​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​ជន​រង​គ្រោះ ដូចជា សាច់​ញាតិ មិត្ត​ភ័ក្តិ ឬ​សង្សា​ជាដើម។

មាត្រា៣៩នៃច្បាប់ស្តីពីការរំលោភបំពានផ្លូវភេទចែងថា ជនដែលប្រព្រឹត្តិប្រឈម ជាប់ពន្ធនា គារ ពី៥ទៅ១០ឆ្នាំ។ ចំពោះករណីរំលោភសម្លាប់បើអចេតនាមាត្រា២៤៤អាច ជាប់ពន្ធនាគារ ពី១៥ទៅ៣០ឆ្នាំ បើមានចេតនាតាមមាត្រា២០៥ ជនប្រព្រឹត្តិអាចជាប់ពន្ធនាគារមួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ