រដ្ឋាភិបាល​ បញ្ជា​ឲ្យ​ចាប់​អ្នក​ចរាចរ​នាំ​ចូល​ផលិតផល​ក្លែងក្លាយ​ជា​ជាង​គ្រាន់​​តែ​ដុត​កម្ទេច​ចោល​​

ពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ ដែលបង្ក្រាបរឹបអូសពីជនល្មើសដែលចរាចរ ស្តុកទុក ផលិត និងចែកចាយនាពេលកន្លងមក ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​(គ.ប.ផ.ក)​ នាថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចំៗដល់មន្ត្រីជំនាញថា​ លោកនឹងមិនមក​ចូលរួមដុត​ផលិតផលក្លែងក្លាយទៀតទេ​​ បើមន្ត្រីទាំងនោះមិនចាប់អ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។

ក្នុងពិធីកម្ទេច​ចោលផលិតផលក្លែងក្លាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  បានថ្លែងនាព្រឹកថ្ងៃនេះ​ថា កាលពី​ពេលថ្មីនេះៗ សមត្ថកិច្ចបានចុះបង្ក្រាបរឹបអូសផលិតផលក្លែងក្លាយ ខូចគុណភាព និងខុសច្បាប់៦០តោនពីម្ចាស់សហគ្រាស​មួយចំនួន ហើយផលិតផលទាំងនោះត្រូវបាន លោក ស ខេង ដុចកម្ទេច​ចោលនៅថ្ងៃនេះ ដោយពុំទាន់ចាប់បានអ្នកប្រព្រឹត្តមកផ្តន្ទាទោសនៅឡើយ។

ករណីនេះ​ លោក ស ខេង អះអាងថា ការដុតបំផ្លាញផលិតផលទាំងនោះ​មិនមានប្រសិទ្ធិភាពទេ ដរាបណាមិនចាប់អ្នកប្រព្រឹត្តមកផ្តន្ទាទោសតាមច្បាប់។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ថ្លែងក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ ដែលបង្ក្រាបរឹបអូសពីជនល្មើសដែលចរាចរ ស្តុកទុក ផលិត និងចែកចាយនាពេលកន្លងមក ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​(គ.ប.ផ.ក)​ នាថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ

លោក ថ្លែងថា៖ « បើមិនចាប់បានម្ចាស់ទេ ខ្ញុំមិនមកបំផ្លាញទៀតទេ។ លក្ខខណ្ឌខ្ញុំ ស្តាប់ឲ្យបាន ពីព្រោះធ្វើវាមិនចប់ ធ្វើអត់ចប់ វាគ្រាន់តែបក់ផ្សែងដដែលៗ ចឹងវាកាលណាចប់»។

ផលិតផលដែល​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដុតកម្ទេចចោលនៅថ្ងៃនេះ រួមមាន ទឹកសុទ្ធម៉ាក Evian , Saint Amanda , Montcalm ជិត៦ពាន់កេស ថ្នាំពេទ្យក្លែងក្លាយ១០៦មុខ និងផលិតផលជីកសិកម្ម ជិត៨តោន សរុបទាំងអស់មានជាង៧០តោន។

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) លោក មៀច សុផាន់ណា ថ្លែងថា ក្រុមការងារជំនាញនឹងបន្តស្រាវជ្រាវជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែង​រកអ្នកផលិត និងចរាចរផលិតផលក្លែងក្លាយមកផ្តន្ទា​ទោស ដោយថាដើម្បីលុបបំបាត់ការចរាចរផលិតផលក្លែងក្លាយទាំងនោះឲ្យមានប្រសិទ្ធិភាពខ្ពស់។

លោក មានប្រសាសន៍ថា៖ «យើង នឹងបង្កើនសកម្មភាពធ្វើការងាររបស់យើង។ ហើយយើងសួរថា ចាប់បាន ជាសមត្ថកិច្ច ប៉ុន្តែក៏ត្រូវតែមានការអនុញ្ញាត ក៏ដូចជាការណែនាំពីតុលាការដែរ»។

អ្វីដែលគួរឲ្យកត់សំគាល់មន្ត្រីជំនាញប្រយុទ្ធប្រឆាំងផលិតផលក្លែងរូបនោះ អះអាងថា ច្បាប់ដាក់ទោសលើអ្នកផលិត​​ និងអ្នកចែកចាយផលិតផលក្លែងក្លាយ មានកម្រិតស្រាលនៅឡើយ ករណីនេះលោកថាបើចាំបាច់ក្រុមការងារជំនាញនឹងស្នើសុំធ្វើវិសោធនកម្មច្បាប់នោះ។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP-Center) លោក យង់ គិមអេង មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ តាមរយៈពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ទើបទទួលបានផលវិជ្ជមាន។

លោក លើកឡើង​ថា៖ «យើងចង់កែស្អីមុនគេ គឺត្រូវ​តែកែប្រព័ន្ធយុត្តិធម៌ ទាល់​តែអ្នកធ្វើប្រព័ន្ធយុត្តិធម៌។ ​រឿងចៅក្រម រឿងព្រះរាជអាជ្ញានៅក្នុងប្រព័ន្ធយុត្តិធម៌ ទាល់តែមានឆន្ទៈខ្ពស់ណាស់ក្នុងការធ្វើឲ្យសង្គមមានយុត្តិធម៌ មានសន្តិសុខ មានសណ្តាប់ធ្នាប់ បានអាចទៅរួច​»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចូលរួមដុតបំផ្លាញផលិតផលក្លែងក្លាយមានចំនួន៤ដងមកហើយ ក្រោយពីមន្ត្រីជំនាញចុះបង្ក្រាបបាន ប៉ុន្តែក្នុងចំណោម៤លើកនោះ គេមិនឃើញមន្ត្រីជំនាញចាប់អ្នកប្រព្រឹត្តមកផ្តន្ទាទោសនៅឡើយ។

របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ កាលពីឆ្នាំ២០១៧ ស្ថាប័ននេះ​បានរឹបអូសផលិតផលក្លែងក្លាយ រួមនឹងគ្រឿងទេសក្លែងក្លាយ​ខុស​ច្បាប់​​ចំនួន​ប្រមាណ​៦០០តោន។ ក្រោយមក​នៅក្នុងឆ្នាំ២០១៨ សមត្ថកិច្ចបានរឹបអូសទំនិញក្លែងក្លាយ ហើយដុតបំផ្លាញចោលជាបន្តបន្ទាប់ ដែលមានជាង២០០តោន ខណៈនៅដើម២០១៩នេះ សមត្ថកិច្ចក៏បានចុះបង្រ្កាបបានទំនិញក្លែងក្លាយរាប់រយតោនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ