សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​វិធានការ​ផាក​ពិន័យ​ចំពោះ​អ្នក​ចោល​សំរាម​ផ្ដេសផ្ដាស​

ស្ត្រី២នាក់កំពុងយកសំរាមចោលក្នុងធុង ខណៈអ្នកពាក់ព័ន្ធអំពាវនាវឲ្យជួយថែរក្សាបរិស្ថានក្នុងថ្ងៃបុណ្យអុំទូកនេះ

សាលារាជធានីភ្នំពេញអះអាងថា កំពុងពិនិត្យ និងរៀបចំវិធានការថ្មីដើម្បីផាកពិន័យអ្នកបោះសំរាមចោលផ្ដេសផ្ដាសគ្មានសណ្ដាប់ធ្នាប់ ដែលការព្រមាននេះ គឺបន្ទាប់ពីក្រុមយុវជនបានចុះទៅកាយសំរាមដែលអណ្ដែតព្រោងព្រាតនៅលើប្រឡាយលូតំបន់បឹងត្របែក។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី​ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការចាំបាច់នានាទាក់ទងនឹងបញ្ហាសំរាមនេះ ដូចជា ការចុះទៅប្រមូល និងកាយសំរាមជាទៀតទាត់ ការផ្សព្វផ្សាយ និងអប់រំឲ្យពលរដ្ឋបានយល់ដឹងជាដើម។

លោកបន្ថែមថា អាជ្ញាធរក៏កំពុងពិនិត្យលើវិធានការផាកពិន័យចំពោះអ្នកបន្ដចោលសំរាមពាសវាលពាសកាល មិនថា នៅតំបន់លូប្រឡាយបឹងត្របែក ឬនៅតំបន់ផ្សេងទៀតនោះទេ។ ប៉ុន្ដែ លោកមិនទាន់អាចបញ្ជាក់បានទេថាតើការផាកពិន័យនឹងចាប់ផ្ដើមនៅពេលណា និងកម្រិតនៃការផាកពិន័យធ្ងន់ធ្ងរប៉ុណ្ណា។

លោកបន្ដថា៖ «យើងនឹងធ្វើការអនុវត្តការផាកពិន័យសម្រាប់បងប្អូនដែលនៅតែបន្ដធ្វេសប្រហែសមិនយកចិត្តទុកដាក់ក្នុងការគ្រវែងថង់ គ្រវែងដប គ្រវែងសំរាមទៅទីធ្លាសារណៈ ឬប្រឡាយលូហ្នឹងដែរ កិច្ចការទាំងអស់នេះយើងកំពុងធ្វើសស្រាក់សស្រាំ»។ 

កាលពីជាង ១០ថ្ងៃមុន គេសង្កេតឃើញក្រុមយុវជនបានចុះទៅកាយ និងស្រង់យកសំរាមដែលអណ្ដែតឡើងព្រោងព្រាតធ្វើឲ្យស្ទះប្រឡាយលូនៅតំបន់បឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវជនម្នាក់ដែលបានចូលរួមកាយសំរាមចេញពីប្រឡាយលូតំបន់បឹងត្របែកនេះ លោក ដារ៉ា វីត ប្រាប់ថា លោកបានស្ម័គ្រចូលរួមកាយសំរាមនេះ ដោយសារឃើញសំរាមច្រើនធ្វើឲ្យកកស្ទះប្រឡាយលូតំបន់នេះ និងមានក្លិនស្អុយភាយចេញមក។

លោកបន្ដថា៖ «បើនិយាយពីមូលហេតុអ្នកទាំងអស់គ្នាសុទ្ធតែហើយថា វាស្អុយវាគគ្រិច យើងទៅទើសភ្នែក ទើសអី សុទ្ធតែរឿងអញ្ចឹង អត់មានរឿងអីធ្ងន់ធ្ងរទេ»។ 

អភិបាលខណ្ឌចំការមន លោក ព្រំ សំខាន់ អរគុណដល់ក្រុមយុវជន ដែលបានធ្វើសកម្មភាពចុះស្រង់យកសំរាមចេញពីប្រឡាយលូតំបន់បឹងត្របែកនេះ ដោយលោកថា វាបានជួយដល់ពលរដ្ឋផ្សេងទៀតបញ្ឈប់នូវការចោលសំរាមផ្ដេសផ្ដាស។

លោកបន្ដថា៖ «សំរាមនេះនៅលើទឹកដីរបស់ខ្ញុំបាទ ប៉ុន្ដែ ក្មេងៗដែលវាទៅយកនេះ គឺជាស្មារតីភ្ញាក់រលឹករបស់គាត់ ឲ្យអាជ្ញាធរយើងទៅឃាត់ ក៏ឃាត់មិនកើតពីព្រោះយុវជនយើងស្ម័គ្រចិត្ត»។   

សកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិ អ្នកនាង គីម ស័រ យល់ថា បញ្ហាសំរាមនេះកើតចេញពីពលរដ្ឋខ្លួន​ឯងដែលខ្វះការយល់ដឹង និងមិនខ្វល់ពីបរិស្ថាន។ ប៉ុន្ដែ អ្នកនាងក៏រិះគន់ផងដែរលើចំណាត់ការរបស់អាជ្ញាធរ និងក្រុមហ៊ុនកាយសំរាម ដែលបណ្ដែតបណ្ដោយឲ្យបញ្ហាសំរាមចោទឡើងបែបនេះ។

កញ្ញាបន្ដថា៖ «អាជ្ញាធរធ្លាប់កាយសំរាមហ្នឹងដែរ ប៉ុន្ដែកាយនៅតែមកៗ មិនមែនថា អាជ្ញាធរគាត់អត់ធ្វើទេ។ ប៉ុន្ដែ ក្នុងហ្នឹងក៏វាបូករួមផ្សំគ្នា គាត់អត់មានយុទ្ធសាស្ដ្រក្នុងការទុកដាក់សំរាមអាជ្ញាធរហ្នឹង។ ហើយមួយទៀត ប្រជាជនយើងគាត់អត់យល់ដឹងពីការបោះចោលសំរាមវាគួបផ្សំគ្នា វាធ្វើឲ្យសំរាមហ្នឹងនៅពេញតែក្នុងលូហ្នឹង វាអត់ណាទេ»។

កាលពីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរបរិស្ថានរាជធានីភ្នំពេញបានព្រមានផាកពិន័យប្រាក់ចំនួនពី២ម៉ឺន ទៅ២០ម៉ឺនរៀល ចំពោះអ្នកដែលចោលសំរាមពាសវាលពាសកាលធ្វើឲ្យខូចសោភ័ណភាពទីក្រុង នៅអំឡុងថ្ងៃបុណ្យអ៊ុំទូកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ