ភរិយា​លោក​ រ៉ាត់​ រត្នមុនី​ ថា​អ្នក​ចូលរួម​តវ៉ា​ជួយ​ប្តី​អ្នកស្រី​រង​ការ​គំរាម​កំហែង​

ភរិយាលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង ផ្ដល់កិច្ចសម្ភាសន៍នៅពេលធ្វើការតវ៉ាឲ្យរុស្ស៊ីជួយអន្តរាគមន៍លើរឿងរបស់លោក រ៉ាត់ រត្នមុនី នៅមុខស្ថានទូរុស្ស៊ី។ រូបភាព៖ ហ៊ី ឆាយ /ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកអ្នកបកប្រែឲ្យសារព័ត៌មានរុស្ស៊ី RT  អះអាងថា អ្នកដែលទៅចូលរួមតវ៉ាជាមួយអ្នកស្រីនៅមុខស្ថានទូតរុស្ស៊ីត្រូវបានគេគំរាមកំហែង។

ថ្លែង​ប្រាប់​ VOD តាម​ទូរស័ព្ទ​នៅ​​ថ្ងៃ​ទី​១៣ ខែមីនា ​នេះ​ អ្នក​ស្រី ឡុង គឹមហ៊ាង អះអាងថា អ្នកដែលទៅចូលរួមតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាមួយអ្នកស្រីជារៀងរាល់សប្ដាហ៍ គឺឈប់ទៅអស់ហើយ ក្រោយពីមានគេគំរាមកំហែងជាបន្តបន្ទាប់។

អ្នកស្រីថា៖ «គេគំរាមកំហែងតាមទូរសព្ទប្រាប់ថា កុំឲ្យមកចូលរួម កុំឲ្យមកជួយប្រយ័ត្នមានបញ្ហាដល់ខ្លួន​ឯង ប្រយ័ត្នជាប់គុក ប្រយ័ត្នងាប់ អញ្ចឹងទៅ គ្រប់រូបទាំងអស់ហ្នឹង ហើយដល់ពេលអញ្ចឹងទៅ អ្នកទាំងអស់ហ្នឹង អត់បានមកចូលរួមជាមួយខ្ញុំទេ ថ្ងៃសកម្មភាពហ្នឹង។ អញ្ចឹងសម្រាប់​ទាំងអស់ហ្នឹង រូបភាពបែបហ្នឹងឯងដែលធ្វើឲ្យអ្នកគាំទ្រអត់បានមកចូលរួមជាមួយខ្ញុំ។ ខ្ញុំមិនដឹងថា អ្នកណានៅពីក្រោយទេ គ្រាន់តែឃើញរូបភាពបែបហ្នឹងធ្វើឲ្យអ្នកចូលរួមអត់អាចមកបាន»។

អ្នកស្រី គឹមហ៊ាង យល់ថា​ ការគំរាមកំហែងអ្នកគាំទ្រមិនឲ្យចូលរួមតវ៉ានេះ គឺចង់ឲ្យអ្នកស្រីបោះបង់ការតស៊ូមតិ ដើម្បីទាមទារឲ្យមានការដោះលែងប្ដីរបស់គាត់។ អ្នកស្រីបន្តថា ទោះបីជាអ្នកគាំទ្រមិនបានទៅចូលរួមជាមួយក៏ដោយ ក៏អ្នកស្រីនឹងមិនបោះបង់ការតស៊ូមតិ ដើម្បីស្វែងរកយុត្តិធម៌ឲ្យប្ដីដែរ។

លោក ​រ៉ាត់ រត្ន​មុនី ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រូវ​បាន​​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​នឹង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោយលោកចូលរួម​ផលិត​​ខ្សែ​ភាពយន្ត​ឯកសារ​របស់​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី ​RT រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។​ លោក ត្រូវបាន​ចោទ​ប្រកាន់​ក្រោម​បទ​​ថា ញុះញង់​ឲ្យ​មានការ​រើស​អើង តាម​មាត្រា​៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប្រទេស​ថៃ​ចាប់​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ។

បន្ទាប់​ពី​ឃុំ​ខ្លួនលោក រត្នមុនី ​ភរិយា​របស់​លោក​តែងតែ​​តវ៉ា​ជា​បន្តបន្ទាប់​ ដោយ​ថា​ ការ​ឃុំ​ខ្លួន​ប្ដី​របស់​អ្នក​ស្រី​ គឺ​អយុត្តិធម៌​បំផុត​សម្រាប់​ការ​រាយការណ៍​ពី​រឿង​ពិត​ក្នុង​សង្គម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ