​លោក ​​ស​​​ ​ខេង​ ព្រមាន​មន្រ្តី​កុំ​ឱ្យ​ចិញ្ចឹម​បញ្ហា​ដើម្បី​ទទួល​បាន​ផល​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ថ្លែងក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ ដែលបង្ក្រាបរឹបអូសពីជនល្មើសដែលចរាចរ ស្តុកទុក ផលិត និងចែកចាយនាពេលកន្លងមក ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​(គ.ប.ផ.ក)​ នាថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ

រដ្ឋមន្ត្រីក្រសួ​ងមហា​ផ្ទៃ លោ​ក ​ស ខេង បានព្រមានម​ន្ត្រីក្រោមឱវាទកុំឲ្យមានការឃុបឃិតគ្នាជាមួយអ្នកប្រព្រឹត្តបទល្មើស ដើម្បីធានាសុខមាលភាពជូនពលរដ្ឋ និងប្រទេសជាតិ។

ក្នុងពិធីដុតបំផ្លាញផលិតផលក្លែងក្លាយដែលធ្វើឡើងក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ស ខេង ថ្លែងថា បញ្ហាផលិតផលក្លែងក្លាយ និងបទល្មើសគ្រឿងញៀន គឺបង្រ្កាបមិនចេះអស់ ដោយលោកថា ការបង្ក្រាបនោះធ្វើបានចំពោះតែអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្តតូចតាចប៉ុណ្ណោះ។

លោក ស ខេង ព្រមានមន្រ្តីពាក់ព័ន្ធរបស់ខ្លួនកុំឲ្យចិញ្ចឹមបញ្ហាដើម្បីទទួលបានផលប្រយោជន៍ ដោយលោកជំរុញឲ្យធ្វើការបង្ក្រាបឲ្យបានប្រសិទ្ធិភាព។

លោកបន្ថែមថា៖ «សុំស្នើថា ទី១ យើងត្រូវបន្តធ្វើការងារនេះ ឥលូវនេះមានយន្តការអីច្បាស់លាស់ណាស់ មានការចូលរួមពីក្រសួង ស្ថាប័ននានា ដូច្នេះត្រូវធ្វើ ហើយកុំមានទស្សនៈចិញ្ចឹមបញ្ហា ព្រោះតែអស់បញ្ហាហ្នឹងអស់ការងារធ្វើហើយ បើយើងត្រូវចិញ្ចឹម បញ្ហាហ្នឹងឲ្យវានៅយូរបន្តិចទៅឲ្យមានការងារធ្វើ បើមានទស្សនៈអញ្ចឹងរលាយហ្មង។ នេះដែលខ្ញុំកត់សម្គាល់ ហើយខ្ញុំចង់ បញ្ជាក់ថា យើងត្រូវបន្តធ្វើ ហើយធ្វើដោយទទួលខុសត្រូវ ហើយតម្លាភាព»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បានសាទរចំពោះប្រសាសន៍លោក ស ខេង ដោយថា កន្លងមកមានការសង្ស័យទៅលើមន្ត្រីអនុវត្តច្បាប់ជាច្រើនដែលជាប់ពាក់ព័ន្ធការនៅពីក្រោយបទល្មើសផលិតផលក្លែងក្លាយ និងបទល្មើសគ្រឿងញៀន។

លោកបន្ថែមថា៖ «ការបង្រ្កាប គឺជាវិធានការមួយដែលចាំបាច់ត្រូវតែពិនិត្យមើលលើឬសគល់នៃបញ្ហា ហើយត្រូវតែផ្តាច់ឬសគល់នៃបញ្ហានោះចោល ទើបមានប្រសិទ្ឋភាពនៃការអនុវត្តច្បាប់ ព្រោះយើងក៏មានការសង្ស័យបញ្ហាទំនាស់ផលប្រយោជន៍អ្នករកស៊ី អ្នកខុសច្បាប់រវាងអ្នកចុះអនុវត្តច្បាប់ហ្នឹងតែម្តង។ ថ្មីៗនេះយើងឃើញករណីមួយ ពេលដែលសមត្ថកិច្ចចុះបង្ក្រាបនោះ ឃើញមានវត្តមានទាហានស័ក្កិបីម្នាក់លេចមុខនៅកន្លែង​ដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ដែរ។ អញ្ចឹងសួរថា នេះជាឬសគល់នៃបញ្ហា ហើយថាវិធានការត្រូវបង្រ្កាបនោះត្រូវធ្វើយ៉ាងដូចម្តេច!»

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP-Center) លោក យង់ គិមអេង មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលបង្ក្រាប និងទប់ស្កាត់បទល្មើសផលិតផលក្លែងក្លាយ រួមទាំងបញ្ហាគ្រឿងញៀនមិនមានប្រសិទ្ធភាពទេ នឹងធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកបន្ថែមថា៖ «កាលណាមនុស្សឈឺទៅពេទ្យ រដ្ឋត្រូវអស់លុយចំណាយព្យាបាល ហើយគ្រួសារពលរដ្ឋក៏ត្រូវអស់លុយអស់កាក់ ដើម្បីចំណាយលើការព្យាបាលដែរ នេះជារឿងមួយសំខាន់ រដ្ឋក៏ខាតបង់ ប្រជាពលរដ្ឋក៏ខាតបង់។ យើងឃើញហើយកន្លងមកប៉ះពាល់ដល់ក្រលៀន កើតមហារីក និងជំងឺផ្សេងៗហូរហែរ ជាផលប៉ះពាល់ធំមួយដែលយើងមានការបារម្ភ។ អញ្ចឹង ប្រសិនជាមានការបង្ក្រាប គឺអាចកាត់បន្ថយផលប៉ះពាល់ទាំងអស់ហ្នឹងបាន។ ហើយជាការបង្ហាញឆន្ទៈពិតប្រាកដរបស់រដ្ឋក្នុងការទទួលខុសត្រូវចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ»

បើតាមលោក ស ខេង យុទ្ធនាការបង្ក្រាបគ្រឿងញៀនជិត២ឆ្នាំមកនេះ សមត្ថកិច្ចរឹបអូសបា​នគ្រឿងញៀ​នជិត៥០០គីឡូក្រាម ខណៈសមត្ថកិច្ចមិនបានបង្ហាញចំនួនឧក្រិដ្ឋជនគ្រឿងញៀ​នប៉ុន្មាននាក់ត្រូវ​នាំខ្លួន​មក​ផ្ត​ន្ទាទោសនោះទេ។

ចំណែកឯរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ កាលពីឆ្នាំ២០១៧ ស្ថាប័ននេះ​បានរឹបអូសផលិតផលក្លែងក្លាយ រួមនឹងគ្រឿងទេសក្លែងក្លាយ​ខុស​ច្បាប់​​ចំនួន​ប្រមាណ​៦០០តោន។ ក្រោយមក​នៅក្នុងឆ្នាំ២០១៨ សមត្ថកិច្ចបានរឹបអូសទំនិញក្លែងក្លាយ ហើយដុតបំផ្លាញចោលជាបន្តបន្ទាប់ដែលមានជាង២០០តោន ខណៈនៅដើម២០១៩នេះ សមត្ថកិច្ចក៏បានចុះបង្រ្កាបបានទំនិញក្លែងក្លាយរាប់រយតោនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ