ហេតុ​អ្វី​​បាន​​ជា​​កម្ពុជា​​ត្រូវ​​កែ​​លម្អ​​​ទំនាក់​ទំនង​​​ជាមួយ​​សហភាព​​អឺរ៉ុប​​?

រូបភាពចាប់ដៃគ្នាមនុស្សពីរនាក់។ រូបភាព៖ បណ្ដាញសង្គម

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​សប្ដាហ៍​​នេះ តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ពិភាក្សា​ជា​លើក​ចុង​ក្រោយ​ជាមួយ​មេដឹកនាំ​កម្ពុជា មុន​នឹង​លោក​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​នេះ ក្រោយ​ការ​បំពេញ​បេសកកម្ម​ការងារ​ចប់​អាណត្តិ​របស់​លោក​នោះ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ថា អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប លោក George Edgar បាន​ជួប​ជជែក​ និង​ជម្រាប​លា​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ ក្រសួង​មិន​បាន​បង្ហាញ​ទេ​ថា តើ​បញ្ហា​អ្វី​ខ្លះ​ត្រូវ​បាន​លើក​យក​មក​ជជែក​នៅ​ក្នុង​ជំនួប​ចុង​ក្រោយ​នោះ។

ក្រៅ​ពី​ជំនួប​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា លោក Edgar ក៏​បាន​ជួប​ពិភាក្សា​រួច​មក​ហើយ​ជាមួយ​បណ្ដា​មេដឹកនាំ​រដ្ឋាភិបាល​ដទៃ​ទៀត ដូចជា ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​កសិកម្ម លោក វេង សាខុន កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ និង​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ផង​ដែរ។

អគ្គ​រដ្ឋ​ទូត​អឺរ៉ុប​ដើម​កំណើត​ចក្រភព​អង់គ្លេស​រូប​នេះ នឹង​ត្រូវ​ផុត​អាណត្តិ​នៅ​ឆ្នាំ​២០១៩​នេះ​ហើយ បន្ទាប់​ពី​លោក​បាន​ចូល​កាន់​តំណែង​នេះ​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥​មក។

ថ្វី​បើ​​មន្ត្រី​ការទូត​អឺរ៉ុប​រូប​នេះ បាន​បញ្ចប់​បេសកកម្ម​របស់​លោក​ទៅ​តាមអាណត្តិ​ពេញ​លេញ​ក៏​ដោយ ក៏ប៉ុន្តែ ទំនាក់​ទំនង​កម្ពុជា-អឺរ៉ុប បាន​រសាត់​អណ្តែត​ប៉ែល​ប៉ោល​នៅ​ក្នុង​អំឡុង​ពេល​លោក​បំពេញ​តួនាទី​ប្រចាំ​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ហូត​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ក៏ដូច​អង្ករ​នាំ​ចូល​ពី​ភូមា​ផង​ដែរ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​កន្លង​មក​នេះ ហើយ​វិធានការ​ថ្មី​បំផុត​របស់​អឺរ៉ុប​មក​លើ​កម្ពុជា​នោះ គឺ​ការ​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ដែល​អាច​នាំ​ទៅ​ដល់​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ [EBA]» ពី​ប្រទេស​កម្ពុជា។

វិធានការ​ទាំង​ពីរ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ទំនាក់​ទំនង​ប៉ែល​ប៉ោល​​រវាង​សហភាព​អឺរ៉ុប​ដែល​សមាជិក ២៨​ប្រទេស និង​ប្រទេស​កម្ពុជានា​ពេល​យ៉ាង​តិច ២​ឆ្នាំ​ចុង​ក្រោយ​មក​នេះ បើទោះបី​ជា​ទំនាក់​ទំនង​មួយ​នេះ មិន​ធ្ងន់​ធ្ងរ​ដល់​កម្រិត​កាត់​ផ្ដាច់​ចំណង​ការទូត​ទាំង​ស្រុង​ក៏​ដោយ។

បើទោះបី​ជា​ទំនាក់​ទំនង​នេះ​បាន​ដើរ​ដល់​ចំណុច​ប៉ែល​ប៉ោល​ខ្លះៗ​ដ៏​ដោយ ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​របស់​លោក​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​​ថា កម្ពុជា​មិន​យក​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ណា​មួយ​ជា​សត្រូវ​នោះ​ឡើយ ហើយ​លោក​ថា សហភាព​អឺរ៉ុប​នៅ​តែ​ជា​មិត្ត ជា​ដៃ​គូ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ល្អ​ជាមួយ​កម្ពុជា​ដដែល។

បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​របស់​លោក​បែប​នេះ វា​ក៏​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ជា​ថ្មី​ម្ដង​ទៀត​ថា តើ​ហេតុអ្វី​បាន​ជា​កម្ពុជា​ត្រូវ​ថែ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប?

ការ​រក្សា​បាន​នូវ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប នឹង​ជួយ​ផ្ដល់​ផល​ប្រយោជន៍​​ដ៏​ធំ​ធេង​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា។ ផល​ប្រយោជន៍​នោះ អាច​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ផល​ចំណេញ​លើ​វិស័យ​ផ្សេងៗ ប៉ុន្តែ ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ប្រទេស​លោក​សេរី​​តំបន់​នេះ គឺ​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន។

កម្ពុជា​​​ទទួល​បាន​ផល​ចំណេញ​​ធំ​ធេង​នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហគមន៍​អឺរ៉ុប ដែល​មានសមាជិក​ចំនួន ២៨​ប្រទេស​​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA)។

តួលេខ​របស់​គណៈកម្មការ​អឺរ៉ុប បាន​បង្ហាញ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ បាន​កើន​ឡើង​ដល់​ទៅ​ជាង ៩០០​ភាគរយ នៅ​ក្នុង​រយៈ​ពេល ១៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ពោល​គឺ​បាន​កើន​ឡើង​ពី​ចំនួន​​ប្រហែល ៥០០​លាន​ដុល្លារ​ (៤៩៩,៥៤៤,៦៦២​ដុល្លារ​) នៅ​ក្នុង​ឆ្នាំ​២០០៣ មក​ដល់​ចំនួន​ជាង ៥​ពាន់​លាន​ដុល្លារ (៥,០០៩,៦១២,៥៨១​ដុល្លារ) នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ។

តួលេខ​ដដែល​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា កម្ពុជាទទួល​បាន​ផល​ចំណេញ​យ៉ាង​ហោច​ណាស់ ៥​ដង​ ខណៈ​អឺរ៉ុប​ទទួល​បាន​ផល​ចំណេញ​មិន​ដល់​ ១​ដង​ផង នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​​​សរុប​ដល់​ទៅ​ជិត ៦​ពាន់​លាន​ដុល្លារ​​អាមេរិក​នេះ​(៥,៨៦០,២៨១,០៦៩​ដុល្លារ)។

តួលេខ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អឺរ៉ុប​ឆ្នាំ​២០១៨​កន្លង​មក​នេះ ​បាន​បង្ហាញ​ថា រដ្ឋ​សមាជិក​សហភាព​អឺរ៉ុបចំនួន ៥​ដែល​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ មាន​អាល្លឺម៉ង់​ ចក្រ​ភព​អង់គ្លេស អេស្ប៉ាញ់ ហូឡង់ និង​ប៊ែលហ្ស៊ិក ដែល​ប្រទេស​ទាំង ៥​នេះ បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ ៣.៦៦៩​លាន​ដុល្លារ​រួច​ទៅ​ហើយ។

​តួលេខ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​ធំ​លំដាប់​ទី១ ខណៈ​ដែល​ប្រទេស​មហា​អំណាច​លោក​សេរី​ដទៃ​ទៀត ដូចជា សហរដ្ឋ​អាមេរិក កាណាដា និង​ជប៉ុន ក៏​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា​ផង​ដែរ ដែល​ផ្ដល់​ផល​ចំណេញ​វិជ្ជមាន​លើស​លប់​នៅ​ក្នុង​ទំនាក់​ទំនង​​ពាណិជ្ជកម្មទៅ​វិញ​ទៅមក។

តួលេខ​ទាំង​នេះ បង្ហាញ​ផង​ដែរ​ថា មិន​ថា​ទីផ្សារ​មួយ​ណា​ទេ ភាគ​ច្រើន​នៃទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ គឺ​​ជា​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មករ-កម្មការិនី​​កម្ពុជា​មាន​ចំនួន​ប្រហែល ៨០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

បើ​ទោះបី​ជា​ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​សម្រាប់​កម្ពុជា​ក្ដី ប៉ុន្តែ ទិន្នន័យ​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​តែ​ជាង ៦០៩​លាន​ដុល្លារ​ប៉ុណ្ណោះ​ចូល​ទៅ​ទីផ្សារ​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ ខណៈ​ដែល​ចិន​វិញ​បាន​នាំ​ចូល​ទំនិញ​មក​កម្ពុជា​មានតម្លៃ​ដល់​ទៅ​ជាង ៤,៥៥០​លាន​ដុល្លារ​ឯណោះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ឱនភាព​ពាណិជ្ជកម្ម​ដល់​ទៅ​ជាង ៣,៩៤១​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

តួលេខ​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា តើ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប មាន​សារៈ​សំខាន់​ប៉ុណ្ណា​សម្រាប់​កម្ពុជា​ទាំង​នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ទាំងបណ្ដា​ឆ្នាំ​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត។

ជា​រួម វា​ចាំបាច់​ណាស់​ដែល​ថា កម្ពុជា​ត្រូវ​តែ​កែលម្អ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​សហភាព​​អឺរ៉ុប ព្រម​ទាំង​បណ្ដា​ប្រទេស​លោក​សេរី​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដទៃ​ទៀត ដូចជា សហរដ្ឋ​អាមេរិក កាណាដា និង​ជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ