មន្ត្រី​​សិទ្ធិ​​មនុស្ស​​ជំរុញ​តុលាការ​ឲ្យ​បង្ហាញ​ពី​តម្លាភាព​​ជុំ​វិញ​​ការ​​បាត់​ខ្លួន​ពលរដ្ឋ​​មាន​​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ព្រះវិហារ​

លោក ស៊ុំ ម៉ឺន ដែលត្រូវតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

សមាគមការពារសិទ្ធិមនុស្សមួយ បានជំរុញទៅព្រះរាជអាជ្ញារខេត្តព្រះវិហារ ឲ្យកោះហៅ​បុគ្គល​ដែល​តុលាការ​ខេត្ត​នេះ​ចោទ​ថា បាន​ផ្ដល់​យោបល់​ឲ្យ​ពលរដ្ឋ​ម្នាក់​រត់​គេច​ខ្លួន ហើយ​ទម្លាក់​កំហុស​ទៅ​លើ​អាជ្ញាធរ​ខេត្ត​នេះ យក​មក​សាក​សួរ។

លោក ស៊ុំ ម៉ឺន ជា​ពលរដ្ឋ​ម្នាក់​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព ស្ថិត​ក្នុង​ឃុំ​យា ស្រុក​ជាំក្សាន្ត​នោះ ត្រូវ​បាន​សាច់​ញាតិ​ក្រុម​គ្រួសារ​អះ​អាង​ថា កំពុង​បាត់​ខ្លួន​ចាប់​ពី​លោក​ត្រូវ​បាន​​ក្រុម​ទាហាន​នៅ​កង​ពល​តូច​លេខ ៦ ចាប់​ខ្លួន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ ១៤​នាក់​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា​កន្លង​មក។

កាលពីថ្ងៃទី៦ ខែមីនា​​កន្លង​មក​នេះ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ អះ​អាង​ថា ពលរដ្ឋម្នាក់​នោះ បាន​រត់​គេច​ខ្លួន និង​សម្ងំ​លាក់​ខ្លួន​ទៅ​តាម​ការ​ណែនាំ​ពី​បុគ្គល​ណា​ម្នាក់ ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​អាជ្ញាធរ ហើយ​លោក​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់ទៅលើបុគ្គល​ដែល​លោក​ហៅ​ថា ជា​អ្នកបានផ្តល់យោបល់ឲ្យពលរដ្ឋម្នាក់រត់គេចខ្លួននោះដែរ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បាន​ជំរុញ​ទៅ​ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​នេះ កោះ​ហៅ​យក​មក​សាក​សួរ​នូវ​បុគ្គល​ដែល​តុលាការ​ចោទ​ថា បាន​ណែនាំ និង​ផ្ដល់​យោបល់​ឲ្យ​អ្នក​ភូមិ​សម្ងំ​លាក់​ខ្លួន ប្រសិនបើព្រះរាជអាជ្ញារធ្វើការស៊ើបអង្កេត រកឃើញថា ពិតជាមានអ្នកផ្ដល់យោបល់ឲ្យមែន​នោះ។

លោក ឡោ ចាន់ មាន​ប្រសាសន៍ថា៖ «អញ្ចឹង បានខ្ញុំជំរុញឲ្យមានការចេញដីកានាំ ឬចេញដីកាកោះណាមួយជនសង្ស័យនៅពីក្រោយខ្នងរឿងហ្នឹងវិញ វាស្រួលជាង ដើម្បីយើងស្វែងរកការពិតទាំងអស់គ្នា»

ភរិយារបស់លោក ស៊ុំ ម៉ឺន គឺអ្នកស្រី ភូ ភឹមម៉ៅ លើកឡើងថា បើសិនព្រះរាជអាជ្ញារបានដឹងថាស្វាមីរបស់គាត់នៅរស់ ហើយកំពុងលាក់ខ្លួន ដោយសារ​មានអ្នកផ្ដល់យោបល់មែននោះ អ្នកស្រីស្នើទៅព្រះរាជអាជ្ញារកោះហៅជននោះមកសួរ។

អ្នកស្រី ភូ ភឹកម៉ៅ ប្រាប់​ថា៖ «បើគាត់ដឹងហើយ ឲ្យគាត់ហៅមក ព្រោះខ្ញុំចង់ជួបមុខ។ បើថា ឲ្យប្ដីខ្ញុំលាក់ខ្លួន ខ្ញុំដូចជាមិនជឿសោះ មិនដែលអ្នកណាសុខចិត្តឲ្យ ស៊ុំ ម៉ឺន លាក់ខ្លួនហ្នឹង ខ្ញុំដូចអត់ជឿសោះ។ បើសិនសមត្ថកិច្ចដឹងអ្នកនៅពីក្រោយហើយ ហៅមកជួបខ្ញុំផង ហេតុអ្វីបានគាត់លាក់ប្ដីខ្ញុំ អត់ឲ្យខ្ញុំជួបប្ដីខ្ញុំហ្នឹង»

អ្នកស្រី ភឹមម៉ៅ បាន​អះអាង​ជា​ថ្មី​ទៀត​ថា អ្នកស្រី​នៅ​តែ​ពុំ​បាន​ដឹង​ថា ស្វាមី​របស់​គាត់​ស្ថិត​នៅ​កន្លែង​ណា​ ហើយ​ស្លាប់ ឬ​ក៏​នៅ​រស់​នោះ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ។

ព្រះរាជអាជ្ញារង​សាលាដំបូងខេត្ត​ព្រះវិហារ លោក ទី សុវិថាល់ បាន​បដិសេធ​ថា តុលាការ​នៅ​មិន​ទាន់​ដឹង​ថា នរណា​ជា​អ្នក​ផ្ដល់​យោបល់​ឲ្យ​លោក ស៊ុំ ម៉ឺន រត់​គេច​ខ្លួន​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​ថា តុលាការ​អាច​ដឹង​បាន ទាល់​តែ​លោក ស៊ុំ ម៉ឺន ចូល​មក​បំភ្លឺ​នៅ​សវនាការ​សិន។

លោក ទី សុវិថាល់ ប្រាប់ថា៖ «អ្នកនៅពីក្រោយមិនទាន់រកឃើញណា។ នៅពេល [ស៊ុំ ម៉ឺន ] ចូលមកឆ្លើយ ហើយស្រាវជ្រាវទៅគង់តែឃើញទេ។ នៅលើ​លោកនេះ គ្មានអ្វីដែលអាចលាក់បាំងជារៀងរហូតទេ មុននឹងក្រោយគង់តែឃើញទេ»

ការ​បាត់​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ព្រះវិហារ​នេះ ក៏​ជំរុញ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា តាម​ដាន និង​ស្វែង​រក​ការពិត​ផង​ដែរ។

មន្ត្រី​ព័ត៌មាន និង​ទំនាក់​ទំនង​នៃ​​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា (OHCHR) លោក Mahmoud Garga បាន​ប្រាប់ ​វីអូឌី នៅ​ថ្ងៃ​នេះ​ថា ស្ថាប័ន​អង្គការ​មួយ​នេះ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ហើយ ប៉ុន្តែ លោក​ថា កំពុង​បន្ត​តាម​ដាន​ករណី​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ទៀត។

លោក Mahmoud Garga រៀបរាប់​ក្នុង​សារ​អេឡិចត្រូនិច​ថា​៖ « OHCHR បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​ករណី​នេះ​ហើយ ហើយ​កំពុង​តែ​បន្ត​តាម​ដាន​ជាមួយ​រដ្ឋាភិបាល»

​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​​ថា ស្ថាប័ន​ពិភព​លោក​មួយ​នេះ កំពុង​តែ​ស៊ើប​អង្កេត​លើជុំវិញករណី​បាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​នៅ​ឯ​ខេត្ត​ព្រះវិហារដែរ ក្រោយ​ពី​ពលរដ្ឋ​ម្នាក់​នោះត្រូវ​បាន​ក្រុម​ទាហាន​ចាប់​ខ្លួន ដោយថា ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស UN បាន​ចុះ​ទៅ​ជួប​ភាគី​ពាក់​ព័ន្ធដើម្បីស្វែងរកការពិត។

អ្នក​ភូមិ​ជាង ២០០​នាក់ ដែល​មាន​ជម្លោះ​ដី​ធ្លី​​ទំហំ​ជាង ៨៥០០​ហិកតា​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​នោះ បាននាំគ្នាមក​ស្វែង​រក​​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ម្ដង​រួច​មក​ហើយ​កាល​ពីថ្ងៃទី៣១ ខែមករា​កន្លង​មក ដើម្បីស្នើ​ឲ្យ​ដោះលែងពលរដ្ឋ ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ