​លោក​​ ហ៊ុ​ន ​សែន​​​ រំ​ឭក​​​ឲ្យ​​ពង្រឹង​​ប្រសិ​ទ្ធិភា​ព​ទ​ប់​ស្កាត់​​​បទ​លើ្មស​ធ​ន​ធាន​​ធម្ម​ជាតិ​​

បទល្មើសព្រៃឈើ (ប្រភព៖ EIA)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭកជាថ្មីទៀតទៅគណៈកម្មកាជាតិដើម្បី​ទប់ស្កាត់ និងបង្ក្រាប​ទល្មើ​ស​ធ​ន​​ធានធម្មជាតិ ឲ្យ​ពង្រឹង​ប្រសិទ្ធិ​ភាពនៃការងាររបស់ខ្លួន ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា ជាពិសេស​បទល្មើ​សព្រៃ​ឈើ​នាំ​ទៅ​​ក្រៅ​​ប្រទេស។

ការក្រើនរំឭក​របស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​នៅក្រសួងកសិក​ម្មរុក្ខាប្រ​មាញ់ និ​​ង​នេ​សា​ទ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក ហ៊ុន សែន ថ្លែង​ថា៖ «គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម សៅ សុខា សុំ​បន្ត​ពង្រឹង​ការគ្រប់គ្រងធនធានធម្មជាតិ​ ជាពិសេសទប់ស្កាត់ និងលុបបំបា​ត់ការនាំចេញឈើ​និងផលិត​ផល​កែច្នៃ​ឈើ​​គ្រប់ប្រភេទ ទៅក្រៅ​ប្រទេស​តាមច្រកព្រំដែន តាមច្រករបៀង ដែលគ្មានការអនុញ្ញាតិ ឲ្យមាន​ប្រសិទ្ធិ​ភា​ពនិង​តម្លា​ភាព»

អ្នកនាំពាក្យកងរាជអាវុធហ្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា កាលពីខែមករា​ដើមឆ្នាំនេះ គណៈ​កម្មកា​របានបើកកិ​ច្ច​ប្រជុំ​ជាមួយ​អ​ន្តរក្រសួង ដើម្បីដាក់ផែនកា​រចុះពង្រឹងប្រសិទ្ធិភាពនៃកា​រទប់ស្កា​ត់ប​ទល្មើសធនធានធម្មជាតិនេះ រួមទាំងបទល្មើសព្រៃឈើផងដែរ តាម​ការណាំនាំរបស់ប្រ​មុខរដ្ឋា​ភិបា​លក​ន្លងទៅ។

អ្នកនាំពាក្យរូបនេះ អះអាងទៀតថា ក្រោយពីក្រុមការងារចុះអនុវត្តយុទ្ធសាស្ត្រនេះ លោកថា បទល្មើព្រៃឈើ រួមទាំងបទល្មើសផ្សេងទៀត បានថយចុះគួឲ្យកត់សម្គាល់។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី

លោក អេង ហ៊ី មាន​ប្រសាសន៍ថា៖ «ក្រោយពីយើងបង្ក្រាបជាបន្តបន្ទាប់ ដល់ពេលនេះយើងឃើញថា បទល្មើសនៃការកាប់ព្រៃ ការ​ទន្ទ្រាន​ព្រៃ​ផ្សេងៗ​ពាក់ព័ន្ធនឹ​ងរ៉ែអីហ្នឹង! យើងឃើញថា បានថយចុះជាបន្តបន្ទាប់។ បាទ! អាហ្នឹង​ស្ថិតក្នុង​ការស៊ើបអង្កេតរបស់គេ។ គេ​កំ​ពុ​ងតែធ្វើការ បាទ!»

អ្នកសម្របសម្រួលបណ្តាញសហគមន៍ដើម្បីសន្តិភាព ដែលធ្វើការផ្តោតលើធនធានធម្មជាតិ លោក សេង សុខ​ហេង អះអាងថា បទ​ល្មើស​ព្រៃ​ឈើ​មិនថយចុះទេ ដោយថា គ្រាន់តែឧក្រិដ្ឋជ​ន​បានប្តូររូប​ភាព​​ពី​​កា​ប់​ឈើទ្រ​ង់​ទ្រា​យ​ធំ មកដឹកជញ្ជូនតាមគោយន្ត រទេះ ឬតាមម៉ូតូវិញ​តែ​ប៉ុណ្ណោះ។

អ្នកការពារធនធានធម្មជាតិរូបនេះ អះអាងថា ការក្រើនរំឭករបស់មេដឹកនាំពេលនេះ ទំនងជាគ្មាន​ប្រសិទ្ធិភា​ពដូ​ចពេ​ល​មុន​ដែរ បើ​ពួក​ឧក្រិដ្ឋជន​មិន​ត្រូវបានផ្តន្ទាទោសនោះ។

លោក សេង សុខហេង លើកជាឧទាហរណ៍ថា កាលពីជាង៣ឆ្នាំមុន ពោលគឺនៅអំឡុងឆ្នាំ២០១៦ គណៈ​កម្មកា​រ​រប​ស់រដ្ឋាភិបាលមួយនេះ​ បាន​ប្តឹង​ឧក្រិដ្ឋជនព្រៃឈើមួយចំនួនទៅតុលាការ តែថា មកដល់ពេលនេះ ពួកគេ​នៅតែ​មាន​មុខ​កាប់​បំ​ផ្លា​​ញ​ព្រៃ​ឈើ​ដដែល។

លោកថា៖ «មកដល់ពេលនេះ ឧកញ៉ាពីរបីនាក់ដែលគណៈកម្មការជាតិប្តឹងទៅតុលាការនោះ មិនត្រូវបានផ្តន្ទាទោស​តាម​ច្បាប់​ទេ ពួក​គាត់​នោះ​នៅ​តែមានសេរីភាព នៅតែធ្វើសកម្មភាពរក​ស៊ីឈើខុសច្បាប់ដ​ដែល​រហូតមក​ដល់បច្ចុ​ប្បន្ន​នេះ។ អញ្ចឹង យើងឃើញថា ការ​អនុវត្ត​ច្បាប់​នៅ​ស្រុក​ខ្មែរ វាមានភាពខ្សោយជាប្រព័ន្ធទៅហើយ។ អញ្ចឹង​ ការផ្តល់​អា​នុ​សាសន៍របស់នាយករដ្ឋមន្ត្រីជាទូទៅ វាគ្រាន់តែជា​វិធី​សាស្ត្រ​សម្រាប់​មន្ត្រី​ពុ​ក​រលួយមួយចំនួនយ​កទៅច្បា​មយក​ផ​ល​​ប្រយោជន៍​សម្រាប់បុគ្គលខ្លួនឯងតែប៉ុណ្ណោះ»

កាលពីឆ្នាំ២០១៥ រដ្ឋាភិបាល​បានបង្កើតគណៈកម្មការ​ជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលគណៈកម្មការនោះ​ដឹក​នាំ​​ដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា។

ក្រោយការបង្កើតបានប្រមាណជា ៣ខែ គណៈកម្មការ​ជាតិមួយនេះ ​ចាប់​បាន​ឈើ​ខុស​ច្បាប់​​ប្រភេទឈើ​ប្រណិត​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រក​ស៊ី​ចំនួន ៥៧​​ករណី​ទៅ​តុលាការ ប៉ុន្តែ មកទល់ពេលបច្ចុប្បន្ន គ្មា​នឧក្រិដ្ឋជនធំៗណាម្នាក់ត្រូវបានចាប់ខ្លួន និង​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ឡើយ។

ទីភ្នាក់ងារ​អវកាស​ជាតិ​អាមេរិក ​ហៅ​កាត់​ថា NASA បាន​បញ្ចេញ​រូបភាព​កាលពីឆ្នាំ២០១៧ ដែល​បាន​បង្ហាញ​​ថា ព្រៃ​ឈើ​​នៅ​ក្នុ​ងប្រទេស​កម្ពុជាកំពុ​ង​ប្រ​ឈម​នឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ​។

ស្ថាប័ន​មួយ​បញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី ២៩ ទៅ ១០៥ភាគរយ ដោយសារតែរដ្ឋាភិបាលកម្ពុជា បានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគបរទេស ស​ម្រា​​​​ប់វិ​​ស័​​យ​កសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងៗទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ