លោក សម រង្ស៊ី ចោទ​​លោក ហ៊ុន សែន​ ថា​ យកកម្ពុជាធ្វើជាកម្មសទ្ធិផ្ដាច់មុខលក់ឲ្យបរទេស

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី បាន​ចោទ​​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា កំពុងក្ដោបក្ដាប់អំណាចជាលក្ខណៈគ្រួសារ ហើយយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន លក់ទ្រព្យសម្បត្តិជាតិឲ្យទៅប្រទេស។

លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​បែប​នេះ​អំឡុង​ពេល​លោក​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាំមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឯ​ទីក្រុង​ Lowell លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​នេះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនេះ លោក សម រង្ស៊ី ថ្លែងថា លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសផ្ទុយពីការចង់បានរបស់ប្រជាពលរដ្ឋ ដោយបានរៀបចំកូនចៅរបស់ខ្លួនត្រៀមបន្ដវេនដឹកនាំជំនួសលោក ហ៊ុន សែន និងថា សូម្បីមន្ដ្រីក្នុងគណបក្សប្រជាជនកម្ពុជា ក៏ជំទាស់នឹងការដឹកនាំបែបនេះ។

លោក សម រង្ស៊ី ថ្លែងបន្ដថា ដើម្បីរក្សាអំណាច លោក ហ៊ុន សែន បានយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានពុះជ្រៀកប្រទេសជាដុំៗ លក់ឲ្យបរទេស ជាពិសេសជំរុញឲ្យកម្ពុជាធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ខណៈសហគមន៍អន្ដរជាតិព្រមានទណ្ឌកម្មមកលើកម្ពុជាជាបន្ដបន្ទាប់នោះ។

លោក សម រង្ស៊ី ថ្លែងថា៖ «គ្រួសារមួយដែលបំផ្លិចបំផ្លាញជាតិយកប្រទេសកម្ពុជាធ្វើដូចជាទ្រព្យសម្បត្តិរបស់ខ្លួន អត់គិតអំពីការឈឺចាប់របស់ប្រជារាស្ដ្រ នាំប្រទេសជាតិយើងឆ្ពោះទៅមហន្ដរាយដោយសារតែទង្វើអាក្រក់របស់ជនផ្ដាច់ការនោះ គ្រួសារនោះបានជាមានទណ្ឌកម្មអន្ដរជាតិ។ ទណ្ឌកម្មអន្ដរជាតិនេះពេលណាមកដល់ គឺច្បាស់ជាប៉ះពាល់ដល់ជីវភាប្រជារាស្រ្ដ»

លោក សម រង្ស៊ី ថ្លែង​បន្ត​ថា​៖ «ដោយសារក្រុមគ្រួសាររបស់បុគ្គលនោះ ដែលចាត់ទុកប្រទេសកម្ពុជាជាកម្មសិទ្ធិរបស់ខ្លួន ដែលរៀបចំឲ្យមានអ្នកតវេនបន្ដតំណែង ក្ដោបក្ដាប់អំណាចជាលក្ខណៈគ្រួសារ»។

ក្រៅពីថ្លែងបែបនេះ លោក សម រង្ស៊ី ក៏អំពាវនាវជាថ្មីឲ្យកងកម្លាំងប្រដាប់អាវុធ អ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ និងមន្ដ្រីក្នុងជួររដ្ឋាភិបាល ក្រោកឈរឡើងប្រឆាំងរដ្ឋាភិបាល។

លោក សម រង្ស៊ី ក៏ប្រកាសជាថ្មីអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាក្នុងពេលឆាបៗខាងមុខនេះ ដើម្បីទម្លាក់លោក ហ៊ុន​ សែន ចេញពីអំណាច។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស បន្ទាប់​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ជាច្រើន​តាម​ផ្លូវ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្ដឹង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ ក្រោយកម្ពុជារៀបចំការបោះឆ្នោតមួយ ដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ កាលពីខែកក្កដាឆ្នាំមុន។ រដ្ឋាភិបាលមួយនេះក៏ត្រូវបានគេរិះគន់ថា កំពុងងាកទៅរកប្រទេសកុម្មុយនីស្ដចិន និងឆ្ពោះទៅរករបបផ្ដាច់ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ