អាជ្ញាធរ​បំភ្លឺ​ករណី​ឃាត់​ខ្លួន​សន្ដិសុខ​យាម​នៅ​អតីត​ស្នាក់ការ​បក្ស​សង្គ្រោះជាតិ​

សន្តិសុខ​ ៤​រូប ដែលយាម​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវសមត្ថកិច្ចហៅមកសួរនាំ កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុក Niv Chamroeun II

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សន្តិសុខ​ ៤​រូប ដែលយាម​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ​ហើយ​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ក្រោយ​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់ VOD ថា កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៤នាក់ ដែលធ្វើសកម្មភាពទាំងកណ្ដាលយប់​នៅអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ម៉េត មាសភក្ដី បកស្រាយថា មនុស្ស ៤នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​ទៅសួរនាំនេះ បន្ទាប់ពីមន្ដ្រីជំរឿនបានចុះទៅធ្វើជំរឿននៅទីតាំងនេះកាលពីពេលកន្លងមក ប៉ុន្ដែ រកឃើញថា មិនមានអ្នកណាម្នាក់រស់នៅក្នុង​ទីស្នាក់ការគណបក្សសង្គ្រោះជាតិនេះនោះ​ទេ។

លោកបន្ដថា លុះដល់យប់កើតហេតុ កម្លាំងសមត្ថកិច្ចដែលល្បាតនៅពេលយប់ បានពិនិត្យឃើញមនុស្សចំនួន ៤នាក់ បានធ្វើសកម្មភាពនៅអតីតទីស្នាក់ការបក្សសង្គ្រោះជាតិ ហើយពួកគេបានធ្វើសកម្មភាពគួរឲ្យសង្ស័យមួយចំនួន ទើបឈានដល់ការឃាត់ខ្លួនមកសួរនាំ។

លោក ម៉េត មាសភក្ដី បន្ដថា៖ «នៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិហ្នឹង មានការកត់សម្គាល់ឃើញថា នៅពេលយើងជំរឿងហ្នឹង ការមានការបញ្ជាក់ថានៅទីស្នាក់ការនេះអត់មានមនុស្សទេ។ ប៉ុន្ដែក្រោយពេលកម្លាំងយើងនេះហ្នឹង មានការចាប់អារម្មណ៍ថា មានមនុស្សនៅក្នុងហ្នឹង រហូតដល់យើង ចុះដំបូងហ្នឹងសួរនាំទេ ប៉ុន្ដែដោយឃើញមានលោកតផ្លោះរបង លោតអីហាក់ដូចមានភាពមិនប្រក្រតី ទើបយើងធ្វើការសួរនាំបន្ដទៅ រហូតដល់យើងសួរនាំពួកគាត់ទាំង៤នាក់ហ្នឹង»។ 

ប៉ុន្ដែ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី អះអាងថា សមត្ថកិច្ចបានដោះលែងពួកគេវិញនាយប់ថ្ងៃអាទិត្យដដែល ក្រោយសួរនាំពួកគេចប់។

សន្ដិសុខ ៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់មិញ រួមមានឈ្មោះ សូរ តារា ឈ្មោះ ហុង ម៉ៅ ឈ្មោះ អ៊ី អេងហ័ន និងឈ្មោះ ទឹម សាម៉េត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ