ក្រុមមេដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេស បានប្ដេជ្ញាជាថ្មីថា ពួកគេនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ បើទោះបីជាពួកគេប្រឈមមុខនឹងការចាប់ខ្លួនតាមផ្លូវតុលាការក៏ដោយ។
ក្នុងដីកាចំនួន ៨ដាច់ដោយឡែកពីគ្នា ចុះកាលពីថ្ងៃទី១២ ខែមីនា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃម្សិលមិញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានបង្គាប់ឲ្យកងកម្លាំងតាមចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្រោមការចោទពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តកាលពីខែមករាកន្លងទៅ។
ក្រៅពីលោក សម រង្ស៊ី អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៧រូបទៀត ក៏ត្រូវបានតុលាការបង្គាប់ឲ្យចាប់ខ្លួនផងដែរ រួមមាន លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ លោក ឡុង រី លោក អ៊ូ ច័ន្ទឬទ្ធិ និងលោកស្រី មូរ សុខហួរ។
អតីតតំណាងរាស្ត្របក្សប្រឆាំង លោកស្រី មូ សុខហួរ បានហៅស្ថាប័នតុលាការនៅកម្ពុជាថា «តុលាការតេឡេ» និងចាត់ទុកដីកាបង្គាប់ចាប់ខ្លួនថា ធ្វើឡើងតាមខ្សែញាក់របស់បក្សកាន់អំណាចតែប៉ុណ្ណោះ។
ទោះបីជាប្រឈមមុខនឹងការចាប់ខ្លួនតាមផ្លូវតុលាការបែបនេះក្ដី ប៉ុន្តែ លោកស្រី មូរ សុខហួរ បានបង្ហាញការប្ដេជ្ញារបស់អ្នកស្រីនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញថា ក្រុមមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នាពេលខាងមុខ ជាអ្វីដែលអ្នកស្រីថា ដើម្បីស្វែងរកដំណោះស្រាយនយោបាយបច្ចុប្បន្ន។
ទោះជាយ៉ាងណា លោកស្រីមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ថា តើលោក សម រង្ស៊ី នឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលណានោះទេ។
លោកស្រីបន្ដថា៖ «នេះ គឺជាដីកាចេញពីចៅក្រមស៊ើបអង្កេតនៃតុលាការរាជធានីភ្នំពេញ គឺតុលាការតេឡេ យើងអត់ព្រួយបារម្ភរឿងហ្នឹងទេ។ ខ្ញុំមកនិយាយរឿងផ្សេង ខ្ញុំមកជម្រាបបងប្អូនថា គណៈកម្មាធិការអន្ដ្រៃយ៍កំណត់ថ្ងៃខែពិតប្រាកដ យើងខ្ញុំនឹងចាប់ផ្ដើមធ្វើការងារនេះហើយ […] គណបក្សសង្គ្រោះជាតិបានរៀបចំមាតុភូមិនិវត្តន៍លោកប្រធានស្ដីទី សម រង្ស៊ី»។
ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Lowell លើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី ក៏ប្រកាសជាថ្មីអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញផងដែរ។
លោក សម រង្ស៊ី ក៏អំពាវនាវជាថ្មីឲ្យកងកម្លាំងប្រដាប់អាវុធ អ្នកស្នេហាប្រជាធិបតេយ្យ និងគណបក្សនយោបាយផ្សេងទៀត ក្រោកឈរប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយលោកចោទថា លោក ហ៊ុន សែន បានយកប្រទេសកម្ពុជាធ្វើជាសិទ្ធិផ្ដាច់មុខលក់ឲ្យទៅបរទេស។
លោក សម រង្ស៊ី ថ្លែងថា៖ «យើងត្រូវតែរួមគ្នាដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា សូមអំពាវនាវទៅខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋានទាំងអស់ គ្រប់គណបក្សនយោបាយទាំងអស់ […] ជាតិយើងនឹងរលាយ ជាតិយើងគេកាត់លក់ជាដុំៗ ដូចខ្ញុំលើកឡើង អនាគតយើងគឺខ្មៅងងឹត ដរាបណាយើងឲ្យបុគ្គលនោះ ក្រុមគ្រួសារនោះនៅតែដឹកនាំប្រទេសបែបហ្នឹងទៀត»។
VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ស្កាត់ក្រុមដែលលោកចោទថា បានបំពានច្បាប់ និងចង់បំផ្លាញសន្ដិភាពនៅកម្ពុជា។
លោកបន្ដថា៖ «យើងអនុវត្តនីតិរដ្ឋចំពោះអ្នកប្រព្រឹត្តលើ្មសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ អត់មានអីជជែកទៀតទេ។ ឲ្យតែរៀបចូលមក អាហ្នឹងត្រូវតែចាត់ការតាមច្បាប់ហើយ ពីព្រោះមានដីកាពីតុលាការឲ្យចាប់ខ្លួនរួចហើយ មិនបាច់ពិនិត្យពិភាក្សាអីច្រើនទៀតទេ»។
អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ដីកាបង្គាប់ចាប់ខ្លួនរបស់តុលាការនេះ អាចជាយុទ្ធសាស្ដ្ររបស់បក្សកាន់អំណាច ក្នុងការទប់ទល់នឹងចរន្ដនយោបាយដែលរៀបចំឡើងដោយដៃគូប្រកួតរបស់ខ្លួន ខណៈលោករិះគន់ផងដែរថា លោក សម រង្ស៊ី គួរធ្វើតាមអ្វីដែលខ្លួនបានប្រកាស។
ប៉ុន្ដែ លោក ឡៅ ម៉ុងហៃ វិភាគទៀតថា យុទ្ធសាស្ដ្ររបស់បក្សកាន់អំណាចបែបនេះ មិនអាចបំពេញតាមលក្ខខណ្ឌដែលអន្ដរជាតិចង់បានទេ ហើយវានឹងបង្កជាវិបត្តិសង្គម បើសិនលោក សម រង្ស៊ី និងមេដឹកនាំបក្សប្រឆាំងដទៃទៀតវិលត្រឡប់មកប្រទេសកម្ពុជាវិញក្រោមរូបភាពគំរាមកំហែង និងការចាប់ចងនោះ។
លោកបន្ដថា៖ «គឺដើម្បីត្រៀមឯកសារតុលាការ បានអំណាចតុលាការដើម្បីចាប់ខ្លួនប្រសិនជាអ្នកទាំងនោះត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ មកទល់សព្វថ្ងៃ វាអត់មានជាដំណោះស្រាយទេ ព្រោះតុលាការមិនមែជាតុលាការឯករាជ្យ […] បើសិនជាដឹងអញ្ចឹងហើយនៅមិនមក កុំនិយាយ បើកាលណាយើងនិយាយគឺមនុស្សគេយកសម្ដី ដំរីគេយកភ្លុក ប្រសិនតែយើងចេះនិយាយផ្ដេសផ្ដាសគេលែងជឿទៅ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងនិរទេសខ្លួនឯងនៅឯបរទេស បន្ទាប់ពីប្រឈមមុខនឹងបណ្ដឹងជាច្រើនតាមផ្លូវតុលាការនៅកម្ពុជា ដែលប្ដឹងដោយមេដឹកនាំបក្សកាន់អំនាច ក្នុងនោះមានទាំងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៧រូបទៀត សុទ្ធតែនិរទេសខ្លួនទៅនៅក្រៅប្រទេស ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក៕