មន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានជនល្មើសកាប់ឱ្យរងរបួសធ្ងន់។
យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាននៅថ្ងៃនេះបានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សរូបនោះ ឈ្មោះ ចក់ សុជាតិ អាយុ៣០ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរ នៅថ្ងៃនេះ។
ប្រភពដដែល បន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន មានចំនួន០៥នាក់ បានចុះល្បាតនៅតំបន់ អូរដើមថ្កូវ ក្នុងភូមិសាស្ត្រឃុំក្រយា ហើយបានជួបប្រទះជនល្មើសចំនួន២នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃ ទន្ទ្រានយកដីព្រៃធ្វើចម្ការ។ ពេលនោះមន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស តែបានទាក់ជើងដួលហើយត្រូវជនល្មើស តដៃ ដោយបានកាប់ត្រូវកម្លាំងមន្ត្រីឧទ្យានុរក្សម្នាក់លោកចក់ សុជាតិ តែម្តង ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។
ប្រភពដដែលនេះ បញ្ជាក់ថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែលមាន របួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ នៅរាជធានីភ្នំពេញ។ សំណុំរឿងនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេត ធ្វើកំណត់ហេតុ និងដាក់ពាក្យបញ្ជូនទៅកាន់តុលាការដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
លោក ចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី២ ដែលត្រូវបានរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងសកម្មភាពការពារធនធានធម្មជាតិ ក្នុងរយៈពេល ២ខែចុងក្រោយនេះ។
កាលពីចុងខែមករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃប្រដាប់ដោយកាំភ្លើងបាញ់ឱ្យរងរបួសចំភ្លៅ អំឡុងពេលនៃការចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមសាស្ត្រដែនជម្រកសត្វព្រៃស្រែពកក្នុង ខេត្តមណ្ឌលគិរី៕