អតីត​អភិបាល​ខេត្ត​សៀមរាប​របស់ UN លោក Benny Widyono ទទួល​មរណភាព

មន្ត្រី​ជាន់​ខ្ពស់​លោក Benny Widyono ត្រូវ​បាន​តែង​តាំង​ដោយ​អង្គការ​សហ​ប្រជាជាតិ​ជា​អភិបាល​ខេត្ត​សៀមរាប​នៅ​ចន្លោះ​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣។ Photo Supplied

អតីត​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ប្រទេស​កម្ពុជា​នៅ​សម័យ​អន្តរកាល លោក Benny Widyono បាន​ទទួល​មរណភាព​កាល​ពី​​ថ្ងៃ​អាទិត្យ​​ចុង​សប្ដាហ៍​មុន​ ​ក្នុង​អាយុ ៨៣​ឆ្នាំ។

មរណភាព​របស់​លោក Benny Widyono ត្រូវ​បាន​អ្នក​និពន្ធ​​សៀវភៅ​អំពី​ប្រទេស​កម្ពុជា អ្នក​ស្រី Sue Coffey ប្រកាស​ឲ្យ​ដឹង​នៅ​លើ​គណនី​ទំនាក់​ទំនង​ហ្វេសប៊ុក​របស់​អ្នកស្រី​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។

លោក Benny Widyono គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​​អគ្គលេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​អាជ្ញាធរ​បណ្ដោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា (UNTAC)​ លោក Yasushi Akashi ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ខេត្ត​សៀមរាប ឬ​ដែល​មាន​ន័យ​ថា ជា​អភិបាល​ខេត្ត​សៀមរាប​តែង​តាំង​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣។

អ្នកស្រី Sue Coffey  អ្នក​និពន្ធ​សៀវភៅ «Seeking Justice in Cambodia» ឬ​ជា​ភាសា​ខ្មែរ​ថា «ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា»​នោះ បានលើក​ឡើង​លើ​ហ្វេសប៊ុក​​របស់​អ្នកស្រី​ថា លោក Benny Widyono ដែល​បាន​ចូលរួម​ចំណែក​ក្នុង​សំណេរ​នៃ​ស្នាដៃ​និពន្ធ​របស់​អ្នក​ស្រី​នោះ គឺ​ជា​បុគ្គល​គំរូ ដែល​ចំណាយ​ពេល​លើ​ការ​សរសេរ និង​បង្រៀន​រហូត​ដល់​ឆាក​ជីវិត​ចុង​ក្រោយ​របស់​លោក។

មជ្ឈ​មណ្ឌល​ខេមរ​សិក្សា (CKS) ជាទី​ដែល​លោក​បណ្ឌិត Widyono តែង​តែ​ផ្ដល់​បឋកថា​ជា​សាធារណៈ​នោះ បាន​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក Widyono បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំ ស្រឡាញ់​ប្រជាជន និង​វប្បធម៌​ខ្មែរ ហើយ​គាត់​និយាយ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់​ផង​ដែរ។

ដោយ​ធ្លាប់​បម្រើ​ការ​ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​នោះ លោក Widyono បាន​ចង​ក្រង​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា «Dancing in Shadows» ឬ​មាន​ន័យ​ថា «រេរាំ​ក្នុង​ស្រមោល» ដែល​ជា​ការ​រំឭក​ឡើង​វិញ​នូវ​ការ​ចងចាំ​របស់​លោក​អំឡុង​ពេល​លោក​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​សម័យ​អន្តរកាល​ដែល​គ្រប់​គ្រង​ដោយ​អង្គការ​សហ​ប្រជាជាតិ។

បើ​តាម​កំណត់ត្រា​ក្នុង​សៀវភៅ លោក Widyono បាន​ស្នើ​ទៅ​លោក Yasushi Akashi ដែល​ជា​ប្រធាន UNTAC នា​ពេល​នោះ ឲ្យ​តែង​តាំង​លោក​ជា​អភិបាល​ខេត្ត​សៀមរាប​ ជា​ខេត្ត​ដែល​ប្រឈម​នឹង​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​រវាង​ភាគី​ប្រដាប់​អាវុធ​កម្ពុជា​នា​ពេល​នោះ។

លោក Widyono បាន​រៀបរាប់​ថា ក្រោយ​មក ទើប​លោក​ដឹង​ថា លោក​មាន​សំណាង​ដែល​បាន​ជាន់​លើ​ទឹក​ដី​ខេត្ត​សៀមរាប និង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​សៀមរាប​នា​ពេល​នោះ ជា​តំណែង​ដ៏​គួរ​ឲ្យ​បេតី​ណាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ