កម្ពុជា​ប្តេជ្ញា​ចំពោះ​មុខ​ប្រតិភូ​អឺរ៉ុប​ពី​ការ​បើក​លំហ​សិទ្ធិ​សង្គម​ស៊ីវិល​និង​នយោបាយ​

លោក ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានទទួល​ជួបជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដេីម្បីពិភាក្សាការងារ​ នាព្រឹកថ្ងៃពុធ​ ទី២០​ ខែមីនា​ ឆ្នាំ​២០១៩​ នៅទីស្តីការក្រសួងមហាផ្ទៃ។ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការប្ដេជ្ញាជាថ្មីថា រដ្ឋាភិបាលនឹងខិតខំបើកលំហសិទ្ធសេរីភាពសង្គមស៊ីវិល ​និងនយោបាយបន្ថែមទៀត ដែលនេះគឺជាការឆ្លើយតបទៅប្រតិភូអឺរ៉ុបដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនោះ។

គណៈប្រតិភូអឺរ៉ុបបានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា ដែលចាប់ផ្ដើមនៅថ្ងៃពុធនេះ រហូតដល់ថ្ងៃស្អែក ដើម្បីពិភាក្សាអំពីលក្ខខណ្ឌ និងកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជា នៅក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ហៅកាត់ថា EBA។

ក្នុងដំណើរទស្សនកិច្ចនេះ មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុបបានជួបជាមួយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ហើយបានបន្ដជួបរដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន និងរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដ។

គណៈប្រតិភូអឺរ៉ុបដែលមកទស្សនកិច្ចនៅកម្ពុជានេះ រួមមាន មន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយកម្ពុជានិងថៃ លោកស្រី Stavros Petropoulos ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar និងនាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Paola Pampaloni ជាដើម។ 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ គណៈប្រតិភូអឺរ៉ុបបានលើកឡើងនូវបញ្ហាធំៗ ចំនួន២ គឺការបើកលំហសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល និងការបើកលំហសិទ្ធិនយោបាយនៅកម្ពុជាបន្ថែមទៀត។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងប្រាប់គណៈប្រតិភូអឺរ៉ុប ថា រដ្ឋាភិបាលបាននិងកំពុងខិតខំពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលបានបើកផ្លូវឲ្យអតីតមន្ដ្រីបក្សប្រឆាំងដែលជាប់បំរាមរបស់តុលាការ អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក ផាត សុផានិត ប្រាប់អ្នកសារព័ត៌មានថា៖ «ខាងគណៈប្រតិភូអឺរ៉ុប គាត់បានលើកឡើងខ្លឹមសារសំខាន់ចំនួន២ គឺទី១ បញ្ហាលំហនយោបាយនៅកម្ពុជា និងទី២ គឺការចូលរួមក្នុងសកម្មភាពនយោបាយក្នុងក្របខណ្ឌនៃសង្គមប្រជាធិបតេយ្យ […] ជាចុងក្រោយសម្រេច សម្ដេចក៏បានបញ្ជាក់ជូនគណៈប្រតិភូវិញដែរថា អ្វីៗទាំងអស់ រដ្ឋាភិបាលកំពុងតែខិតខំតាមសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ​មានចែងទាំងអស់អំពីអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល គណបក្សនយោបាយ»។

បើតាមលោក ផាត សុផានិត ក្នុងជំនួបនោះ គណៈប្រតិភូអឺរ៉ុបអះអាងថា បេសកកម្មរបស់ខ្លួននៅពេលនេះ គឺធ្វើឡើងដោយមិនមានភាពលម្អៀងទៅរកគណបក្សនយោបាយណាមួយឡើយ និងចង់ឃើញកម្ពុជាមានលំហូរសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សមួយពិតប្រាកដប៉ុណ្ណោះ។

មន្ដ្រីជាន់ខ្ពស់អង្គការអាដហុក លោក ស៊ឹង សែនករុណា ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាបានព្យាយាមបើកលំហសិទ្ធិសេរីភាពដល់ក្រុមអង្គការសង្គមស៊ីវិល។ ប៉ុន្ដែ សម្រាប់លំហសិទ្ធិនយោបាយវិញ លោកថា រដ្ឋាភិបាលនៅមិនទាន់បានឆ្លើយតបនឹងលក្ខខណ្ឌរបស់អន្ដរជាតិនោះទេ។

លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់សមាគមអាដហុក

លោកបន្ដថា៖ «រឿងសង្គមស៊ីវិល គឺគ្រាន់តែ​ជាផ្នែកមួយទេ ប៉ុន្ដែ បញ្ហាស្ថានភាពនយោបាយសំខាន់ៗ ដែលបើកសិទ្ធិនយោបាយឲ្យអ្នកនយោបាយបានចូលរួមក្នុងការចូលរួមប្រកួតប្រជែងដែលជាលក្ខខណ្ឌទាំងអស់ហ្នឹង យើងឃើញហើយអត់មានទេ។ យើងឃើញមានតែការបើកដោយមានការសុំសិទ្ធិទៅវិញហ្នឹង ទាំងអស់ហ្នឹងហាក់ដូចជាមិនសមស្របទៅនឹងលក្ខខណ្ឌដែលខាងអឺរ៉ុបគេស្នើចង់ឲ្យរដ្ឋាភិបាលដោះស្រាយហ្នឹងទេ»។

ដំណើរទស្សនកិច្ចរបស់ប្រតិភូសហភាពអឺរ៉ុបនេះ គឺធ្វើឡើងបន្ទាប់សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក ​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមនីតិវិធីដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

កាលពីថ្ងៃម្សិលមិញ អង្គការសមាគមជិត ៧០ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយអំពាវនាវទៅរដ្ឋាភិបាលឲ្យចាត់វិធានការ​ម៉ឺងម៉ាត់ ក្នុង​ការ​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និងសិទ្ធិការងារ តាមលក្ខខណ្ឌដែលសហភាពអឺរ៉ុបចង់បាន ដើម្បីរក្សាប្រព័ន្ធអនុគ្រោះ​ពន្ធ​ EBA របស់អឺរ៉ុបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ