លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាចផងនោះ បានបញ្ជាទៅសមត្ថកិច្ចឲ្យទប់ស្កាត់សកម្មភាពមន្ត្រីបក្សប្រឆាំងជួបប្រជាពលរដ្ឋ ក៏ដូចជាការធ្វើសកម្មភាពនយោបាយផ្សេងៗ បើអ្នកទាំងនោះមិនទាន់សុំសិទ្ធិធ្វើនយោបាយ។
ការថ្លែងរបស់លោក ហ៊ុន សែន នេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅស្រុកក្រគ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធនេះ។
លោកថា៖ «ផ្ញើសារឲ្យទូទាំងប្រទេស បញ្ឈប់ទៅអាសកម្មភាពគណៈកម្មការចំពោះកិច្ច ទាំងនៅភ្នំពេញ និងស្រុកវាលវែង ពោធិ៍សាត់ និងខេត្តណាៗ គឺ និយាយឲ្យត្រង់ ឃើញមួយវាយមួយទៅ ចេញបញ្ជាអញ្ចឹង។ បើអ្នកឯងមិនទាន់សុំសិទ្ធិធ្វើនយោបាយទេ អ្នកឯងគ្មានសិទ្ធិទៅប្រជុំជាមួយពលរដ្ឋទេ ឃើញមួយវាយមួយ ឃើញពីរវាយពីរ»។
លោក ហ៊ុន សែន ក៏បានថ្លែងបញ្ចេញឈ្មោះដូចនេះថា៖ «អាមួយនៅបន្ទាយមានជ័យ គ្រាន់តែឯងស្រែកនៅភ្នំពេញ វារត់ដល់ខេត្តព្រះវិហារ ស្មានគេមិនដឹងអា រដ្ឋសភាអញនិយាយចំឈ្មោះហ្អែង ហ្មងហ្អែង រត់ទៅព្រះវិហារ ឥឡូវឮថាហ្អែងទៅព្រះវិហារទៀតស្អែកនេះទៀត និយាយគ្នាឲ្យច្បាស់។ អាមួយឈ្មោះ អាផ្លុងសំអុន ដែលថ្ងៃមុនគេត្រួតពិនិត្យ ហ្អែងកុំនិយាយផ្តេសផ្តាសច្រើនពេកវើយ តិចថាអាញ់ស្តាប់មិនបាន អញស្តាប់បានតើ។ ហើយប្រធានគណៈកម្មករចំពោះកិច្ច ដែលរត់ធ្លាក់អន្លុងវែងត្រឡប់មកវិញ កុំណាស់! ម្តងនេះចាប់»។
ទោះជាយ៉ាងណាក្រៅពីគំរាមអ្នកមិនទាន់សុំសិទ្ធិធ្វើនយោបាយ លោក ហ៊ុន សែន បានលើកទឹកចិត្តដល់អ្នកដែលបានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលគិតត្រឹមថ្ងៃពុធនេះ មាន៩នាក់ ដោយលោកថា នឹងប្រើតួនាទីជានាយករដ្ឋមន្ត្រីសម្រួលឯកសារស្នើទៅព្រះមហាក្សត្រដើម្បីផ្តល់សិទ្ធិដល់ពួកគេឡើងវិញផងដែរ ដល់អ្នកដែលមានគម្រោងចង់ធ្វើនយោបាយឡើងវិញ ។
យ៉ាងនេះក្តី មេដឹកនាំបក្សកាន់អំណាចរូបនេះ បានច្រានចោលការចោទប្រកាន់ថា លោកបានប្រើលុយរាប់ម៉ឺនដុល្លារទិញទឹកចិត្តអ្នកដែលដើរចេញពីអតីតគណបក្សប្រសង្គ្រោះជាតិនៅពេលនេះ ដោយថា អ្នកដែលដើរចេញពីបក្សប្រឆាំងគ្មានសមត្ថភាព សូម្បីតែទៅធ្វើជំនួយការរដ្ឋមន្ត្រីក៏មិនបានផង។
VOD មិនអាចសុំអត្ថាធិប្បាយពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី តាមសារអេឡិចត្រូវនិចបានទេ ជុំវិញប្រសាសន៍នាយករដ្ឋមន្ត្រីនេះ។
ប៉ុន្តែ កាលពីថ្ងៃទី១៧ ខែមីនានេះ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកថា ការទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពី ហ៊ុន សែន នៅពេលដែលលោក កឹម សុខា មិនទាន់ត្រូវបានដោះលែងនៅឡើយ លោកថា ជាការចូលរួមពង្រឹងអំណាចរបបផ្តាច់ការ។
លោក សម រង្ស៊ី ក៏បានលើកទឹកចិត្តមន្ត្រីរបស់ខ្លួនថា ក្រោមសម្ពាធអន្តរជាតិ គណបក្សកាន់អំណាចនឹងបង្ខំចិត្តស្តារស្ថានការឡើងវិញ។
លោកថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមសម្ពាធអន្តរជាតិ ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា និងអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ដូច្នេះ កុំប្រញាប់ទៅលក់ឧត្តមគតិរបស់ខ្លួន ឲ្យទៅ ហ៊ុន សែន»។
អ្នកវិភាគនយោបាយវ័យក្មេងកញ្ញា លី ស្រីស្រស់ មានប្រសាសន៍ថា រលកនៃការដើរចេញពីអតីតគណបក្សសង្គ្រោះជាតិ មកសុំសិទ្ធិធ្វើនយោបាយពេលនេះ ជាជោគជ័យថ្មីមួយទៀតរបស់បក្សកាន់អំណាច ក្នុងយុទ្ធសាស្ត្របំបែកផ្ទៃក្នុងបក្សប្រឆាំង។
អ្នកវិភាគរូបនេះ វិភាគថា ការផ្ញើសាររបស់មេដឹកនាំបក្សកាន់អំណាចពេលនេះ មិនខុសពីពេលមុនទេ គឺបិទច្រកមេដឹកនាំសំខាន់ៗ តែបង្ហើបផ្លូវឲ្យមន្ត្រីដើរចេញតាមផ្លូវមួយដែលខ្លួនបានគូសវាសទុក។
កញ្ញាថា ៖ «យើងឃើញថា មានមន្ត្រីស្និទ្ធលោក សម រង្ស៊ី ៨រូបទៀត មិនត្រឹមតែមិនផ្តល់សិទ្ធិ ឬជជែករឿងសិទ្ធិធ្វើនយោបាលឡើងវិញទេ ថែមទាំងប្រកាសលើការចាប់ខ្លួនទៀត។ អញ្ចឹងយើងឃើញថា ទំនោរហ្នឹងវាហាក់ដូចជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនធ្វើយ៉ាងណាឲ្យមានការបែកបាក់ទៅលើគណបក្សសង្គ្រោះជាតិ វាហាក់បង្ហាញលទ្ធផលបណ្តើរៗហើយ»។
ជម្លោះផ្ទៃក្នុងរបស់កម្ពុជានេះ ជំរុញឲ្យប្លុកលោកសេរី នាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើមិនស្តារប្រជាធិបតេយ្យឡើងវិញ ពិសេស សហភាពអឺរ៉ុបកំពុងដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយថា ដើម្បីដាក់សម្ពាធឲ្យដោះលែងលោក កឹម សុខា។