ចលនា​មាតា​ធម្មជាតិ​ជំរុញ​ឲ្យ​ពិចារណា​ករណី​លុប​បឹង​ធម្មជាតិ​នៅ​ព្រះសីហនុ​

ទិដ្ឋភាពបឹងនៅខេត្តព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុក Mother Nature Cambodia

ចលនាមាតាធម្មជាតិជំរុញឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ករណីលុបបឹងធម្មជាតិនៅខេត្តព្រះសីហនុ ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងបណ្តាលឲ្យប្រជាពលរដ្ឋនៅតំបន់នោះខ្វះខាតទឹកសាបប្រើប្រាស់។

កាលពីម្សិលមិញ យុវជនចលនាមាតាធម្មជាតិ​លោក ថុន រដ្ឋា បានបណ្តេញខ្សែវីឌីអូមួយលើកឡើងពីផលប៉ះពាល់ដោយសារតែការលុបបឹងធម្មជាតិឈ្មោះបឹងព្រែកទប់។​​ យុវជនរូបនេះលើកឡើងថា បឹងធម្មជាតិព្រែកទប់រងការចាក់ដីលុប ក្រោយរដ្ឋាភិបាលបានកាត់ផ្ទៃដី ១១,៥០ហិកតា នៃផ្ទៃដីសរុបជាង១៦ហិកតា ឲ្យទៅក្រុមហ៊ុន លី យ៉ុងផាត់ កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។

អ្នកនាំពាក្យខេត្តព្រះសីហនុ​ លោក ឃាង ភារម្យ បានប្រាប់ វីអូឌី ថា ករណីលុបបឹងព្រែកទប់ មិនមែនជារឿងថ្មីនោះទេ។ លោកថា ការកាត់ដីឲ្យក្រុមហ៊ុនជាការសម្រេចចិត្តរបស់រដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុមិនមានសិទិ្ធក្នុងការសម្រេចនោះទេ។

លោកមានប្រសាសន៍ថា៖ «ករណីការលុបបឹងនេះ គឺមិនមែនជាសមត្ថកិច្ចកម្រិតខេត្តទេ ការអនុញ្ញាត ស.ជ.ណ ហ្នឹង គឺពីរាជរដ្ឋាភិបាល»។

អ្នកនាំពាក្យរូបនេះបន្តទៀតថា ករណីខ្វះខាតទឹកគឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ បញ្ហាបណ្តាញរដ្ឋករទឹក និងក្រុមហ៊ុនឯកជនដែលទទួលខុសត្រូវមានការរអាក់រអួល មិនពាក់ព័ន្ធការលុបបឹងនេះទេ។​

លោកបន្ថែមទៀតថា កន្លងមកក្រៅពីតំបន់ក្បាលឆាយ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងធនធានទឹកបានសិក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់ទឹកចំនួនពីរកន្លែងទៀត មានទំហំដល់ទៅ ៦២៥ហិកតា ដែលចំនួននេះអាចផ្គត់ផ្គង់ទឹកក្នុងខេត្តទាំងមូលរហូតជាង៣០ឆ្នាំទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ