បទវិភាគ៖ តើ​​កម្ពុជា​​គួរ​​តែ​ជា​​​ប្រទេស​​ប្រឈម​​មុខ​​នឹង​​កង្វះ​​ខាត​​ទឹក​​ឬ​​ទេ​?​

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក មណ្ឌលសីមា និងអាជ្ញាធរឃុំពាមក្រសោប ព្រមទាំងមេភូមិ បានយកស៊ីទែនទឹកស្អាតចំណុះ ៥,០០០ លីត្រ ចំនួន ០២ធុង យកទៅដាក់បំរើប្រជាពលរដ្ឋក្នុងឃុំពាមក្រសោប ចំនួន០២ទីតាំងជាបណ្តោះអាសន្ន គឺនៅភូមិពាមក្រសោប១ និងភូមិពាមក្រសោប២ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ចុង​ឆ្នាំ​មុន​ថា ប្រទេស​កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នៅ​ក្នុង​រដូវ​ប្រាំង​ដ៏​ក្ដៅ​ហួត​ហែង​ក្នុង​ឆ្នាំ​​២០១៩​នេះ ហើយ​ក៏​បាន​ណែនាំ​ពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ផង​ដែរ​ចាប់​ពី​ចុង​ឆ្នាំ​មុន​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ផង​ដែរ។

ក្រៅ​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​នោះ ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល ក៏​បាន​អំពាវ​នាវ​ជា​ច្រើន​លើក​មក​ហើយ​ផង​ដែរ កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​​ធ្វើ​ស្រែ​ប្រាំង​លើស​ពី​មួយ​លើក​នៅ​ក្នុង​ឆ្នាំ​នេះ ក៏​ព្រោះ​តែ​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​ផង​ដែរ។

ដោយ​សម្អាង​ទៅ​លើ​ហេតុផល​លើក​ឡើង​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ទាំង​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​​អភិបាល​ខេត្ត​នានា​ទូទាំង​ប្រទេស សុទ្ធ​តែ​បន្ទោស​បញ្ហា​កង្វះ​ខាត​ទឹក​នៅ​ក្នុង​ឆ្នាំ​នេះ​ថា បណ្ដាល​មក​ពី​បម្រែ​បម្រួល​អាកាស​ធាតុ​ដែល​កើត​ចេញ​ពី​បាតុភូត​ El Nino និង​ La Nina។

ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ពន្យល់​ថា បាតុភូត El Nino គឺ​ជា​ចរន្ត​រលក​កម្ដៅ​ ហើយ​បាតុភូត La Nina គឺ​ជា​ចរន្តរលក​ខ្យល់​ត្រជាក់​ ដែល​មាន​ប្រភព​មក​ពី​តំបន់​​ឆ្នេរ​ភាគ​ខាង​កើត​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ស្ថិត​នៅ​ត្រង់​តំបន់​អេក្វាទ័រ ឬ​នៅ​ត្រង់​តំបន់​​កណ្ដាល​នៃ​ទ្វីប​អាមេរិក។

នៅ​ក្នុង​ប្រទេស​កម្ពុជា ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចាប់​ផ្ដើម​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៩​នេះ។

កង្វះ​ខាត​ទឹក បាន​កើត​ឡើង​នៅ​​តាម​បណ្ដា​ខេត្ត​ស្ថិត​នៅ​ជាប់​ឆ្នេរ​សមុទ្រ បណ្ដា​ខេត្ត​ភាគ​ពាយព្យ​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​​បណ្ដា​ខេត្ត​​ដទៃ​ទៀត​ផង​ដែរ ដែល​ស្ថិត​នៅ​ជាប់​នឹង​ទន្លេ​មេគង្គ និង​បឹង​ទន្លេ​សាប​ ដែល​ជា​បឹង​ទឹក​សាប​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

កង្វះ​ខាត​ទឹក ក៏​បាន​ឈាន​ទៅ​ដល់​ការ​ទិញ​​ទឹក​ពី​ប្រទេស​ថៃ យក​មក​ផ្គត់​ផ្គង់​តម្រូវការ​ប្រើ​ប្រាស់​នៅ​ក្នុង​ខេត្ត​កោះកុង ជា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​មាន​ប្រជាជន​ត្រឹម​តែ​​ជិត ១៤​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។

កង្វះ​ខាត​ទឹក មិន​មែន​កើត​ឡើង​តែ​នៅ​តំបន់​ជនបទ​នោះ​ទេ​នា​ពេល​សព្វថ្ងៃ​នេះ វា​ក៏​កំពុង​កើត​ឡើង​ផង​ដែរ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ជំរុញ​ឲ្យ​មាន​ការ​រិះគន់​ព្រោង​ព្រាត​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​​ Facebook ទៅ​លើ​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ទន្ទឹម​នឹង​បញ្ហា​កង្វះ​ខាត​ទឹក​កើត​ឡើង​ស្ទើ​ទូទាំង​ប្រទេស​នោះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​កម្ពុជា​គួរ​តែ​ជា​ប្រទេសខ្វះ​​ខាត​ទឹក​ដូច​សព្វថ្ងៃ​នេះ​ទេ?

បើ​ពិនិត្យ​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ និង​ស្ថានភាព​ភូមិសាស្ត្រ​កម្ពុជា​ធៀប​នឹង​បណ្ដា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នោះ កម្ពុជា​មិន​គួរ​ណា​ជា​ប្រទេស​ជួប​ប្រទះ​កង្វះ​ទឹក​នោះ​ឡើយ នោះ​ក៏​ព្រោះ​តែ​កម្ពុជា​មាន​​ប្រភព​ទឹក​ធំ និង​តូច​ជាច្រើន​ហូរ​កាត់​ខ្វាត់​ខ្វែង​នៅ​ទូទាំង​ប្រទេស។

​ទន្លេ​មេគង្គ​ហូរ​កាត់​​កាត់​ប្រទេស​កម្ពុជា​ប្រវែង​ដល់​ទៅ​ជិត ៥០០​គីឡូម៉ែត្រ​ ចាប់​ពី​តំបន់​ល្បាក់​ខោន​ស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង​ រហូត​ដល់​ព្រំដែន​កម្ពុជា-វៀតណាម។ នេះ​មាន​ន័យ​ថា ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ប្រទេស​កម្បុជា មាន​ទំហំ​ស្មើ​នឹង​ជាង ១០​ភាគរយ​នៃ​ប្រវែង​សរុប​ ៤៨០០​គីឡូ​ម៉ែត្រ ចាប់​ពី​តំបន់​ខ្ពង់រាប​ទីបេ​ក្នុង​ប្រទេស​ចិន រហូត​ដល់​​មាត់​សមុទ្រ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

ឯកសារ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ស្ថិត​តាម​ដង​ទន្លេ​មេគង្គ​មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម បាន​ឲ្យ​ដឹង​ថា ​ទន្លេ​មេគង្គ​ផ្ដល់​ទឹក​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រទេស​កម្ពុជាដល់​ទៅ​ជាង ១៥​៥,០០០​គីឡូម៉ែត្រ​ការ៉េ ឬ​ស្មើ​នឹង ២០​ភាគរយ​នៃ​ផ្ទៃ​អាង​​ទន្លេ​មេគង្គ​ទាំង​មូល ៧៩៥,០០០​​​គីឡូ​ម៉ែត្រ​ការ៉េ។ នេះ​ក៏​មាន​ន័យ​ថា ផ្ទៃ​ទឹក​ទន្លេ​មេគង្គ​​​ស្ទើ​តែ​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​ទាំង​មូល​ទៅ​ហើយ។

ទន្លេ​មេគង្គ​កម្ពុជា ក្រៅ​ពី​ទទួល​បាន​ទឹក​ពី​ប្រភព​ដើម​របស់​ខ្លួន​នៅ​ឯ​តំបន់​ភ្នំ​ទីបេ​ហើយ​នោះ វា​ក៏​ទទួល​បាន​ចរន្ត​ទឹក​មាន​ប្រភព​ចេញ​ពី​ទន្លេ​ដទៃ​ទៀត​ដែរ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដូចជា ទន្លេ​ស្រែពក ទន្លេ​សេសាន និង​ទន្លេ​សេកុង ជាដើម។

គណៈកម្មការ​ទន្លេ​មេគង្គ បាន​និយាយ​ក្នុង​ឯកសារ​របស់​ខ្លួន​ទៀត​​ថា ទឹក​ទន្លេ​ដល់​ទៅ​ជាង ៩៥​ភាគរយ​នៃ​​​ធារ​ទឹក​ទន្លេ​មេគង្គ​ទាំង​មូល​ទំហំ ៤៧៥​ពាន់​លាន​ម៉ែត្រ​គូប បាន​ធ្លាក់​មក​ដល់​ដង​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា​ក៏​ចូលរួម​ចំណែក​យ៉ាង​ធំ​ធេង​នៅ​ក្នុងវដ្ដ​ទឹក​នៃ​បឹង​ទន្លេ​សាប​របស់​កម្ពុជា​​នៅ​ក្នុង​រដូវ​វស្សា។ នេះ​ក៏​មាន​ន័យថា យ៉ាង​ហោច​ណាស់​ធារ​ទឹក​ទំហំ ៤00​គីឡូ​ម៉ែត្រ​គូប​ ឬ​ស្មើ​នឹង ៤០០​ពាន់​លាន​ម៉ែត្រ​គូប បាន​ហូរ​ចូល​ផ្ទៃ​អាង​ទន្លេ​មេគង្គ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ។

ក្រៅ​ពី​ទន្លេ​មេគង្គ បឹង​ទន្លេ​សាប​ក៏​ជា​ប្រភព​ទឹក​សាប​ធំ​បំផុត​របស់​កម្ពុជា​ផង​ដែរ។ វា​មិន​ត្រឹម​តែ​ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​នៃ​ទន្លេ​មេគង្គ​នា​រដូវ​វស្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជា​ប្រភព​ទឹក​ហូរ​វិល​ត្រឡប់​ចូល​ទន្លេ​មេគង្គ​វិញ​ផង​ដែរ​នៅ​ក្នុង​រដូវ​ប្រាំង។

បឹង​ទន្លេសាប​ទាំង​មូល​មាន​ប្រវែង​ដល់​ទៅ​ ១២០​គីឡូម៉ែត្រ ប៉ុន្តែ ធារ​ទឹក​បាន​មក​ពី​ប្រភព​នានា ជាពិសេស​ធារ​ទឹក​នៃ​ទន្លេ​មេគង្គ បាន​ធ្វើ​ឲ្យ​បឹង​ទន្លេ​សាប​ទាំង​មូល ​លាត​សន្ធឹង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ដល់​ទៅ ១២,៨៧៦​គីឡូ​ម៉ែត្រ​ការ៉េ។ បឹង​ទន្លេសាប​ទាំង​មូល ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា បាន​ផ្ដល់​នូវ​ធារ​ទឹក​ដល់​ទៅ ៨០​ពាន់​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ឆ្នាំ។

ក្រៅ​ពី​​ប្រភព​ទឹក​សាប​ធំ​ទាំង​ពីរ​នេះ ភូមិសាស្ត្រ​កម្ពុជា​ក៏​សម្បូរ​ទៅ​ដោយ​ស្ទឹង​គ្រប់​ខេត្ត​ក្រុង អូរ ឬ​បឹង​ធម្មជាតិ​គ្រប់​ទីកន្លែង ដែល​ផ្ដល់​ជា​ប្រភព​ទឹក​រាប់​ពាន់​​លាន​ម៉ែត្រ​គូប​បន្ថែម​ទៀត​ សម្រាប់​ការ​ស្រោច​ស្រព​លើ​វិស័យ​កសិកម្ម និង​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដទៃ​ទៀត។

ចុះ​ហេតុអ្វី​បាន​ជា​កម្ពុជា​នៅ​តែ​ជួប​ប្រទះ​កង្វះ​ខាត​ទឹក? ហើយ​​កង្វះ​ខាត​ទឹក​ប៉ះ​ពាល់​កម្រិត​ណា​ដល់​ប្រជាជន​កម្ពុជា?

កម្ពុជា​មាន​ប្រភព​ទឹក​ធម្មជាតិ​ទាំង​តូច​ទាំង​ធំ​ចម្រុះ​បែប ប៉ុន្តែ អ្វី​ដែល​ខ្វះ​ខាត​នោះ​ គឺ​របៀប​នៃ​ការ​រក្សា​ទឹក​ទុក និង​មធ្យោបាយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ទៅ​ដល់​ប្រជាជន​ ​ជាពិសេស​ប្រជាជន​នៅ​តំបន់​ជន​បទ។

សារព័ត៌មាន​​ Mission Box ដែល​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​​របស់​គ្រីស្ដ​សាសនា​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០​​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ដែល​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​ ឬ​មាន​វិបត្តិ​ទឹក​អាក្រក់​ជាង​គេ​បំផុត។

សារព័ត៌មាន​មួយ​នេះ ចុះ​ផ្សាយ​បន្ត​ថា ពលរដ្ឋ​កម្ពុជា​ ៨៤​ភាគរយ មិន​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​នោះ​ឡើយ ហើយ​ពួកពឹង​ផ្អែក​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ទឹក​ភ្លៀង និង​ទឹក​មាន​ប្រភព​មិន​ស្អាត។

សារព័ត៌មាន​ដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ថែម​ថា ទោះបី​ជា​មាន​ទន្លេ​មេគង្គ​ដ៏​វែង​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ហូរ​កាត់​ក៏​ដោយ ក៏​កម្ពុជា​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​ប្រទេស​ជួប​ប្រទះ​កង្ខះ​ខាត​ទឹក​ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី ៧ ពោល​គឺ​អន់​ជាង​ប្រទេស​អាហ្វហ្កានីស្ថាន អេត្យូពី និង​ប្រទេស​ឆាត​ទៅ​ទៀត។

មិន​មែន​តែ​សារព័ត៌មាន​មួយ​នេះ​ទេ​ដែល​លើក​ឡើង​អំពី​កង្វះ​ខាត​ទឹក​នៅ​កម្ពុជា​នោះ ប៉ុន្តែ អង្គការ​ Water for Cambodia ក៏​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦​របស់​ខ្លួន​ផង​ដែរ​ថា ពលរដ្ឋ​កម្ពុជា​ដល់​ទៅ ៦​លាន ៣​សែន​នាក់ ពុំ​មាន​ទឹក​ស្អាត​សម្រាប់​បរិភោគ​ទេ ខណៈ​ពលរដ្ឋ​កម្ពុជា​ខ្ទង់ ៧៥​ភាគរយនៅ​តាម​តំបន់​ជនបទ ក៏​ពុំ​មាន​ប្រព័ន្ធ​អនាម័យ​ត្រឹម​ត្រូវ​ដែរ។

អង្គការ​មួយ​នេះ ​ដែល​បាន​និង​កំពុង​ផ្ដល់​បំពង​ចម្រោះ​ទឹក​ស្អាត​ក្នុង​ខេត្ត​សៀមរាប​នោះ បាន​លើក​ឡើង​ទៀត​ថា ២០​ភាគរយ​នៃ​មរណភាព​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ គឺ​បណ្ដាល​មក​ពី​ជំងឺ​​កើត​ចេញ​ពី​ទឹក​មិន​ស្អាត​នេះឯង។

ថ្វី​បើ​ទំហំ​នៃ​ផល​ប៉ះ​ពាល់​នៃ​កង្វះ​ខាត​ទឹក​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ មិន​ទាន់​ត្រូវ​បាន​វាយ​តម្លៃ​​នៅ​ឡើយ​ក៏ដោយ ប៉ុន្តែ ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១៤​​កន្លង​មក​ទៅ​លើ​ផល​ប៉ះ​ពាល់​នៃ​​បម្រែ​បម្រួល​អាកាស​ធាតុ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា បម្រែ​បម្រួល​អាកាស​ធាតុ​ បាន​ធ្វើ​ពលរដ្ឋ​កម្ពុជា​កើត​ជំងឺ​មាន​ទាក់​ទឹង​នឹង​កង្វះ​ទឹក​ស្អាត និង​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​មាន​តម្លៃ​ដល់​ទៅ​រាប់​រយ​លាន​ដុល្លារ។

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាតិ និង​អន្តរជាតិ បាន​លើក​ឡើង​ក្នុង​ការ​សិក្សា​នោះ​ថា ប្រជាជន​កម្ពុជា​កាន់​តែ​ងាយ​រង​កាន់​តែ​ខ្លាំង​ចំពោះ​ផល​ប៉ះ​ពាល់​នៃ​បម្រែ​បម្រួល​អាកាស​ធាតុ ដោយសារ​តែ​ភាព​ក្រី​ក្រ កង្វះ​អាហារ​រូបត្ថម្ភ ការ​ពឹង​ផ្អែក​លើ​កសិកម្ម ការ​រស់​នៅ​លើ​តំបន់​ងាយ​រង​គ្រោះ​ទឹក​ជំនន់ បញ្ហា​សុខភាព​សាធារណៈ ភាព​មាន​កម្រិត​នៃ​អភិបាលកិច្ច​ល្អ និង​បច្ចេកវិទ្យា។

ជា​ឧទាហរណ៍ គ្រោះ​រាំង​ស្ងួត​ដែល​កើត​ឡើង​នៅ​ចន្លោះ​ខែ​តុលា ឆ្នាំ​២០០៤ អូស​បន្លាយ​រហូត​ដល់​ខែ​មេសា ឆ្នាំ​២០០៥ បាន​ប៉ះ​ពាល់​ដល់​ប្រជាន ២​លាន​នាក់ ក្នុង​នោះ​ប្រជាជន ១​លាន​នាក់ ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង​អាហារ​នា​ពេល​នោះ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​កសិកម្ម​មាន​តម្លៃ​ដល់​ទៅ ២១​លាន​ដុល្លារ​ឯណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ