HRW ទាមទារឲ្យអាជ្ញាធរបង្ហាញមុខពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ព្រះវិហារ​​ដែល​បាត់​ខ្លួន​ជាង​២​ខែ ​

លោក ស៊ុំ ម៉ឺន ដែលត្រូវតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ទាមទារឲ្យអាជ្ញាធរកម្ពុជាបង្ហាញមុខបុរសម្នាក់ដែលជាអ្នកមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ ហើយបានបាត់ដំណឹងសូន្យឈឹងអស់រយៈពេលជាង២ខែ ក្រោយត្រូវក្រុមទាហានវាយដំ និងចាប់ខ្លួននោះ។

លោក ស៊ុំ ម៉ឺន ជា​ពលរដ្ឋ​ម្នាក់​​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន «​មេត្រីភាព» ស្ថិត​ក្នុង​ឃុំ​យា ស្រុក​ជាំក្សាន្ត​ ត្រូវ​បាន​សាច់​ញាតិ ​និងក្រុម​គ្រួសារ​អះ​អាង​ថា បាន​បាត់​ខ្លួនបន្ទាប់ពីពី​លោក និងកូនប្រុសរបស់គាត់ឈ្មោះ «ម៉ឺន មាន» ត្រូវ​​​ក្រុម​ទាហាន​នៅ​កង​ពល​តូច​លេខ៦ វាយដំ និងចាប់​ខ្លួន​រួមជាមួយ​ពលរដ្ឋមានជម្លោះដីធ្លី ១៣​នាក់ផ្សេង​​ទៀត កាលពី​ថ្ងៃ​ទី​២០ ខែ​មករា​កន្លង​មក។

ប៉ុន្ដែ កាលពីថ្ងៃទី៦ ខែមីនា​​កន្លង​មក​នេះ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ អះ​អាង​ថា បុរសរូបនេះបាន​រត់​គេច​ខ្លួន និង​សម្ងំ​លាក់​ខ្លួន​ទៅ​តាម​ការ​ណែនាំ​ពី​បុគ្គល​ម្នាក់ ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​អាជ្ញាធរទៅវិញ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះកាលពីថ្ងៃទី២០ ខែមីនាម្សិលមិញ អង្គការឃ្លាំ​សិទ្ធិមនុស្ស Human Rights Watch អះអាងថា បុរសឈ្មោះ «ស៊ុំ ម៉ឺន» បានបាត់ខ្លួនដោយបង្ខំ បន្ទាប់ពីក្រុមទាហានវាយដំលើរូបគាត់ និងចាប់បញ្ជូនខ្លួនទៅការិយាល័យនៃតំបន់ដែនជម្រក​សត្វព្រៃគូលេនព្រហ្មទេព ដែលជាតំបន់ជាប់ប្រទល់រវាងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារនោះ។

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Brad Adams មានប្រសាសន៍ក្នុងសេចក្ដីថ្លែងថា អាជ្ញាធរកម្ពុជាគួរតែបង្ហាញពីកន្លែងដែលបុរសឈ្មោះ «ស៊ុំ ម៉ឺន» កំពុងស្នាក់នៅ ដោយថា ដើម្បីនាំខ្លួនរូបគាត់មកជំនុំជម្រះក្ដីតាមផ្លូវតុលាការ ឬឲ្យគាត់បានទៅជួបជុំគ្រួសារវិញ។

ប៉ុន្ដែ លោក Brad Adams មានប្រសាសន៍ទៀតថា ករណីនេះ គួរមានការស៊ើបអង្កេតឯករាជ្យ និងឆាប់រហ័ស ដោយមានការចូលរួមពីភាគីទាហាន ដែលស្ថិតក្រោមការបញ្ជារបស់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក​ ហ៊ុន ម៉ាណែត ផងដែរ។

លោក Brad Adams មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវបង្ហាញមុខលោក ស៊ុំ ម៉ឺន នៅតុលាការ និងចោទប្រកាន់គាត់តាមផ្លូវច្បាប់ ឬនាំគាត់ត្រឡប់ទៅផ្ទះវិញឲ្យទៅជួបគ្រួសារ។ ករណីនេះ គឺគួរតែមានការស៊ើបអង្កេតឯករាជ្យ និងឆាប់រហ័សដោយមានការសហការពីខាងកងទាហាន ដែលបញ្ជាដោយកូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នោះ»។

លោក ស៊ុំ ម៉ឺន បានបាត់ដំណឹងជាង ២ខែមកហើយ ដោយតុលាការខេត្តព្រះវិហារបានចេញដីកាចាប់ខ្លួនបុរសរូបនេះ ចំណែកឯឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា OHCHR ក៏បានធ្វើការស៊ើបអង្កេតករណីនេះផងដែរ និងថា កំពុងធ្វើការជាមួយអាជ្ញាធរបន្ដទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ