ក្រុមហ៊ុន​ភាពយន្ដ​អាមេរិក​ ស្នើ​ចាត់​​វិធានការ​លើ​​ក្រសួង​មហាផ្ទៃ ករណី​ផ្សាយ​កម្មវិធី​ដោយ​គ្មាន​ការ​អនុញ្ញាត​

20th Century Fox Film Corporation

ក្រុមហ៊ុនភាពយន្ដរបស់អាមេរិកមួយ ស្នើរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាប់លើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ ដោយចោទថា បានផ្សាយកម្មវិធីរបស់ខ្លួន​ដោយគ្មានការអនុញ្ញាត។

នេះបើយោងតាមលិខិតមួយដែល​រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ លោក ខៀវ កាញារិទ្ធ ផ្ញើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃពុធ ទី២០ ខែមីនា ម្សិលមិញ។ សំណើនេះ ធ្វើឡើងតាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា។​

ប្រភពដដែលឲ្យដឹងថា ក្រុមហ៊ុនភាពយន្ដអាមេរិកឈ្មោះ «20th Century Fox Film Corporation» ឬក្រុមហ៊ុនភាពយន្ដ Fox ទាមទារឲ្យទូរទស្សន៍ Nice TV របស់ក្រសួងមហាផ្ទៃ បញ្ឈប់ការចាក់ផ្សាយកម្មវិធីរបស់ខ្លួនដោយខុសច្បាប់ និងថាការផ្សាយបែបនេះបានធ្វើឲ្យខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិកមួយនេះ។

យោងតាមលិខិតដដែលនេះ ក្រុមហ៊ុនអាមេរិក Fox ស្នើសុំឲ្យស៊ើបអង្កេត និងចាត់វិធានការច្បាប់ចំពោះស្ថានីយ៍ទូរទស្សន៍ Nice TV របស់ក្រសួងមហាផ្ទៃ ដោយថា ស្ថានីយ៍ទូរទស្សន៍មួយនេះបានចាក់ផ្សាយកម្មរបស់ខ្លួនជាច្រើនលើកច្រើនសារ និងមិនដែលឆ្លើយតបនឹងការទាមទាររបស់ខ្លួនឡើយ។

ក្រុមហ៊ុនអាមេរិក Fox រិះគន់ទៀតថា បញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួងមហាផ្ទៃ និងមុខមាត់របស់កម្ពុជានៅលើឆាកអន្ដរជាតិ ដោយថា ការផ្សាយនេះរបស់ទូរទស្សន៍ Nice TV បានរំលោភបំពានច្បាប់អន្ដរជាតិស្ដីពីកម្មសិទ្ធិបញ្ញា និងច្បាប់កម្ពុជាផងដែរ។

VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានទេ។ ចំណែកអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ លោក ម៉ៅ ប៊ុណារិន ក៏មិនអាចសុំការអត្ថាធិប្បាយបានផងដែរ ដោយសារទូរសព្ទចុចចូល គ្មានអ្នកទទួល។

ស្ថានីយទូរទស្សន៍ Nice TV របស់ក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនចិនឈ្មោះ Nice Culture Investment Group ដោយចាក់ផ្សាយកម្មវិធីមួយចំនួន ដូចជា កម្មវិធីសិល្បៈកម្សាន្ដ កម្មវិធីភាពយន្ដ កម្មវិធីផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល និងព័ត៌មានទាក់ទងនឹងកងកម្លាំងនគរបាលជាតិជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ