រដ្ឋាភិបាលកម្ពុជា អះអាងថា ខ្លួនកំពុងការលើកតម្តើងសិទ្ធិមនុស្ស ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប។
កាលពីថ្ងៃទី២០ ខែមីនានេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជួបគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី Paola Pampaloni នាយកគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីភិចនៃអគ្គនាយកដ្ឋានកិច្ចការបរទេសរបស់គណៈកម្មការអឺរ៉ុប អមដំណើរដោយមន្ត្រីសំខាន់ៗមួយចំនួនទៀត ដើម្បីពិភាក្សាគ្នាពីបញ្ហា EBA។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចេញក្រោយជំនួបនោះ ភាគីកម្ពុជាបានបង្ហាញជំហប្រាប់ភាគីសហភាពអឺរ៉ុបថា រដ្ឋាភិបាលកំពុងតែធ្វើនូវអ្វីដែលជាការព្រួយបារម្ភរបស់សហភាពមួយនេះ។
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងទៀតថា៖ « ឯកឧត្តមឧបនាយរដ្ឋមន្រ្តី បានជម្រាបគណៈប្រតិភូសហភាពអឺរ៉ុបអំពីវិធានការចុងក្រោយមួយចំនួន ដែលថារដ្ឋាភិបាលបាននឹងកំពុងប្រកាន់យក ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ EU ពាក់ព័ន្ធនឹងលំហនៃប្រជាធិបតេយ្យ សេរីភាពសង្គមស៊ីវិល សិទ្ធិការងារនិងបញ្ហាដីធ្លី»។
ក្រៅពីនេះ កម្ពុជា ក៏បានបង្ហាញការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដែលបានដំណើរការនីតិវិធីឈានទៅព្យួរ EBAបណ្ដោះអាសន្ន ដោយលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធនេះបានជួយលើកកម្ពស់ជីវភាពកម្មកររោងចក្រជាង៦០ម៉ឺននាក់ និងអ្នកអាស្រ័យពឹងពាក់ពីពួកគេប្រមាណពីរលាននាក់ផ្សេងទៀត។
ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជាបានវាយតម្លៃថា លទ្ធផលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានបង្ហាញគោលជំហរួមគ្នាក្នុងការខិតខំរួមគ្នា ដើម្បីរក្សា EBA មិនឲ្យបាត់បង់ និងបន្តលើកកំពស់ទំនាក់ទំនងភាពជាដៃគូដ៏សំខាន់រវាងកម្ពុជានិងសហភាពអឺរ៉ុប៕