​លោក​ ​ហ៊ុន​​ សែន​​ ព្រ​មាន​​ចាត់​​វិធានការ​​ច្បាប់ ​ដើម្បី​បើ​ក​ផ្លូ​វ​ឲ្យ​ក្រុ​មហ៊ុ​ន​ចិន​​ធ្វើ​ផ្លូ​វ​ទៅ​​កាន់​​ខេត្ត​ព្រះ​សី​ហនុ​​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Expressway ) ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ FN

ប្រមុខរ​ដ្ឋាភិបាល​ ព្រមាន​ប្រើច្បា​ប់អ​ស្សាមិ​ករណ៍​ ដើម្បី​​បើ​​ក​ផ្លូវ​​ឲ្យ​ក្រុ​មហ៊ុន​​​ចិន​​មួ​យ ​អាច​សម្រេ​ចគ​​​​ម្រោង​​ធ្វើ​ផ្លូវ​​ពី​​​ភ្នំ​​​ពេ​​​​ញទៅខេ​​ត្ត​​ព្រះ​​សីហនុ​ ដែលមានចំ​ងា​យ​ជា​ង​១៩០គីឡូម៉ែត្រ ។

​ក្នុង​ពិធី​បើកកា​រដ្ឋា​នផ្លូវល្បឿនលឿន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ ​លោក ​ហ៊ុន ​សែន ថ្លែ​ងថា ​ផ្លូវ​​នេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៥ មានរាជធានីភ្នំពេញ កណ្តាល កំពង់​ស្ពឺ កោះកុង និងខេត្តព្រះសីហនុ ដែល​​ប៉ះ​ច្រើ​​ន​ជាង​គេ​រហូតដល់ជិត៩០គីឡូ។ ​មេដឹកនាំរូបនេះ អំពាវនាវឲ្យមាន​ការយោគយល់​ដល់ការ​​ចុះ​ដោះ​​ស្រា​យសំណង។

រូបផ្លូវល្បឿនលឿនដែលទើបចាប់ផ្ដើមសាងសង់ ក្នុងពិធីការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញ-ព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

ប៉ុន្តែ លោក ហ៊ុន សែន ព្រមានថា រដ្ឋាភិបាលនឹងប្រើវិធានការច្បាប់ជាជម្រើសចុងក្រោយ ដូចតំបន់​អភិវ​ឌ្ឍន៍មួ​យ​​ចំនួនដែរ បើការចរចាផ្តល់សំណងពីផលប៉ះពាល់ត្រូវបានបរាជ័យ​។​

លោកថា៖ «ករណីស្ពានអ្នកលឿង រាប់រយគ្រួសារចេញអស់ហើយ ដោះស្រាយ ប៉ុន្តែនៅសល់​២គ្រូសារអត់​ព្រម​ចេញ ដល់អញ្ចឹងត្រូវធ្វើម៉េច! ទុកឲ្យស្ពានអ្នកលឿងកសាងមិនបាន? ដោយជំនួយរបស់ជប៉ុន មានអីច្បាប់អស្សា​មិករណ៍​ត្រូវបានអនុវត្តដោយរើផ្ទះហ្នឹងចេញហ្មង ហើយយកធ្វើស្ពាន។ ថ្នល់ពីថ្នល់កែងដល់​ខេត្តសៀមរាប​។​ ជាង៤ពា​ន់គ្រួ​សារចា​កចេញយកថ្នូរជាប្រាក់ចាកចេញ នៅសល់៤២គ្រួសារមិនព្រម​ អញ្ចឹងត្រូវធ្វើម៉េច គឺច្បាប់អស្សាមិ​ករណ៍​ត្រូវអនុវត្ត។ អាហ្នឹង រឿងវាតែប៉ុណ្ណឹង»។

ច្បាប់អស្សាមិករណ៍ មាត្រា៤ ពន្យល់ថា អស្សាមិករណ៍សំដៅដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ រួមមា​ន ដី​ សំណង់ និងដំណាំដាំដុះ​ សម្រាប់បម្រើការស្ថាបនា ស្តារ និងពង្រីកហេ​ដ្ឋារចនាសម្ព័ន​រូបវ័ន្តសាធា​រណៈ ដែ​ល​​ប​ម្រើ​ប្រ​យោជន៍សាធារណៈ និងប្រយោជន៍ជាតិ។

ប៉ុន្តែ មាត្រា១៩ ចែងថា៖ «ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ និងសិទ្ធិប្រត្យក្ស អាចធ្វើទៅបា​នលុះណាតែគ​ណៈ​កម្មា​ធិការ​ អស្សា​មិករណ៍ បានផ្តល់សំណងឲ្យម្ចាស់អចលនវត្ថុ និងម្ចាស់កម្មសិទ្ធិជាមុន ​ដោយសមរម្យនិ​ងយុ​ត្តិ​ធម៌»។

នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ដើម្បីជំរុញ​តម្លា​​ភាពនៃការដោះស្រាយសំណង រដ្ឋាភិបាលគួរជំរុញយន្តការដោះស្រាយមុនអនុញ្ញាតឲ្យ​ក្រុមហ៊ុនអនុវត្តគ​ម្រោង​។

លោក យង់ គិមអេង បង្ហាញការព្រួយបារម្ភថា ករណីនេះ អ្នករងផលប៉ះពាល់អាចប្រឈម​ទៅនឹងកា​រដាក់​ស​ម្ពា​​ធ​ ឲ្យ​ទ​ទួលយកសំណងតិចតួច ឬត្រូ​វបណ្តេ​ញចេញទាំង​បង្ខំ ដូចតំបន់អភិវឌ្ឍន៍មួយចំនួនទៀតដែលបាន​កើត​ឡើង​កន្លង​​​មក បើការដោះស្រាយនោះមានការឃុបឃិតគ្នាជាប្រព័ន្ធពីមន្ត្រីចុះអនុវត្តច្បាប់នោះ។

លោកថា៖ «ផលប្រយោជន៍ជាតិ វាធំជាងប្រយោជន៍បុគ្គលម្នាក់ៗមែន។ ក៏ប៉ុន្តែ នៅក្នុងនោះដែរ ដើម្បីបង្ហាញពី​ការទ​ទួល​​​ខុសត្រូវ រដ្ឋត្រូវតែដោះស្រាយកុំឲ្យប្រជា​ជនគាត់រងការឈឺ​ចាប់ដែរ។ ធ្វើយ៉ាងណាឲ្យ​ប្រជាពលរដ្ឋហ្នឹ​ង​អា​ច​ទ​ទួ​ល​បា​នសំណងសមរម្យ ដែលអាចធ្វើឲ្យគាត់អាចទៅរកផ្ទះ[ថ្មី]បានសមរម្យ បើសិនជាចំផ្ទះគាត់»។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា លោក ស៊ុន ចាន់ថុល អះអាងថា ផ្លូវល្បឿន​លឿន​មួយ​ខ្សែ​ប្រវែងជាង១៩០គីឡូម៉ែត្រនេះ តភ្ជាប់ពីភូមិ១ ក្នុង​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធា​នីភ្នំ​ពេញ ទៅ​ដ​ល់​ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះ វិនិយោគតាមរូបភាពសាងសង់ ធ្វើអា​ជីវក​ម្ម ហើយប្រើ​រយៈ​ពេ​ល​សាង​សង់៤ឆ្នាំ ចំណាយថវិកា២ពាន់លានដុល្លារ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co. Ltd។

បើតា​មអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ខុង សៀនយ៉ូ  ដែលបា​នចូល​រួមក​ម្មវិធិ​នេះ​ដែរ បានអះអាងថា ផ្លូវល្បឿនលឿនមួយខ្សែនេះ កើតចេញពីចំនុចចាប់​ផ្តើមនៃគោ​លន​យោបា​យខ្សែក្រ​វ៉ាត់មួ​យ​ផ្លូ​វមួយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ