កម្មករ​ជាង​ ៨០​នាក់​នៅ​ខេត្ត​កណ្ដាល​​ដួល​សន្លប់​ បន្ទាប់​ពី​ធំ​ក្លិន​ចេញ​ពី​ការ​​ផ្សា​ទុយោទឹក​

កម្មការិនីចំនួន៨៤នាក់ នៃរោងចក្រកាត់ដេរ ឥណ្ឌូចិន អឹភែរឹល ខេមបូឌា បានដួលសន្លប់បន្ដបន្ទាប់គ្នា ព្រោះធំក្លិនខ្យល់មិនល្អចូលក្នុងរោង ខណៈដែលជាងដែកកំពុងផ្សារទុយោនៅក្បែររោងចក្រ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។ រូបភាព៖ ហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

កម្មការិនីបម្រើការងារនៅរោងចក្រ​កាត់ដេរសម្លៀកបំពាក់ ឥណ្ឌូចិន អឹភែរឹល ខេមបូឌា ស្ថិត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដួល​សន្លប់ ក្រោយពីធំក្លិ​នចេញពីការ​​ផ្សាដែក និងទុយោទឹកនៅ​ក្នុងរោងចក្រ។

ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន ប្រាប់ វីអូឌី នៅថ្ងៃនេះ ថាកម្មករដែលបានដួលសន្លប់ បន្ទាប់ពីពួកគេធំក្លិនពីការ​ផ្សាដែក និង​ទុយោទឹកនៅ​ក្នុងរោងចក្រនោះ។ លោកបន្តថា អ្នកដួលសន្លប់មានចំនួន ៨៤នាក់ជាស្ត្រី  ហើយក្នុងចំណោម ៨៤នាក់នោះ គឺស្រ្ដី​មានផ្ទៃពោះ២នាក់។

លោកថា៖ «ផ្សារដែកផ្សាធុងជ័រ។​​ គេកំពុងជួសជុលធុងជ័រ ដាក់ទឹកដាក់អីហ្នឹងទៅ ទុយោទឹកអីទៅ គាត់ទ្រាំក្លិនហ្នឹងមិនបាន ក៏គាត់នេះទៅ [សន្លប់] ជាង៨០ នាក់ ទៅដល់ពេទ្យ [ឥឡូវ] គាត់វិលមកវិញមក។ នៅសល់តែអ្នកមានផ្ទៃពោះប៉ុន្មាននាក់ គាត់នៅបញ្ចូលសេរ៉ូមគាត់ខ្សោយអញ្ចឹង គាត់វិលមុខអីអញ្ចឹងទៅ មិនមានអីធំដុំទេ»។

មន្រ្ដីនគរបាល ​ឲ្យដឹងថា កម្មករកម្មការិនី​ដែលធ្វើការ​ក្នុងរោង​ចក្រកាត់ដេរ ឥណ្ឌូចិន អឹភែរឹល ខេមបូឌាមាន​ចំនួន​៣២៥០នាក់ ប្រុស២៦៧នាក់ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ