អ្នក​ឃ្លាំ​មើលបញ្ហាសង្គម​៖​ ការ​​ជួយ​គ្រួសារ​បុរស​ដែល​ត្រូវ​ប្លន់​សម្លាប់​​ បង្ហាញ​​ពី​ទំនួល​​ខុសត្រូវ​ខ្ពស់របស់​​​ជប៉ុន​

គ្រួសារជនរងគ្រោះប្រារព្ធពិធីបុណ្យសព ចំពោះបុរសដែលត្រូវជនជាតិជប៉ុនប្លន់សម្លាប់ លោក ហ៊ឹម ចាន់​។ រូបភាព៖ cne.wtf

អ្នកឃ្លាំមើលបញ្ហាសង្គម ចាត់ទុកការបង្កើតមូលនិធិជួយគ្រួសារសពបុរសម្នាក់ដែលត្រូវ​ជនជាតិជប៉ុនពីរនាក់​ប្លន់​សម្លាប់ ជាការទទួលខុសត្រូវខ្ពស់របស់​​រដ្ឋាភិបាល និងប្រជាជន​ជប៉ុន។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនជនជាតិជប៉ុនពីរនាក់ ករណីប្លន់សម្លាប់បុរសជាអ្នករត់តាក់ស៊ីម្នាក់ នៅស្រុកពួក ខេត្តសៀមរាប ដើម្បីប្លន់យករថយន្ត។ ជនរងគ្រោះដែលស្លាប់នោះ​មានឈ្មោះ ហ៊ឹម ចាន់​ រស់នៅភូមិជាន់ត្រាច​ ឃុំឈូកដាច់​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ។

ក្រោយហេតុការណ៍នេះ ទាំងស្ថាន​ទូតជប៉ុន និងពលរដ្ឋ​របស់​ខ្លួន​បានបង្ហោះសារផ្ញើរចូលរួមរំលែកទុក្ខដល់គ្រួសារសព ដោយសម្តែង​នូវការសោក​ស្តាយបំផុត​ចំពោះទង្វើរបស់​បុរស​​ទាំងពីរនាក់នោះ។ មិនត្រឹម​តែប៉ុណ្ណោះ ប្រជាជន​ជប៉ុនមួយចំនួន​ក៏បាន​រៃអង្គាសប្រាក់ និង​កៀងគរបង្កើតជាមូលនិធិសម្រាប់​ជួយទំនុកបម្រុងគ្រួសារសពផងដែរ។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់​ គិមអេង យល់ថា ការដែលជប៉ុនផ្ញើសារចូលរួមរំលែកទុក្ខ និងជួយថវិកាដល់គ្រួសារជនរងគ្រោះនេះ បង្ហាញឲ្យឃើញពីការទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលជប៉ុន ចំពោះទង្វើដែលពលរដ្ឋរបស់ខ្លួនបានប្រព្រឹត្តកន្លងមក។

លោកបន្តថា ជប៉ុនផ្ញើសារនេះ ក៏ជាការព្រមានដល់ពលរដ្ឋរបស់ខ្លួន កុំឲ្យប្រព្រឹត្តទង្វើខុសឆ្គងទៀត ដោយជប៉ុនចាត់ទង្វើនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ ក៏ដូចជាពលរដ្ឋជប៉ុនទាំងមូលផងដែរ។

លោកថា៖ នេះជាសារមួយប្រាប់ទៅប្រជាជនជប៉ុនទាំងមូលថា ទង្វើបែបនេះ ទាំងរដ្ឋាភិបាលជប៉ុន ទាំងប្រជាជាតិជប៉ុន គេអត់អាចទទួលយកបានទេ ហើយជាសារមួយដែរ​ [បង្ហាញថា] ពួកគេ [ជប៉ុន]ស្អប់ខ្ពើម ទង្វើបែបនេះ។ អញ្ចឹងហើយ បានជាគេទៅចូលរួមគាំទ្រ គេបង្ហាញទឹកចិត្តរបស់គេចំពោះប្រជាជាតិទៅចំពោះជនរងគ្រោះហ្នឹង ដើម្បីឲ្យគេបានធូរក្នុងអារម្មណ៍ នៅក្នុងចិត្តរបស់គេ កុំឲ្យអារម្មណ៍ដូចជានៅក្នុងចិត្តរបស់គេពោលពេញទៅក្ដីឈឺចាប់ ហើយនិងទុក្ខកង្វល់ វាខ្លាំងពេក!»។

អ្នកនយោបាយជើងចាស់ម្នាក់ លោក ឡៅ ម៉ុងហៃ ចាត់ទុកការចូលរួមរំលែកទុក្ខ និងការបង្កើតមូលនិធិជួយជនរងគ្រោះនេះ បានពីការឈឺចាប់របស់រដ្ឋាភិបាលនិងពលរដ្ឋជប៉ុនផងដែរ។ លោកបន្តថា សារនេះក៏បង្ហាញពីការទទួលខុស និងជាគំរូល្អសម្រាប់ប្រទេសផ្សេងៗទៀតធ្វើតាមផងដែរ។

លោកថា៖ «​ការធ្វើបែបនេះ ជាការលុបលាងការអៀនខ្មាស់ គឺគេចេញលុយសង ហើយគេសុំទោសទៀតផង នេះជាការទទួលខុសត្រូវខ្លាំងណាស់។ អញ្ចឹង ជនជាតិដទៃទៀត គួរតែរៀនពីជប៉ុន»។

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន ក៏យល់ឃើញប្រហាក់​ប្រហែលនឹង​លោក យង់​ គិមអេង និងលោក ឡៅ ម៉ុងហៃ ដែរ។

លោកថា៖ «គេមិនត្រឹមតែទទួលខុសត្រូវ ចំពោះទង្វើទាំងអស់នោះទេ គេក៏បង្ហាញពីសន្ដានចិត្ត ដូចជា ការជួយគ្រួសារអ្នកដែលរងគ្រោះ។ កន្លងមក ដូចជាកម្រឃើញស្ថាតទូតមុខសុំទោស ឬក៏បង្កើតជាមូលនិធិ ដើម្បីជួយដល់គ្រួសារជនរងគ្រោះ ដូចជាស្ថានទូតជប៉ុន និងជនជាតិជប៉ុនហ្នឹងណាស់»។

គួរបញ្ជាក់ថាក្រោយ​ការ​ប្លន់​សម្លាប់បុរសជន​ជាតិ​ខ្មែរដោយ​ជនជាតិ​ជប៉ុន​ទាំងពីរនាក់នោះ ​សមាគមជប៉ុនប្រចាំកម្ពុជា បានបង្កើតមូលនិធិមួយស្វែងរកប្រាក់ដើម្បីជួយដល់គ្រួសារសព។ ជាមួយគ្នា​នេះប្រធានក្លឹប Angkor Tiger លោក Akihiro Kato បង្ហាញការសុំទោសដល់ប្រជាជនកម្ពុជា ករណីដែលជនជាតិជប៉ុនពីរនាក់សម្លាប់ពលរដ្ឋខែ្មរ នៅលើទំព័រហ្វេសប៊ុក Cambodia Football News។ ក្រៅពីបង្ហាញការសុំទោស លោក Akihiro Kato ប្រធានក្លឹប Angkor Tiger និងមិត្តភក្ដិរួមជាមួយកីឡាករជនជាតិជប៉ុនដែលប្រកបអាជីពនៅកម្ពុជា បានជួយថវិកាដល់គ្រួសារជនរងគ្រោះផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ