តុលាការ​បន្ដ​ច្រាន​ចោល​សំណើ​សុំ​ទម្លាក់​បទ​ចោទ​លើ​លោក​ កឹម​ សុខា

លោក កឹម សុខា (រូបថត៖ FB)

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបន្ដច្រានចោលសំណើរបស់ក្រុមមេធាវីការពារ ដែលស្នើសុំជាថ្មីឲ្យទម្លាក់ការចោទប្រកាន់លើអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា។

មេធាវីម្នាក់ដែលការពារក្ដីឲ្យលោក កឹម សុខា គឺលោកមេធាវី ផែង ហេង ប្រាប់ VOD ថា កាលពីថ្ងៃច័ន្ទម្សិលមិញ ក្រុមមេធាវីបានទទួលដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបន្ដច្រានចោលសំណើសុំទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា ខណៈដែលដំណើរការស៊ើបអង្កេតបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំមកហើយក្ដី។

លោកមេធាវី ផែង ហេង បន្ដថា ក្រុមមេធាវីនឹងជួបជាមួយកូនក្ដី ថាតើនឹងត្រូវធ្វើអ្វីបន្ដទៀត។

លោកមេធាវី ផែង ហែង បន្ដថា៖ «ម្សិលមិញ យើងទទួលបានដីកាពីតុលាការច្រានចោលពាក្យស្នើសុំរបស់សហមេធាវី សុំឲ្យលើកលែងចោទ […] ដោយសារតែចំណុចអស់ហ្នឹងដែលយើងស្នើសុំឲ្យលើកលែងការចោទប្រកាន់មកលើកូនក្ដី ប្រើពេលអស់ជាង ១ឆ្នាំ ជិត២ឆ្នាំហើយ»។ 

ក្នុងពិធីមួយកាលពីថ្ងៃម្សិលមិញផងដែរ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានគំរាមជាថ្មីថា នឹងគ្មានការដោះលែង ឬលើកលែងទោសឲ្យលោក កឹម សុខា នោះឡើយ ដោយលោកចោទអតីតមេដឹកនាំបក្សប្រឆាំងរូបនេះថា បាន​រារាំងអតីតមន្ដ្រី​គណបក្សប្រឆាំងមិនចេញទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ។

លោក ហ៊ុន សែន ថ្លែងថា៖ «មានណាអ្នកខ្លះនៅឃុំក្នុងផ្ទះនៅឡើយ តែព្រមានគេកុំឲ្យសុំសិទ្ធិធ្វើនយោបាយ ចាំហ្អែងរួចខ្លួនទៅ អញមិនឲ្យហ្អែងរួចខ្លួនទេ។ តែតុលាការកាត់ហើយ គ្មានរញ៉េរញ៉ៃទេ ព្រោះមិនដែលអាណាជាប់ខ្លួនហើយ សុទ្ធតែជេរគេអាក្បត់ជាតិ អាលក់ខ្លួន លក់សតិសម្បជញ្ញៈ គ្រប់សព្វហ្នឹង លាបពណ៌ឲ្យអតីតសហការីខ្លួនឯង»។

ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការហាមឃាត់លោក កឹម សុខា ឲ្យនៅតែក្នុងផ្ទះ និងនីតិវិធីស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ បានប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់លោក។

មន្ដ្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សរូបនេះ យល់ថា លទ្ធភាពនៃការដោះលែង ឬទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា នោះគឺអាស្រ័យទៅលើអ្នកនយោបាយច្រើនជាងសេចក្ដីសម្រេចរបស់តុលាការ ហើយមួយវិញទៀត អាចមកពីការជម្រុញកាន់តែខ្លាំងរបស់សហគមន៍អន្ដរជាតិតែប៉ុណ្ណោះ។

លោកបន្ដថា៖ «បើយើងនិយាយពីផលប៉ះពាល់ គឺដល់សិទ្ធិសេរីភាពរបស់គាត់ធ្ងន់ធ្ងរ សេរីភាពនៃការដើរហើរ សេរីភាពក្នុងការជួបប្រាស្រ័យទាក់ទង ឬក៏សេរីភាពក្នុងឆាកនយោបាយ […] ជាពិសេសនៅស្រុកខ្មែរវាជាទម្លាប់ ការដោះលែងអ្នកនយោបាយកន្លងមកនោះ គឺនៅកាលៈទេសៈមួយនៃការចរចាគ្នា ត្រូវរ៉ូវគ្នា ឱកាសហ្នឹង គឺអាចមានការដោះលែង ហើយមួយទៀត គឺសម្ពាធពីអន្ដរជាតិ»។  

ករណីនេះ អង្គការអន្ដរជាតិចំនួន២ គឺអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch និងគណៈកម្មាការអ្នកច្បាប់អន្ដរជាតិ ក៏បានថ្កោលទោសការបន្ដឃុំខ្លួនលោក កឹម សុខា ផងដែរ ដោយថា មានលក្ខណៈនយោបាយ និងបំពានច្បាប់អន្ដរជាតិទាក់ទងនឹងការទទួលបានការជម្រះក្ដីដោយយុត្ដិធម៌ និងឆាប់រហ័ស។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនទាំងយប់ ​កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីសំណាក់​រដ្ឋាភិបាលបក្សកាន់អំណាចថា ​បានឃុប​ឃិត​ជាមួយ​​អាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

លោក កឹម សុខា ក៏ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំខ្លួនបណ្តោះអា​សន្ន​នៅឯ​​​​​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ​ ជាប់ព្រំដែនវៀតណាម​​ជិត ១ឆ្នាំ ទើបបញ្ជូនមកឃុំខ្លួននៅក្នុងផ្ទះវិញ នៅរាជធានីភ្នំពេញ។

ក្រោយពីផ្ទេរមកជាប់ឃុំខ្លួននៅក្នុងផ្ទះវិញហើយនោះ លោក កឹម សុខា ក៏ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមវិធានការតាមផ្លូវតុលាការមួយចំនួន ដូចជាហាមឃាត់មិនឲ្យប្រាស្រ័យទាក់ទងជាមួយបរទេស និងមន្ដ្រីបក្សប្រឆាំងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ