​អគ្គ​លេខា​ធិការ​​សហព័ន្ធ​​កាយ​​វប្បកម្ម​លា​លែង​តំណែង​​ ក្រោយ​គ្មាន​ដំណោះស្រាយ​ប្រាក់​រង្វាន់​កីឡាករ​

​អគ្គលេខាធិការ​ខេមរៈសហព័ន្ធ​កាយ​វប្បកម្ម​និង​លំហាត់ប្រាណ (CBBFF) លោក តឹក ប៊ុនវី ។ រូបភាព៖ ហ្វេសប៊ុក 168 GYM

មន្ត្រីជាន់​ខ្ពស់មួយរូប​នៅ​សហព័ន្ធកាយ​វប្បកម្ម​ ប្រកាស​លាលែង​ពី​តំណែ​ង ដោយ​សារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​ និងមានភាពមិនប្រក្រតីក្នុងការផ្តល់ប្រាក់រង្វាន់​សម្រាប់​កីឡាករ​កាយ​វប្បកម្មដែលកើតឡើងថ្មីៗនេះ។

​អគ្គលេខាធិការ​ខេមរៈសហព័ន្ធ​កាយ​វប្បកម្ម​និង​លំហាត់ប្រាណ (CBBFF) លោក តឹក ប៊ុនវី បានប្រកាសឲ្យ​ដឹងពី​ការ​លាលែង​​តំណែង នៅលើទំព័រហ្វេសប៊ុករបស់​លោកកាល​ពី​ថ្ងៃសៅរ៍​ទី​២៣ ខែមីនា​ និង​​សម្តែង​ការ​មិន​សប្បាយចិត្ត​នឹង​ការ​ដឹកនាំ​របស់​ប្រធាន​សហព័ន្ធបច្ចុប្បន្ន​ ដោយលោក​​ចោទប្រកាន់ថា ប្រធាន​​រូបនេះមិន​បានគិត​ដល់ប្រយោជន៍​រួម។​

លោក​បាន​ប្រកាសថា៖ «​ខ្ញុំបាទ តឹក ប៊ុនវី ជាអគ្គលេខាធិការ​ ខេមរៈសហព័ន្ធ​កាយ​វប្បកម្ម​និង​ជាកីឡាករ​ជម្រើស​ជាតិ​ម្នាក់ដែរ សូម​ប្រកាស​លាលែង​ពីសហព័ន្ធ​ចាប់ពី​ពេលនេះតទៅ មូលហេតុមកពីប្រធាន​សហព័ន្ធ​គិត​តែ​ពីផល​ប្រយោជន៍​ផ្ទាល់ខ្លួន​»។

លោក តឹក ប៊ុនវី ជា​ម្ចាស់​មេដាយ​មាស​អាស៊ីអាគ្នេយ៍មុនគេ​នៅឆ្នាំ​២០១៦​ និង​មេដាយសំរឹទ្ធ​ពិភពលោកនៅ​ឆ្នាំ​២០១៦​ ផងដែរ។ លោកបានចោទប្រកាន់​លោក ស៊ីម សុក​មង្គលរស្មី ជា​ប្រ​ធាន​សហព័ន្ធ​បច្ចុប្បន្ន​ថា បាន​យក​ចំណេញពីកីឡាករ​ ដោយ​យក​កីឡាករ​ធ្វើ​មុខ​ជំនួញ​ ដើម្បី​រៃអង្គាស​ប្រាក់ពី​បរទេស ប៉ុន្តែ​មិនបាន​ដាក់​ប្រាក់ទៅ​ក្នុងសហព័ន្ធទេ។​

​ប្រធាន​ខេមរៈសហព័ន្ធ​កាយ​វប្បកម្ម លោក ស៊ីម សុកមង្គលរស្មី បាន​ប្រាប់​ VOD ថា លោក​បានដឹងពីការ​ប្រកាស​លាលែងនេះមែន ប៉ុន្តែ​លោក​ថា ​នៅមិន​ទាន់​ដឹង​ច្បាស់​ថា ជា​ការ​លាលែងផ្លូវ​ការ​ឬយ៉ាងណា​នោះទេ។ លោកបាន​បដិ​សេធ​​ផ្តល់​ព័ត៌មាន​លម្អិតចំពោះការចោទប្រកាន់មកលើរូបលោក។​

 លោក ស៊ីម សុកមង្គលរស្មី ​បាន​មានប្រសាសន៍ថា៖ «ខ្ញុំអត់​មាន​ឆ្លើយ​តប​អ្វីទេ។ គេចោទស្អីៗតាមតែគេទៅ​។ គេនិយាយអី្វតាម​គេទៅ»។

ការ​លាលែង​របស់​អគ្គលេខាធិការ​រូបនេះ​ កើត​មាន​ក្នុងរយៈ​ពេលប្រមាណ​ពីរ​សប្តាហ៍ បន្ទាប់ពី​​មាន​​ភាពចម្រូង​ចម្រាស​ជុំវិញបញ្ហា​ប្រាក់រង្វាន់​សម្រាប់​កីឡាករ​កាយ​វប្បម្ម សំបូរ សុភ័ណ្ឌ ដែលទើប​ទទួល​បាន​មេដាយ​មាស​ពិភព​លោក​កាលពីពាក់កណ្តាល​ខែ​ធ្នូ​ ឆ្នាំ​២០១៨​កន្លងទៅ​នេះ ​និង​ស្របពេល​ដែល​កីឡាករ​មួយចំនួន​ទៀត​ប្រកាស​លាលែង​ពីក្រុមជម្រើស​ជាតិ។

លោក សំបូរ ណាន ជា​ម្ចាស់​មេដាយមាសពិភព​លោក​ឆ្នាំ​២០១៧​ ក៏បាន​បង្ហា​ញ​ការ​មិនពេញ​ចិត្តរបស់​​លោក​ចំពោះ​ការ​ដឹកនាំរបស់​ប្រធាន​បច្ចុប្បន្ន​ផងដែរ ហើយ​ថា សហព័ន្ធមួយនេះ​អាចនឹង​ត្រូវ​រំសាយ​។

លោក សំបូរ ណាន បានមានប្រសាសន៍ថា៖ «​ខ្ញុំ​គិត​ថា បើសិននៅតែ​ប្រធានដើមដដែល ខ្ញុំគិត​ថា អត់មាន​ការ​រីកចម្រើន​ទៅមុខ​ទេ​។ ខ្ញុំគិត​ថា មិនយូរ​ទេ ប្រហែលជា​រំសាយ​»​។

លោក សំបូរ ណាន ក៏បាន​សម្តែង​ការ​ខកចិត្ត​របស់​លោក​ផងដែរ ខណៈពេលកីឡាកាយវប្បកម្ម​ទើប​នឹង​មាន​ការ​រីកចម្រើនខ្លាំង​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប៉ុន្តែបែរជា​មិន​សូវ​ទទួល​បាន​យក​ចិត្ត​ទុក​ដាក់​និង​ឧបត្ថម្ភគាំទ្រ​ពី​ស្ថាប័នពាក់ព័ន្ធទៅវិញ​​។ លោក​ថា មក​ដល់ពេលនេះ​មាន​កីឡាករ​ខ្លាំង​ៗដូចជា​ ប្រាក់ សុបិន សំបូរ នន់ និង​រូប​លោក​ផ្ទាល់​បាន​ប្រកាស​លាលែងនិង​សម្រាក​ពីក្រុមជម្រើសជាតិ​​ ចំណែ​ក​ប្អូន​ប្រុស​របស់​លោកឈ្មោះ សំបូរ សុភ័ណ្ឌ ស្ថិតក្នុង​ការ​ពិចារណា។

លោកបានមានប្រសាសន៍ថា៖​ «ប្រសិនបើ​ក្រសួង​នៅ​តែធ្វើ​មិនអើ​ពើ​ជាមួយ​អ្នក​កីឡាករ​ [ខ្ញុំ​] គិត​ថា គ្មាននរណាមានកម្លាំង​ចិត្ត​នឹង​ទៅប្រកួត​ទេ ព្រោះពេលចេញប្រកួត​ម្តងៗខាងក្រសួង​ក៏មិនដែលបាន​ជួយស្អីដែរ។ មានតែកីឡាករ​រកលុយខ្លួនឯង។ ហូបចុកខ្លួន​ឯង»។

ភាពចម្រូងចម្រាសនិង​ការ​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​បានកើត​មាន​ភ្លាមៗ បន្ទាប់ពី​​កីឡាករ​ សំបូរ សុភ័ណ្ឌ បាន​បង្ហោះ​សារនៅលើ​ទំព័រហ្វេសប៊ុករបស់ខ្លួន​ អំពាវនាវ​សុំអន្តរា​គមន៍​ពីលោកនាយករដ្ឋម​​ន្ត្រី ដោយ​អះអាងថា ក្រសួង​បាន​ទម្លាក់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​១២០លាន​រៀល​មក​ត្រឹម​២០លានរៀលវិញ។

កីឡាករ សំបូរ សុភ័ណ្ឌ អាយុ​២៤​ឆ្នាំ​ដែល​មាន​ចំណូល​ចិត្ត​នឹង​កីឡាកាយ​វប្បកម្ម​តាំង​ពី​អាយុ​១៦​ឆ្នាំ​បាន​សម្តែង​ការខកចិត្ត​ ហើយ​ថា ទាំង​លោកនិង​សហព័ន្ធរបស់​លោក​មិនទទួល​​បានការ​បញ្ជាក់​ឲ្យ​ដឹងជាមុនជុំវិញប្រាក់​រង្វាន់​ ​២០​លាន​រៀលនោះដែរ។

លោកបានមានប្រសាសន៍ថា៖ «ចឹងខ្ញុំ​មាន​អារម្មណ៍ថា តូចចិត្តនិង​បាក់ទឹកចិត្តពីព្រោះថា ប្រាក់រង្វាន់ដែលខ្ញុំរំពឹងគឺ១២០លាន»។

កន្លង​មក​លោក តឹក ប៊ុនវី ធ្លាប់បាន​និយាយ​ថា ​លោក​នឹង​ដើរ​ចេញពី​សហព័ន្ធ​​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​សម្រាប់​កីឡាកររបស់​លោក​។ ​លោក​បាន​អះអាងថា ​លោក​មិន​អាច​ទទួលយក​បានទេ​ ដោយសារ​លោក​ទើប​ទទួលបាន​​ប្រកាសចុះថ្ងៃទី៣១ ខែមករា​ ឆ្នាំ​២០១៩ របស់​ក្រសួងអប់​រំ យុវជននិងកីឡាករ​​នៅ​ដើម​ខែមីនានេះ​ ដែល​ប្រកាស​ផ្តល់​​ប្រាក់រង្វាន់មេដាយ​មាសពិ​ភព​​លោក​ត្រឹម​២០លានរៀល​ ដែលខុស​ពីបណ្តាឆ្នាំ​កន្លង​មក​និងខុស​ពី​​ការ​រំពឹង​ទុក​របស់​កីឡាករ​មុន​ពេល​ចេញ​ទៅ​ចូល​រួម​ប្រកួត ហើយ​ថា ក្រសួង​គួរ​ប្រកាសឲ្យដឹងមុន​ពេលកីឡាករ​ចេញទៅប្រកួត។

បញ្ហា​នេះបាន​ធ្វើ​ឲ្យ​មាន​ការ​ចោទប្រកាន់​ថា មាន​ការ​កាត់យក​ប្រាក់​រង្វាន់​១០០​លាន​រៀល ប៉ុន្តែ​តំណាងក្រសួងអប់រំ​​លោក អ៊ុក​ សិទ្ធិ​ជាតិ អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជននិងកីឡា ​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ទាំង​នេះ​ ដោយ​លោកលើកឡើងថា អ្វីៗគឺធ្វើ​ទៅតាម​គោលការណ៍​ដែល​បាន​គំណត់​ដោយ​ក្រសួង​អប់រំ យុវជននិង​កីឡាករ​និង​ក្រសួងហិរញ្ញវត្ថុ​ ហើយ​ថា គ្មាន​ដំណោះស្រាយ​អ្វី​លើសពីនេះ​ទេ។

លោក អ៊ុក សិទ្ធិជាតិ បាន​មានប្រសាសន៍ថា៖ «គោលការណ៍ចឹង ខ្ញុំមាន​សិទ្ធិ​ស្នើ​ទៅក្រសួង​ហិរញ្ញវត្ថុ​ប៉ុណ្ណឹង ហើយ​ខ្ញុំក៏គ្មាន​សិទ្ធិ​ដាក់​លើស​ដែរ បើខ្ញុំដាក់លើស​ក៏ខ្ញុំមានទោស​ដែរ»។

លោកបន្ថែមថា គោលការណ៍របស់​រដ្ឋាភិបាល​កំណត់​ប្រាក់​រង្វាន់លើក​ទឹកចិត្ត​២០​លាន​រៀល​សម្រាប់​ជើងឯកពិភពលោកនេះ ​គឺត្រូវ​បានផ្សព្វផ្សាយ​ទូលំទូលាយ ​ហើយត្រូវ​បាន​អនុវត្តដូចៗគ្នា​ទាំង​អស់​មិនមែនតែ​ចំពោះកីឡាកាយវប្បកម្ម​ប៉ុណ្ណោះទេ។ លោកថា ប្រាក់​រង្វាន់​លើកទឹកចិត្ត​១២០​លាន​រៀលវិញគឺ ឈរលើគោលការណ៍ពិសេស​ ព្រោះ​កន្លង​មក​កម្ពុជាមិនសូវ​ទទួល​បាន​មេដាយ​។

​បច្ចុប្បន្ន កម្ពុជា​មាន​សហព័ន្ធ​កីឡាករ​ដល់ទៅ​៥២សហព័ន្ធ​ក្នុងនោះ មាន​២៥​សហព័ន្ធ​ជា​កីឡាករ​អូឡាំពិក និង​២៧​សហព័ន្ធ​មិន​មែនជា​កីឡា​អូឡាំពិក។ កីឡាករកម្ពុជា ទទួលបាន​មេដាយ​មិន​តិច​ជាង១៥០​គ្រឿង​ ​ក្នុងមួយ​ឆ្នាំ​ៗក្នុង​កម្រិត​ពិភព​លោក កម្រិត​ទ្វីប កម្រិត​តំបន់។​

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូន​កីឡាករ​​​៥រូបទៅចូល​​រួ​មប្រ​កួត​ជ្រើសរើស​ជើងឯកពិ​ភព​លោកលើកទី​១០​ ពីថ្ងៃទី​១១​ដល់​ថ្ងៃទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​​ នៅទីក្រុងឈៀង​ម៉ៃ​ ប្រទេសថៃ ដែលមាន​៥១​ប្រទេសចូល​រួម​។ ក្នុងចំណោម​កីឡាករ​កម្ពុជា​៥​រូប​ មាន​តែកីឡារ សំបូរ សុភ័ណ្ឌ​ ម្នាក់គត់ទទួលបាន​មេដាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ