រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ជា​ដៃគូ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​

ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ រូបភាព៖ FN

រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​តាម​វិស័យ​ ដើម្បី​ធ្វើជា​ដៃគូ​ពិភាក្សា​ការងារ​ជាមួយ​វិស័យ​ឯកជន​ ហើយ​ក្រុមការងារ​នេះ​មាន​សមាសភាព​មក​ពី​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។

សេចក្តី​សម្រេច​មួយ​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​កពី​ថ្ងៃ២៥ ខែមីនា​ បាន​ប្រកាស​តែងតាំង​សមាសភាព​ក្រុមការងារ​តាម​វិស័យ​ សម្រាប់​ពិភាក្សា​ការងារ​ជាមួយ​វិស័យ​ឯកជន​ ដោយមាន​ចំនួន១២​ ក្រុម​ និង​មាន​សមាសភាព​ប្រធាន​ អនុប្រធាន​ និង​សមាជិក​ ចំនួន​ជាង៣០០នាក់ ​(៣១៩​)។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ឱ្យ​និស្សិត​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​ លោក​ ហ៊ុន​ សែន​ ក៏បាន​បញ្ជាក់​ជាថ្មី​ថា ​រដ្ឋាភិបាល​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​នានា​ ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន​ឱ្យ​កាន់តែ​ប្រសើរ​ និង​ជំរុញ​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ ដោយ​មិន​ត្រូវ​ពឹង​ផ្នែក​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​បរទេស​នោះ​ឡើយ​។ ​

រដ្ឋាភិបាល​បាន​ផ្តើម​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ និង​ធ្វើ​កំណែទម្រង់​ ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន​ជាបន្តបន្ទាប់​ រួមមាន ​វិធានការ​មិន​យកពន្ធ​លើ​ប្រាក់ចំណេញ​ចំពោះ​សហគ្រាស​កសិកម្ម​រយៈពេល៥ឆ្នាំ​ វិធានការ​ដក​កាំកុងត្រូល​ចេញពី​ព្រំដែន​ ការលុបចោល​ស្ថាប័ន​នាវាចរ​កាំសាប​ និង​ការលុបចោល​ការិយាល័យ​ក្រសួង​នៅ​ថ្នាក់​ស្រុក​មួយចំនួន​ជាដើម​។

យុទ្ធនាការ​កំណែទម្រង់​ផ្ទៃក្នុង​នេះ​ ធ្វើឡើង​ក្រោយពេល​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ និង​ GSP​ ពី​កម្ពុជា​នៅពេល​ខាងមុខ​ ប្រសិនបើ​រដ្ឋាភិបាល​មិនព្រម​ស្តារ​ស្ថានការណ៍​នយោបាយ​ និង​សិទ្ធិមនុស្ស​ ឱ្យ​បាន​ប្រសើរ​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ