ក្រសួងយុត្តិធម៌រំឭកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពង្រឹងសមត្ថភាពការងារ

ដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់(រូបពីលេខាធិការដ្ឋានក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់)

មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បានរំឭកឱ្យលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពង្រឹងការងាររបស់ខ្លួនឡើងវិញ ដើម្បីជៀសវាងដូចករណីដែលបានចោទប្រកាន់មន្ត្រីក្រសួងយុត្តិធម៌ ដោយគ្មានមូលដ្ឋាន។

កាលពីថ្ងៃ២៣ មីនា លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការជួបពិភាក្សាជាមួយប្រតិភូក្រសួងយុត្តិធម៌ ។ ក្រុមប្រឹក្សានេះបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលស្គាល់ពីភាពមិនប្រក្រតី អំពើពុករលួយរបស់បុគ្គល និងភាពអសកម្មក្នុងប្រព័ន្ធយុត្តិធម៌ផងដែរ។

ក្នុងសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថា កាលពីថ្ងៃទី ២២ ខែមីនា ប្រតិភូ ឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បានជួបជាមួយប្រតិភូក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពីបញ្ហាមួយចំនួនជុំវិញវិស័យយុត្តិធម៌នៅកម្ពុជា។

ប្រភពដដែល បង្ហាញការភ្ញាក់ផ្អើលក្រោយពេលលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានចេញសេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីជួបពិភាក្សាគ្នាមួយថ្ងៃ ដោយក្រសួងយុត្តិធម៌ពិនិត្យឃើញថាមិនបានឆ្លុះបញ្ចាំងពីការពិត និងផ្ទុយពីជំហរ ព្រមទាំងផ្ទុយពីការបកស្រាយរបស់ក្រសួងផងដែរ។ 

ក្រសួងយុត្តិធម៌បានអះអាងថា ប្រតិភូរបស់ក្រសួងបានពន្យល់បកស្រាយនូវរាល់ចម្ងល់ជាច្រើនរបស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិ ងផ្តល់យោបល់ ក្នុងក្របខណ្ឌបច្ចេកទេស និងក្របខណ្ឌច្បាប់។

ដោយឡែកសំណួរដែលទាក់ទងនឹងករណីសំណុំរឿងនៅស្ថាប័នតុលាការមួយចំនួន ខាងក្រសួងបានបកស្រាយជាទិដ្ឋភាពទូទៅរួមនៃច្បាប់ប៉ុណ្ណោះ ដោយហេតុថា ស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ  ម្យ៉ាងក្រសួងត្រូវការពេលសិក្សាស្រាវជ្រាវឱ្យបានច្បាស់អំពីសំណុំរឿងជាក់លាក់ដែលឧត្តមក្រុមប្រឹក្សានេះបានលើកឡើង។

លើសពីនេះសេចក្តីបំភ្លឺនោះ ក៏បានច្រានចោលចំពោះការចោទប្រកាន់ផ្សេងទៀតផង​។ កាលពីថ្ងៃទី ២៥ មីនា លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ​បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខាងឧត្តមក្រុមប្រឹក្សា​ស្វាគមន៍ដោយសុទ្ធចិត្ត និងគោរពសិទ្ធិនៃការប្រតិកម្មរបស់ក្រសួងយុត្តិធម៌។
លេខាធិការដ្ឋានមួយនេះ នៅតែរក្សាជំហរបស់ខ្លួនដដែលចំពោះភាពពិតប្រាកដនៃសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដោយឈរលើកំណត់ត្រាពីសំណាក់មន្ត្រី១៥នាក់ ហើយបានផ្ទៀងផ្ទាត់ជាមួយនឹងឃ្លីបសំឡេងទៀតផង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ