សមត្ថកិច្ច​​រារាំង​​ក្រុម​​គ្រួសារ​​លោក​​ រ៉ាត់​ រត្ន​មុនី ​មិន​​ឲ្យ​​ឈរ​​ក្បែរ​​របង​​ស្ថានទូត​​រុស្ស៊ី​​

សមត្ថកិច្ច​រារាំង​ក្រុម​គ្រួសារ​និង​អ្នកគាំទ្រ​ លោក​ រ៉ាត់​ រត្ន​មុនី​ មិន​ឲ្យ​ទៅ​ឈរ​នៅ​ក្បែរ​របង​ស្ថានទូត​រុស្ស៊ី​ នៅពេលដែលក្រុមគ្រួសារលោក រ៉ាត់ រត្នមុនី ទៅតវ៉ាជាថ្មីនៅមុខស្ថានទូតរុស្ស៊ី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា /Screenshot

សមត្ថកិច្ច​រារាំង​ក្រុម​គ្រួសារ​និង​អ្នកគាំទ្រ​ លោក​ រ៉ាត់​ រត្ន​មុនី​ មិន​ឲ្យ​ទៅ​ឈរ​នៅ​ក្បែរ​របង​ស្ថានទូត​រុស្ស៊ី​ ដោយ​សមត្ថកិច្ច​ថា​ ធ្វើឡើង​តាម​សំណើ​របស់​រុស្ស៊ី​។

ភរិយា​និង​សកម្មជន​ដីធ្លី​ដែល​គាំទ្រ​លោក​ រ៉ាត់​ រត្ន​មុនី​ នៅ​ព្រឹក​នេះ​ បាន​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ជាថ្មី​ទៀត​ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកបកប្រែ​ភាសា​ឲ្យ​ទូរទស្សន៍​រុស្ស៊ី RT ​មួយ​នេះ​។ ប៉ុន្តែ​ ការ​តវ៉ា​នេះ​ ត្រូវ​ក្រុម​សមត្ថកិច្ច​រារាំង​ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅ​ឈរ​នៅ​ក្បែរ​របង​ស្ថានទូត​ឡើយ​។

ក្រៅពី​មិន​អនុញ្ញា​ឲ្យ​ឈរ​នៅ​ក្បែរ​របង​ហើយ​ សមត្ថកិច្ច​ក៏បាន​គំរាម​ដក​យក​ឧបករណ៍​បំពង​សំឡេង​ និង​បាន​រុញច្រាន​អ្នក​តវ៉ា​ទាំងនេះ​ទៅ​ម្ខាងទៀត​នៃ​ផ្លូវ​។

មន្ត្រី​នគរបាល​ដែល​យាម​នៅមុខ​ស្ថានទូត​រុស្ស៊ី ​លោក​ លាង​ ស៊ី​ថា​ ប្រាប់​អ្នកសារព័ត៌មាន ​វី​អូ​ឌី ​ថា​ ការដែល​ពួកគាត់​រារាំង​មិន​ឲ្យ​អ្នក​តវ៉ា​ឈរ​ជាប់​របង​ស្ថានទូត​ លោក​ថា​ ធ្វើ​ទៅតាម​បញ្ជា​ថ្នាក់លើ​។

ភរិយា​លោក​ រ៉ាត់​ រត្ន​មុនី​ គឺ​អ្នកស្រី​ ឡុង​ គឹ​មហ៊ាង​ លើកឡើង​ថា​ ស្ថានទូត​រុស្ស៊ី​ចង់​គេចវេស​ការទទួលខុសត្រូវ​ចំពោះ​រឿង​ស្វាមី​របស់​អ្នកស្រី​ ទើបបាន​រារាំង​ពួកគាត់​មិន​ឲ្យ​ទៅ​ឈរ​តវ៉ា​ជាប់​របង​ខាងមុខ​ស្ថានទូត​នោះ​។

អ្នកស្រី​ថា​៖ «ការ​តែ​ងរារាំង​បែបនេះ​ គឺ​ពួកគេ​មិន​ចង់​ឲ្យ​រឿង​របស់ខ្ញុំ​លឺ​ ត្រូវ​បាន​លឺ​ដល់​គ្រប់គ្នា​ ហើយ​ពួកគេ​ធ្វើបែប​នេះ​ ដើម្បី​បង្ហាញថា ​ទូត​រុស្ស៊ី​គេច​វេ​សព្រ​ងើយ​កន្តើយ ​អត់​ជួយ​រឿង​ប្ដី​របស់ខ្ញុំ​»។

អ្នកស្រី​បន្ត​ថា​ បើសិនជា​រដ្ឋាភិបាល​រុស្ស៊ី​មិន​ជួយ​អន្តរាគមន៍​ឲ្យ​ដោះលែង​ស្វាមី​ទេ​ អ្នកស្រី​នៅតែ​បន្ត​តវ៉ា​ ទោះ​មានការ​គំរាមកំហែង​ក៏ដោយ​។

កាលពី​ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨​ លោក​ រ៉ាត់​ រត្ន​មុនី​ ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ ពាក់ព័ន្ធ​ករណី​ទូរ​ទស្សន​រុស្ស៊ី​ RT​ ផលិត​រឿង​ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» ដែល​រដ្ឋាភិបាល​ចាត់ទុកថា​ ជា​ការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​។

លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ តាម​មាត្រា​ ៤៩៦នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ត្រូវ​ប្រឈម​នឹង​ទោស​ក្នុង​ពន្ធនាគារ​ពី១​ ទៅ៣ឆ្នាំ​។

ខ្សែភាពយន្ត​ឯកសារ​នេះ​ និយាយ​ពី​ស្ថានភាព​ស្ត្រី​ខ្មែរ​សម្រេចចិត្ត​លក់​កូនស្រី​ឲ្យ​បម្រើ​ផ្លូវភេទ​ដោយសារតែ​ជីវភាព​ក្រីក្រ​។ ទាំង​ RT​ និង​អ្នក​ផលិត​អះអាង​ថា​ នេះ​ជា​រឿងរ៉ាវ​ពិត​កំពុងតែ​កើតមានឡើង​នៅ​កម្ពុជា​ ប៉ុន្តែ ​រដ្ឋាភិបាល​ចាត់ទុកថា​ នោះ​ជា​រឿង​មិន​ពិត​ដែល​ប្រឌិត​ឡើង ​ដើម្បី​ធ្វើឲ្យខូច​ឈ្មោះ​ប្រទេស​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ