លោក​​ សម​​ រង្ស៊ី​​ អំពាវនាវ​​រក​វិធានការ​ពី​អន្តរជាតិ​ការពារ​សុវត្ថិភាព​​លោក​​ កឹម​​ សុខា​​

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ អំពាវនាវ​ទៅ​សហគមន៍​អន្ដរ​ជាតិ​ ឲ្យ​ចាត់វិធានការ​ចាំបាច់​ ដើម្បីការពារ​សុវត្ថិភាព​​​លោក​ កឹម​ សុខា​ ក្រោយពី​លោក​ ហ៊ុន​សែន​ ព្រមាន​​មិន​ដោះ​លែងមេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ពី​ «ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ» នោះ​ឡើយ។

លោក​ សម​ រង្ស៊ី​ ​សរសេរ​លើ​បណ្តាញ​សង្គម ​Twitter​ របស់​លោក​នៅ​ថ្ងៃទី២៨ ខែមីនា​នេះ​ តាម​សំណេរ​ជា​ភាសាអង់គ្លេស​ថា ​វិធានការ​ការ​ពារ​សុវត្ថិភាព​លោក​ កឹម​ សុខា​​ គឺជា​វិធី​មួយ​ដែល​ពិភពលោក​អាច​ការពារ​តម្លៃ​ជាស​កល​នៃ​​​សិទ្ធិ​សេរីភាព​ ហើយ​​ក៏​ជា​ការ​ទប់​ស្កាត់​កុំ​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិ​ពល​មហាអំណាច​ចិន​កាន់តែ​ខ្លាំង​​ផង​ដែរ។

លោក​ សម​ រង្ស៊ី​ សរសេរ​លើ​ Twitter​ ថា​៖ «ការពារ​លោក​ កឹម​ សុខា ​ក៏​ជា​វិធី​មួយ​ដើម្បីឲ្យ​ពិភពលោក​ការពារ​តម្លៃ​ជាស​កល​នៃ​សេរីភាព ​ទប់ទល់​នឹង​ការ​គំរាមកំហែង​ដែល​កម្ពុជា​កំពុង​ធ្លាក់​ក្រោម​អនុត្តរភាព​វាទ​ទី​របស់​ចិន​ និង​ការពារប្រទេស​នេះ​កុំ​ឲ្យ​ក្លាយជា​កូនជឹង​របស់​ចិន​»

សាររបស់លោក​ សម​ រង្ស៊ី​ ធ្វើ​ឡើង​​ ៣ថ្ងៃ​​ក្រោយ​ពី​​មេដឹកនាំ​បក្ស​កាន់អំណាច ​លោក ​ហ៊ុន​ សែន​ បាន​ព្រមាន​មិន​ដោះ​លែង​លោក កឹម សុខា ពី ​«ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ»​ នោះ​ឡើយ បន្ទាប់​ពី​លោក​ចោទ​ថា​ មេបក្ស​ប្រឆាំងរូបនេះ បាន​ប្រើឥទ្ធិពលរារាំង​មន្ត្រី​មិន​ឲ្យ​សុំ​សិទ្ធិ​ធ្វើនយោបាយឡើងវិញ។

លោក ហ៊ុន សែន ថ្លែង​​ថា​៖ «មាន​អា​អ្នកខ្លះ​នៅ​ឃុំខ្លួន​ក្នុង​ផ្ទះនៅ​ឡើយ​ តែ​ព្រមាន​គេ​កុំ​ឲ្យ​សុំ​សិទ្ធិ​ធ្វើនយោបាយ​។ ចាំ​អ្ហែង​រួចខ្លួន​ទៅ​។ អញមិន​ឲ្យ​អ្ហែង​រួចខ្លួន​ទេ​។ តែ​តុលាការ​កាត់​ហើយ​គ្មាន​រញ៉េរញ៉ៃ​ទេ​»

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ជាង ១៨ខែ​ហើយ​ បើ​គិត​ពី​ថ្ងៃ​ចាប់ខ្លួន​​​កាលពី​ថ្ងៃទី៣ ខែ​កញ្ញា​ ក្នុង​ឆ្នាំ២០១៧​។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ អះអាង​ថា ​លោក​​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សារ​របស់​លោក​ សម​ រង្ស៊ី​ នេះ​ទេ​។

លោក​ សុខ ឥសាន ប្រាប់ថា​៖ «សូមជម្រាប​ថា ​បុគ្គល​ម្នាក់​ហ្នឹង​ ត្រូវ​បាន​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ និង​​ក្រៅប្រទេស​ ក៏ដូចជា​កម្មករ​និយោជិត ​និង​កងទ័ព​បដិសេធ​ហើយ​ ឈប់​និយាយ​ចូល​ហើយ​។ អញ្ចឹង ​ខ្ញុំ​មិន​មាន​មតិ​អី​ទេ​ទៅ​ដល់បុគ្គល​នោះ ​និយាយ​អី​និយាយទៅ​ ទុកឲ្យ​គេ​និយាយ​តាមចិត្ត​ទៅ​»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងឃ្លាំមើលយ៉ាងយកចិត្តទុក​ពីយន្តការជំរុញឲ្យរដ្ឋាភិបាលកម្ពុជាវិលទៅដើរលើគន្លងប្រជាធិបតេយ្យឡើងវិញ ពិសេសដំណើរការរាប់ថ្ងៃថយក្រោយនៃវិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។

លោក ឯម​ សុវណ្ណារ៉ា បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ថា សារលោក សម រង្ស៊ី គ្មានឥទ្ធិពលផ្ទាល់ទៅលើរដ្ឋាភិបាល ប៉ុន្តែ លោកថា សារនេះ អាចជាការចាប់អារម្មណ៍របស់ប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ ពិសេសសហភាពអឺរ៉ុប។

លោក ឯម សុវណ្ណារ៉ា ប្រាប់ថា៖ «វាអត់មានឥទ្ធិពលលើរដ្ឋាភិបាលទេ។ វាមានភាពពាក់ព័ន្ធ វា​មានទម្ងន់ទៅលើសហគមន៍អន្តរជាតិ ដើម្បីជាបន្ទុ​កដល់រដ្ឋាភិបាលម្ពុជា ឲ្យអនុវត្តទៅតាមអ្វីដែលជាការស្នើសុំរបស់សហគមន៍អឺរ៉ុប។ អឺរ៉ុបនឹងយកអ្វីដែលជាការ​អំពា​វនាវរបស់លោក សម រង្ស៊ី ​មកធ្វើជាទម្ងន់មួយ មិនអត់ប្រយោជន៍ពេកទេ»

ទោះជាយ៉ាងណា​ ការ​ផាត់​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ​ ជំរុញ​មានការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ ពិសេស​ប្លុក​លោកសេរី និង​ដាក់​សម្ពាធ​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម​ សុខា​ និង​ឲ្យ​គណបក្ស​ប្រឆាំង​ដែល​បាន​រំលាយ​ទៅ​ហើយ​នោះ​ បាន​ដំណើរការ​ឡើងវិញ​ ។

ផ្នែក​មួយ​នៃ​សម្ពាធ​ជំរុញ​ឲ្យ​ស្តា​ប្រជាធិបតេយ្យ​នេះ​ សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក ២៨ប្រទេស​ កំពុង​ដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ពី​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ