រដ្ឋ​មន្ត្រី​កសិកម្ម​ បញ្ជា​​ជា​ថ្មី​ឲ្យ​រឹត​បន្តឹង​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​

នៅអគាររដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ -២០២០ ក្រោមអធិបតិភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាព៖ ហ្វេសប៊ុក Sakhon Veng

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំ​ជាថ្មីទៀតឱ្យអាជ្ញាធ​រ​គ្រប់លំដាប់ថ្នាក់ ចាត់វិធានការទប់ស្កាត់និងបង្រ្កាបឱ្យទាន់ពេលវេលាចំពោះការនាំចូលសត្វ និងសាច់សត្វជាពិសេសការនាំចូលជ្រូក  ដោយបារម្ភពីការរីករាលដាល​ជំងឺប៉េស្តជ្រូកអាហ្រ្វិក។

ថ្លែងក្នុង​ពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩-២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ជំរុញដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ត្រូវសហការគ្នា ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឱ្យទាន់ពេលវេលានូវការ​នាំចូលសត្វ និងសាច់សត្វខុសច្បាប់ពីវៀតណាម​ ជាពិសេសគឺផលិតផលសាច់​ជ្រូក។  លោកថា វិធានការនេះធ្វើឡើង ដោយសារតែជំងឺប៉េស្តជ្រូកអាហ្វ្រិកបាននឹងកំពុងផ្ទុះនៅប្រទេសវៀតណាម។

លោក វេង សាខុន ត្រូវបានស្រង់សំដីបន្តទៀតថា៖ «នៅពេលដែលមានការនាំចូលសាច់ក្រកពីខាងក្រៅមក គឺយើងត្រូវចាប់ដុតកម្ទេចចោលតែម្តង ព្រោះមេរោគនេះវាអាចរស់បានយូរជាង១០០ថ្ងៃ ហើយប្រសិនបើយើងក្លាស្សេ វាអាចរស់រហូតដល់១០០០ថ្ងៃ ហើយនេះជាចំណុចមួយដ៏រសើប ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់កម្ពុជា»

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ ​លោក ស្រ៊ុន ពៅ នៅតែមានការព្រួយបារម្ភ និងទទូចឲ្យមន្ត្រីតាមព្រំដែនជួយពង្រឹងទប់ស្កាត់ឲ្យខ្លាំងក្លាបន្ថែមលើគម្រោងចុះផ្សព្វផ្សាយបញ្ហានេះជាមួយកសិករបន្តទៀត។​

លោក ស៊្រុន ពៅ មាន​ប្រសាសន៍បន្ត​ថា៖ «ការព្រួយបារម្ភហ្នឹង វាមានច្រើនណាស់! មិនត្រឹមតែសាច់ក្រកទេ Hot dog ដែលការនាំចូលពីវៀតណាមហ្នឹង វាមានច្រើន។ ដូច្នេះពេលដែលជ្រូកមានបញ្ហា គឺគាត់ធ្វើទៅជាសាច់ក្រកយើងមើលអត់ដឹង។ សំខាន់បំផុតមានតែកសិករការពារកសិដ្ឋានរៀងៗខ្លួន កុំនាំយកអ្វីដែលលក់នៅផ្សារដែលមិនប្រក្រតី ដូចជា ទឹកសម្លរយកមកឲ្យជ្រូកប្រើគឺគួរតែផ្អាក!»

ទីប្រឹក្សាឯករាជ្យផ្នែកកសិកម្ម លោក សម វិទូ យល់ថា ការក្រើនរំលឹកនេះគឺជាការល្អសម្រាប់ជាការដាស់តឿនដល់មន្ត្រីទាំងអស់ដែលអនុវត្តច្បាប់ ឲ្យគោរពច្បាប់ និងព្យាយាមធ្វើយ៉ាងណាកុំឲ្យនាំចូលផលិតផលទាំងនេះចូលស្រុកខ្មែរ ធ្វើឲ្យប៉ះពាល់ខ្លាំងជាងគេដល់អ្នកចិញ្ចឹមជ្រូក។

លោក សម វិទូ មានប្រសាសន៍ថា ៖«ជាទូទៅ ប្រសិនបើយើងអត់ទប់ស្កាត់ទេ វាអាចនឹងរាលដាល! ហើយអ្នកខាតបង់ធំជាងគេ គឺអ្នកចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជាយើង ដែលយើងឃើញមានការពិបាកក្នុងប្រកួតប្រជែងតម្លៃទីផ្សារមួយសារហើយ ប៉ុន្តែ មួយទៀតយើងមានការផ្ទុះរោគនេះបន្ថែមទៀតហ្នឹង វាធ្វើឲ្យយើងកាន់តែខាតបង់ធំមែនទែន!»

យោងតាមសារព័ត៌មានវៀតណាម VN Express  ឲ្យដឹងថា ប្រទេសមួយចំនួនកំពុងហាមឃាត់ការនាំចូលសាច់ជ្រូកពីវៀតណាម។ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានពិន័យជាប្រាក់ចំនួន ៦ ៥០០ដុល្លារ សម្រាប់ការនាំយកសាច់ជ្រូកចូលទៅក្នុងព្រលានយន្តហោះ Taichung នៅកោះតៃវ៉ាន់កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ។ ក្រៅពីនេះ ប្រទេសជប៉ុន អូស្ត្រាលី អារ៉ាប់រួមអេមីរ៉ាត់​ អង់គ្លេស និង​សហរដ្ឋអាមេរិក ក៏ហាមការនាំចូល​ផលិតផលសាច់ជ្រូកពីវៀតណាមផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ