ម្តាយជនរងគ្រោះ៖ អ្នកធំនិងអ្នកតូចជីវិតមានតែមួយដូចគ្នា

អ្នកស្រីលី នារី ថ្លែងក្នុងពិធីរំឭកខួប២២ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកមុខរដ្ឋសភា។ ពិធីធ្វើនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩(រូបដោយ ជន ចាន់រ៉ែន)

ម្តាយជនរងគ្រោះក្នុងព្រឹតិ្តការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ អំពាវនាវឲ្យរដ្ឋាភិបាលទប់ស្កាត់ការចាប់ចង ឬសម្លាប់ក្រោមរូបភាពផ្សេងៗព្រោះថា មនុស្សមានជីវិតតែមួយដូចគ្នាទាំងមន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋសាមញ្ញ។​

ក្នុងពិធីរំឭកខួប២២ឆ្នាំនៅព្រឹកនេះ​អ្នកស្រី លី នារី រំឭកថា កូនប្រុសរបស់គាត់ឈ្មោះ ជេត ដួងតារាវុធ បានចូលរួមធ្វើបាតុកម្មទាមទារឲ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការប៉ុន្តែមានជនមិនស្គាល់មុខចោលគ្រាប់បែកចូលក្នុងហ្វូងបាតុករបណ្តាលឲ្យស្លាប់។

លោក ជេត ដូងតារាវុធកូនអ្នកស្រី លី នារី

អ្នកស្រីថា ២២ឆ្នាំកន្លងផុតទៅតែសម្រាប់គាត់ ដូចជានៅថ្មីៗហាក់មើលឃើញកូននិងអ្នកផ្សេងទៀតកំពុងដេកស្លាប់ និង ខ្លះបែកសាកសព។​​លោកស្រីអំពាវនាវឲ្យរដ្ឋាភិបាលទប់ស្កាត់កុំឲ្យមានព្រឹត្តិការណ៍របៀបនេះកើតឡើងទៀត។​

អ្នកស្រី លី នារី៖«យើងខ្ញុំសុំអំពាវនាវដល់រដ្ឋាភិបាលមេត្តាទប់ស្កាត់អំពើហិង្សាទាំងឡាយដូចជា គប់គ្រាប់បែក បាញ់សម្លាប់ ចាប់ចងព្រោះថា ជីវិតមនុស្សមិនថា អ្នកមានអ្នកក្រ អ្នកតូចអ្នកធំ មានតែមួយហើយមានតម្លៃដូចៗគ្នា។»

ព្រឹត្តិការណ៍កប់គ្រាប់បែកចូលកន្លែងបាតុករប្រមូលផ្តុំនៅមុខរដ្ឋសភាកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ បានបណ្តាលឲ្យមានអ្នកស្លាប់១៦នាក់ និង របួសជាង២០០នាក់។​

សមត្ថកិច្ចមិនទាន់ចាប់ខ្លួនអ្នកណាម្នាក់ឲ្យទទួលខុសត្រូវចំពោះករណីនេះនៅឡើយ ដោយរដ្ឋាភិបាលអំពាវនាវឲ្យអ្នកមានភស្តុតាងប្រគល់ឲ្យតុលាការ។ ទោះយ៉ាងណារបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក(FBI)បង្ហាញថា លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋជាប្រធាន និងអនុប្រធានកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍នេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ