ភរិយា​បុរស​​ម្នាក់​បាត់​ខ្លួន​នៅ​ខេត្ត​ព្រះវិហារ​អះអាង​ថា​ គ្មាន​​អង្គការ​ណា​ជួយ​លាក់​បាំង​ស្វាមី​​អ្នកស្រី​​ទេ​

លោក ស៊ុំ ម៉ឺន ដែលត្រូវតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

សាច់​ញាតិ​នៃ​បុរសម្នាក់ដែលបានបាត់ខ្លួន​ក្រោយ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ជម្លោះ​ដី​ធ្លី​នៅខេត្តព្រះវិហារកាលពីខែមករា​កន្លងមក​នោះ បាន​អះអាងថា​ គ្មាន​អង្គការសង្គមស៊ីវិលណាជួយផ្ដល់យោបល់ឲ្យស្វាមីរបស់អ្នកស្រីសម្ងំលាក់ខ្លួននោះទេ​ ហើយ​ថា ស្វាមី​អ្នកស្រី​បាន​ជ្រើស​រើស​ការ​សម្ងំ​លាក់​ខ្លួន ដោយសារ​ខ្លាចសមត្ថកិច្ចចាប់បាន និង​ធ្វើបាបជា​ថ្មី​ទៀត។

លោក ស៊ុំ ម៉ឺន បាន​បាត់​ខ្លួន​ បន្ទាប់​ពី​រូប​លោក និង​ពលរដ្ឋ​ ១៤​រូប​ផ្សេង​ទៀត ត្រូវ​បាន​ទាហាន​នៅ​កង​ពល​តូច​លេខ៦ ចាប់​ខ្លួន​នៅ​ឃុំ​យាង ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ចាប់​តាំង​ពី​​ថ្ងៃ​ទី​២០ ខែ​មករា​កន្លងម​ក។

ការ​បាត់​ខ្លួន​ពលរដ្ឋ​រូប​នេះ ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ​ចោទ​ទៅ​លើ​អង្គការ​ការពារ​​សិទ្ធិ​មនុស្ស​ថា បាន​​ជួយ​បិទបាំង និង​លាក់​ខ្លួន​ពលរដ្ឋ​រូប​នេះ ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​អាជ្ញាធរ។

ទោះជាយ៉ាងណា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ប្រកាស​ថា បាន​រក​ឃើញ​លោក ស៊ុំ ម៉ឺន វិញ​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​បាត់​ខ្លួន​អស់​រយៈ​ពេល​ជាង ២​ខែ​មក​នេះ។

ភរិយាលោក ស៊ុំ ម៉ឺន គឺអ្នកស្រី ភូ ភឹមម៉ៅ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ស្វាមីរបស់គាត់បានលាក់ខ្លួន​ដោយ​មិនបានទាក់ទងមកគ្រួសារ​នោះ​ឡើយ ហើយ​អ្នកស្រី​ថា នេះ​បណ្ដាល​មក​ពី​ស្វាមី​អ្នកស្រី​​បារម្ភខ្លាចសមត្ថកិច្ចចាប់ខ្លួនបាន និង​ធ្វើបាបជា​ថ្មី​ទៀត។

អ្នកស្រី ភូ ភឹមម៉ៅ ប្រាប់ថា៖ «គាត់ជួបជាមួយ UN ម្សិលមិញថា អត់មានអ្នកណាលាក់ទេ ដែលគាត់រត់ទៅ គាត់នៅពួនក្នុងព្រៃ។ ពេលគាត់ជា គាត់ងើ​បដើរសុំទានគេ យកទៅ​ទិញ​ថ្នាំលេប ទិញបាយទិញទឹក។ គាត់អត់ដឹងដំណឹងប្រពន្ធពិបាកប៉ុណ្ណា គាត់មិនដឹងប្រពន្ធដើររកទេ។ ទើបម្សិលមិញ​ ជួបគ្នាជាមួយចៅហ្វាយស្រុក ចៅហ្វាយខេត្តហ្នឹង»

អ្នកស្រី ភឹមម៉ៅ បាន​ឲ្យ​ដឹង​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​សន្យា​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ពួកគេ​នឹង​មិន​ចាប់​ស្វាមី​អ្នក​ស្រី​ទៀត​នោះ​ឡើយ។

ទោះបី​ជា​អ្នកស្រី ភឹមម៉ៅ អះ​អាង​បែប​នេះ​ក្ដី ប៉ុន្តែ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា មាន​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​ផ្ដល់​យោបល់​ឲ្យ​ពលរដ្ឋ​រូប​នេះ​សម្ងំ​លាក់​ខ្លួន។

លោក អ៊ុន ចាន់ដា មាន​ប្រសាសន៍​ថា៖ «ប្រពន្ធហាក់មានការបិទបាំង ដោយមានគេបង្គាប់ឲ្យនិយាយ។​ ទី២ ការរៀបចំនូវលិខិតស្នាមផ្សេងៗ ហាក់បីដូចជាមានការរៀបចំ មានអ្នកសរសេរអក្សរមក គឺយើងមើលដឹង គឺមានអ្នកសរសេរជំនួស ហើយនៅពេលលិខិតមកដល់​រដ្ឋបាលខេត្តភ្លាម គឺមានអាស៊ីសេរី ហើយនិងសារព៏ត៌មានមួយចំនួនបានទូរសព្ទមកភ្លាម ដែលខ្ញុំមិនទាន់បានទទួលលិខិតហ្នឹងផង បែរជាមានខាងសារព័ត៌មានមួយចំនួនគាត់បានព័ត៌មានហ្នឹងលឿនជាងខ្ញុំទៅទៀត។ អ៊ីចឹង ខ្ញុំគិតថា ចំណុចហ្នឹង សន្និដ្ឋានបានថា គឺជាការ​រៀបចំ»

បើ​តាម​ការ​អះ​អាង​ពី​អ្នក​ស្រី ភឹមម៉ៅ ស្វាមី​របស់​គាត់​បាន​រង​អំពើ​ហិង្សា​ពី​ក្រុម​ទាហាន​ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ដៃ​ម្ខាង​របស់​ស្វាមី​អ្នក​ស្រី​ប្រឈម​មុខ​នឹង​ពិការភាព។

អ្នកស្រី ភឹមម៉ៅ ប្រាប់​​បន្ត​ថា«គាត់ភ័យខ្លួន គាត់​ខ្លាចគេចាប់ទៀត គាត់ខ្លាចគេចាប់ម្ដងទៀត គេធ្វើបាបអ៊ីចឹង។ ឥឡូវខូចដៃម្ខាងបាត់ហើយ អត់មានធ្វើការកើតទេ ពិការហើយ ដៃហ្នឹងគេវាយ ចេញឆ្អឹង។ ឥឡូវទិញថ្នាំលេបទើបកម្រើកបានខ្លះ»

ប៉ុន្តែ អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា បានច្រានចោលចំពោះការចោទប្រកាន់​នេះ ហើយ​អះ​អាង​ថា ក្រុមទាហានមិនបានប្រើប្រាស់អំពើហិង្សាលើលោក ស៊ុំ ម៉ឺន នោះទេ។

លោក អ៊ុន ចាន់ដា មាន​ប្រសាសន៍​បន្ត​ថា៖ «ដៃជាប់ខ្នោះអ៊ីចឹងហើយ តែគាត់ប្រឹងរើ វាឈឺអ៊ីចឹងហើយ។ ហ្នឹងគ្រាន់តែលឺគេថាទេ យើងមិនបានឃើញទាំងអស់គ្នា អត់អីទេ ចាំសួរគាត់ទៅ។ បើគាត់ចង់បញ្ជាក់អ៊ីចឹងច្បាស់ ទាល់យើងសួរសាវតារឿងឡើងវិញ។ ប៉ុន្តែ រឿងបើចប់ហើយគួរតែបញ្ចប់ទៅ។ បើមិនបញ្ចប់ទេ នៅតែស្រាវជ្រាវបន្តទៀត អ៊ីចឹងវាពាក់ព័ន្ធនឹងគាត់កាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ក៏សើរើឡើងវិញដែរ»

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា សង្គមស៊ីវិលបានជួយប្រឹក្សាផ្នែក​ច្បាប់​ដល់គ្រួសារពលរដ្ឋម្នាក់បាត់ខ្លួ​ន ប៉ុន្តែ មិនបានផ្ដល់យោបល់ឲ្យភរិយាលោក ស៊ុំ ម៉ឺន លាក់បាំងព័ត៌មានជាមួយអាជ្ញាធរនោះទេ។

លោក ឡោ ចាន់ ប្រាប់ថា៖ «កន្លងមក ខាងក្រុមគ្រួសាររបស់លោក ស៊ុំ ម៉ឺន គឺបានមកពឹងពាក់ខាងអង្គការសង្គមស៊ីវិល​មែន ប៉ុន្តែ អង្គការសង្គមស៊ីវិលពុំមានសិទ្ធិអំណាចណាទៅអារកាត់ ឬទៅសម្រេច​ជំនួសអាជ្ញាធរទេ។ សង្គមស៊ីវិល​គ្រាន់តែមានការតាមដាន ឃ្លាំមើល ឬការសង្កេតការណ៍ ឬក៏ជួយប្រឹក្សាផ្នែកច្បាប់​តែប៉ុណ្ណោះទេ»

កាលពីខែមករា​កន្លងមក ក្រុមទាហាននៅកងពលតូចលេខ៦ ដែលការពារដីឲ្យក្រុមហ៊ុនបានចាប់ខ្លួនប្រជាពលរដ្ឋមចំនួន១៤នាក់  បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះ បានដឹកនាំអ្នកភូមិតវ៉ារឿងវិវាទដីជាមួយក្រុមហ៊ុន«មេត្រីភាព» នៅឃុំយាង។

កាលពីថ្ងៃទី៣១ ខែមករា ប្រជាពលរដ្ឋជាង២០០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពបាននាំគ្នាប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើទៅលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងពលរដ្ឋ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជួនពួកគេ។

តំណាងអ្នកភូមិឲ្យដឹងថា ក្រុមហ៊ុនមេត្រីភាពទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកាលឆ្នាំ២០១២ លើដីទំហំ៨៥២០ហិកតា ដោយគ្របដណ្តប់លើស្រុកជាំក្សាន្ត និងស្រុកគូលែន ដើម្បីអភិវឌ្ឍលើវិស័យដាំដំណាំកៅស៊ូ និងចិញ្ចឹមសត្វ ប៉ុន្តែ ប៉ះពាល់ដីប្រជាពលរដ្ឋ៥៥៩ហិកតា ក្នុងនោះមានពលរដ្ឋ៣៣៩គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ