លោក​ ជា​ សុផារ៉ា​ ព្យាយាម​​ស្ដារ​​មុខ​​មាត់​​ឆ្នេរ​​សមុទ្រ​​ខេត្ត​​ព្រះសីហនុ ​ក្រោយ​​រង​​ការ​​រិះគន់​

ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរខេត្តព្រះសីហនុ បានចុះពិនិត្យ និងសិក្សាដើម្បីរៀបចំកែលម្អស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តម្លើងស្ថានីយបូមទឹកកខ្វក់ ដោះស្រាយសំរាមតាមឆ្នេរ និងតាមការដ្ឋានសំណង់ កែលម្អប្រព័ន្ធលូ បណ្ដាញផ្លូវ និងគ្រប់គ្រងសំណង់ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Ministry of Land Management, Urban Planning and Construction Cambodia

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះ​អាង​ថា រដ្ឋ​មន្ត្រី​ដែនដី លោក ជា សុផារ៉ា បាន​ដឹកនាំ​មន្ត្រី​រាប់​ពាន់​នាក់​ចុះ​ទៅ​ពិនិត្យ​មើល​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ រង​ការ​រិះគន់​ចំពោះ​ការ​គ្រប់​គ្រង​កាក​សំណល់ និង​ការ​បង្ហូរ​ទឹក​កខ្វក់ចូល​សមុទ្រ។

អ្នកនាំ​ពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត បាន​ប្រាប់​ វីអូឌី​ នៅ​ថ្ងៃ​នេះ​ថា លោក ជា សុផារ៉ា និង​មន្ត្រី​ប្រហែល ៣​ពាន់​នាក់ ចុះពិនិត្យតាមទីតាំងអភិវឌ្ឍន៍​មួយចំនួន ដូចជានៅតំបន់ឆ្នេរ សំណង់អគារនានា ប្រព័ន្ធលូ ប្រព័ន្ធច្រោះទឹកកង្វក់ ជាដើម ចន្លោះ​ពី​ថ្ងៃទី២៩ ដល់ថ្ងៃ​ទី៣១ ខែ​មីនានេះ។

លោក សេង ឡូត ប្រាប់​ថា៖ «តាមរយៈទស្សនកិច្ចសិក្សានេះ បានឃើញច្បាស់ថា ស្ថានភាពទឹកសមុទ្រ គឺមានស្ថានភាពដូចដើមវិញ។ អញ្ចឹង ឆ្នេរសមុទ្ររបស់កម្ពុជាយើង គឺជាឆ្នេរស្អាតដូចដែលគេឲ្យនាមថា ជាឆ្នេរស្អាតជាងគេនៅលើពិភពលោក»

អ្នកនាំពាក្យរូបនេះ បន្ថែមថា បរិស្ថានក្នុងខេត្តព្រះសីហនុបានល្អប្រសើរនេះ គឺដោយសាររដ្ឋាភិបាលបានរៀបអភិវឌ្ឍប្រព័ន្ធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ ដែលមានដីទំហំ ១៦​ហិកតា និងប្រព័ន្ធប្រឡាយនានា រួមទាំងប្រពន្ធលូជាច្រើនកន្លែងទៀត ហើយថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់សំណង់មួយចំនួន ក៏បានអនុវត្តដាក់ប្រពន្ធច្រោះទឹកកខ្វក់មុនបង្ហូរចេញក្រៅផងដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើលឃើញថា អាជ្ញាធរហាក់មិនបានយកចិត្តទុកដាក់ ឬត្រៀមទុកមុនឡើយ ចំពោះគម្រោងអភិវឌ្ឍន៍នានាក្នុងខេត្តព្រះសីហនុ ជាពិសេសវិធានការក្នុងការ​ទប់ស្កាត់បញ្ហាផលប៉ះពាល់បរិស្ថាន។

លោក សន ជ័យ បន្ថែមថា៖ «អញ្ចឹងទៅ យើងត្រូវត្រៀម ឬមានវិធានការទុកជាមុន ដើម្បីដោះស្រាយបញ្ហានេះ ហើយខ្ញុំយល់ថា រដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការម៉ឺងម៉ាត់ចំពោះក្រុមហ៊ុន ឬក៏អ្ន​កវិនិយោគទុននៅខេត្តព្រះសីហនុហ្នឹង ដែលជាដើមចមដែលបង្កឲ្យមានបញ្ហាបរិស្ថានធ្ងន់ធ្ងរនៅក្នុងខេត្ត​ទេសចរណ៍មួយនេះ»

កាលចុងឆ្នាំ២០១៨ ក្រុមសកម្មជនមាតាធម្មជាតិ បានបង្ហោះវីដេអូមួយបង្ហាញអំពីផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលបង្កឡើងដោយសារការបង្ហូរបំពង់ទុយោទឹកស្អុយចំនួន ២៩​កន្លែង ចូល​ឆ្នេរអូរឈើទាល។

នៅក្នុងវីដេអូនោះ ក្រុមសកម្មជនមាតាធម្មជាតិ បានបង្ហាញលទ្ធផល​ដែល​ចេញ​ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថា ​ទឹកនោះមាន​ផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ជាច្រើនដល់សុខភាព​មនុស្ស។

អំឡុង​ពិធី​បុណ្យ​សមុទ្រ​កាល​ពី​ចុង​ឆ្នាំ​មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​ឲ្យ​អាជ្ញាធរ​​ខេត្ត​ព្រះសីហនុ និង​រដ្ឋ​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​ស្ដារ​មុខ​មាត់​ខេត្ត​នេះ​ឡើង​វិញ បន្ទាប់​ពី​ខេត្ត​រងការ​រិះគន់​អំពី​បញ្ហា​អសន្តិសុខ​បង្ក​ឡើង​ដោយ​ក្រុម​ជន​ជាតិ​ចិន និង​បញ្ហា​ការ​បំពុល​បរិស្ថាន​ដែល​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​ខាង​ផ្នែក​សំណង់​នៅ​ក្នុង​ខេត្ត​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ