លោក​ ហ៊ុន សែន​ ប្រកាស​បើក​ផ្លូវ​ឲ្យ​លោក​ លឺ ឡាយស្រេង​ ចូល​ស្រុក​វិញ​

អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសបើកផ្លូវឲ្យអតីតឧបនាយករដ្ឋមន្ត្រីមួយ​រូប​ដែលកំពុងរស់​នៅ​និរទេស​ខ្លួន​ឯង​នៅក្រៅប្រទេស ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយតុលាការចោទប្រកាន់ពីបទជេរប្រមាថព្រះមហាក្សត្រ។

ថ្លែងក្នុងពិធីចែក​សញ្ញាបត្រ​នៅរាជធានីភ្នំពេញ​នៅព្រឹក​ថ្ងៃនេះ លោក ហ៊ុន សែន បានប្រាប់ឲ្យអតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ត្រឡប់មកប្រទេសកម្ពុជាវិញ។

លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា លោកមិនប្រកាន់ទោសពៃរ៍​​លើ​លោក លឺ ឡាយស្រេង នោះទេ បើទោះបីជាតុលាការចោទប្រកាន់រូបលោកពីបទ «ប្រមាថព្រះមហាក្សត្រ» និងបណ្ដឹងបរិហារកេរ្ដិ៍នាយករដ្ឋមន្ដ្រីក៏ដោយ។

លោក ហ៊ុន សែន ប្រកាសបើកផ្លូវបែបនេះ ដោយលោកថា បន្ទាប់ពីឃើញអតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិចរូបនេះបានថ្លែងសុំទោសលោកជាសាធារណៈ និងអង្វរករសុំត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួបជុំគ្រួសារ។ 

ម្យ៉ាងទៀត លោក ហ៊ុន សែន ក៏បង្គាប់ឲ្យក្រសួងយុត្តិធម៌ពិនិត្យមើលពីលទ្ធភាព និងលក្ខខណ្ឌនានា ដើម្បីសម្របសម្រួលឲ្យ​លោក លឺ ឡាយស្រេង​ បានត្រឡប់មកកម្ពុជាវិញ។

កាលពីខែមករា ឆ្នាំ២០១៨ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញបាន​សម្រេច​ផ្ដន្ទា​ទោស​ លោក ឡឺ ឡាយស្រេង ដោយ​តម្រូវ​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​ចំនួន ៥០០​លាន​រៀល ឬ​ស្មើ​នឹង​ ​១២ម៉ឺន​ដុល្លារ បន្ទាប់​ពី​សំឡេង​សន្ទនា​ឯកជន​របស់​លោក​ជាមួយ​អ្នកស្រី គី លំអង ត្រូវ​បាន​ទម្លាយ​នៅ​លើ​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ជុំ​វិញ​ការ​ជជែក​អំពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

សំឡេង​សន្ទនា​តាម​ទូរស័ព្ទឯកជន​នោះ ត្រូវ​បាន​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ចាត់​ទុក​ជា​ការ​ប្រមាថ​ទៅ​លើ​ព្រះ​មហាក្សត្រ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ