សមត្ថកិច្ច​រក​ឃើញ​ទីតាំង​ផលិត​គ្រឿងញៀន​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបនៅចំណុចផ្ទះលេខ២៨៥AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានម្ចាស់ផ្ទះឈ្មោះ អ៊ុយ រ៉ាស៊ី ភេទប្រុស (ពុំមានការឃាត់ខ្លួនមនុស្ស) កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

សមត្ថកិច្ចបានរកឃើញទីតាំងផលិតគ្រឿងមួយកន្លែងនៅរាជធានីភ្នំពេញ និងរឹបអូសបានម៉ាស៊ីនផលិតគ្រឿងញៀនជាច្រើនគ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត ដែលគេសង្ស័យថា អាចជាគ្រឿងញៀនមានទម្ងន់ដល់ជិត ២០០គីឡូក្រាម។

គេហទំព័រអគ្គស្នងការនគរបាលជាតិចុះផ្សាយថា កាលពីរសៀលថ្ងៃចន្ទ សមត្ថកិច្ចបាន​ចុះ​បង្ក្រាប​ទីតាំងផលិតគ្រឿងញៀនមួយកន្លែង ស្ថិតនៅសង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ ដែលមានម្ចាស់ឈ្មោះ «អ៊ុយ រ៉ាស៊ី» ភេទប្រុស និងរកឃើញម៉ាស៊ីនផលិតថ្នាំញៀនចំនួន ៩គ្រឿង។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចក៏រឹបអូសបានមេថ្នាំជាច្រើនប្រភេទ ដែលសង្ស័យថា អាចជាគ្រឿងញៀនមានទម្ងន់ ១៧៣,២គីឡូក្រាម ដូចជា មេ​តំ​ហ្វេ​តា​មីន​​ កេ​តា​មីន​​ សារធាតុ​មិន​ច្បាស់លាស់មួយចំនួន ម៉្សៅជាច្រើនគីឡូ ជញ្ជីងថ្លឹង ពុ​ម្ពគ្រាប់​ថ្នាំ​ និង​សម្ភារមួយ​ចំនួនទៀត​។

អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ម៉ក់ ជីតូ ប្រាប់ VOD ថា កម្លាំងសមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនជនល្មើសបាននោះទេ ដោយសារពួកគេរត់គេចខ្លួនបាត់។ លោកបន្ដថា សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ ចំពោះករណីបទល្មើសគ្រឿងញៀនមួយនេះ។

អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន សំដែងនូវការព្រួយបារម្ភ ដោយថា កម្ពុជាហាក់បានវិវត្តខ្លួនពីប្រទេសមានការប្រើប្រាស់ និងចែកចាយ ទៅជាប្រទេសដែលមានទីកន្លែងផលិតគ្រឿងញៀន។

លោក ប៉ា ច័ន្ទរឿន ជំរុញឲ្យរដ្ឋាភិបាលពង្រឹងអភិបាលកិច្ច និងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឲ្យរីករាលដាលដល់ទីជនបទ ដែលថា អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ធនធានមនុស្ស និងសតិអារម្មណ៍របស់ពលរដ្ឋ។

លោកបន្ដថា៖ «សបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាយើង វាមិនត្រឹមតែជាទីផ្សារចែកចាយប្រើប្រាស់គ្រឿងញៀនទេ វាក៏ជាកន្លែងដែលអាចផលិតគ្រឿងញៀនបានដែរ ហើយបញ្ហាគ្រឿងញៀននេះ កំពុងតែបំផ្លាញសង្គមយើងធ្ងន់ធ្ងរ។ […] សមត្ថកិច្ចគួរតែពិនិត្យឡើងវិញពីប្រសិទ្ធិភាព និងប្រសិទ្ធិផល ពោលគឺអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង និងកម្ចាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាយើងហ្នឹង។»

កាលពីខែកុម្ភៈកន្លងទៅ កម្លាំងចម្រុះក្រសួងមហាផ្ទៃបានឆ្មក់បង្ក្រាបក្លឹបកម្សាន្ដរ៉ក់ ដោយចាប់បានគ្រឿងញៀនប្រហែល ៥០គីឡូក្រាម និងបានឈានទៅឃាត់ខ្លួន និងចោទប្រកាន់លោកឧកញ៉ា គិត ធាង ដែលត្រូវជាម្ចាស់ក្លឹបកម្សាន្ដមួយនេះ រួមទាំងអ្នកជាប់ពាក់ព័ន្ធ ៤នាក់ផ្សេងទៀត។

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង កញ្ញា លី ស្រីស្រស់ សាទរចំពោះវិធានការបង្រ្កាបគ្រឿងញៀនរបស់សមត្ថកិច្ចនាពេលថ្មីៗនេះ។ ប៉ុន្ដែ កញ្ញាយល់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវតាមចាប់ខ្លួនជនល្មើស និងអ្នកពាក់ព័ន្ធដទៃទៀតមកដាក់ទោស មិនថា អ្នកនោះមានអំណាច ឬបុណ្យស័ក្ដិកម្រិតណានោះឡើយ។

កញ្ញារិះគន់ថា នេះគឺជាកម្សោយនៃការអនុវត្តច្បាប់ ដែលអាជ្ញាធររកឃើញតែទីតាំងផលិតគ្រឿងញៀន ប៉ុន្ដែ មិនអាចចាប់ខ្លួនអ្នកនៅពីក្រោយយកមកផ្ដន្ទាទោស។ កញ្ញាថា វានឹងក្លាយជាវប្បធម៌អាក្រក់មួយនៅក្នុងសង្គម ដោយសារជនល្មើសអាចប្ដូរទីតាំងទៅកន្លែងផ្សេង ហើយធ្វើសកម្មភាពបែបនេះបន្ដទៀត។

កញ្ញាបន្ដថា៖ «ខ្ញុំមើលឃើញថា វាអាចជាកម្សោយនៃការអនុវត្តលើបច្ចេកទេសផង តែមានរឿងមួយទៀត គឺដោយសារតែអ្នកដែលនៅពីក្រោយហ្នឹង គឺជាបុគ្គលមានអំណាច អញ្ចឹង! វាធ្វើឲ្យការអនុវត្តច្បាប់​មានបញ្ហា […] យុទ្ធសាស្ដ្រដែលអាចដោះស្រាយបាន គឺយុទ្ធសាស្ដ្រផ្ដាច់ឬសគល់ គឺយើងចាប់អ្នកដែលនៅពីក្រោយ ជាពិសេសអ្នកមានអំណាចហ្នឹង»។    

ថ្លែងនៅក្នុងពិធីមួយកាលពីថ្ងៃទី១២ ខែមីនា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសទប់ស្កាត់បទល្មើសគ្រឿងញៀនឲ្យខានតែបាន ដោយចាប់ផ្តើម​​​ពីសំ​​ណុំ​រឿង​នៅក្លឹបកំសាន្តរ៉ក់។ លោក ហ៊ុន សែន អះអាងថា លោកនឹងលូកដៃក្នុងសំណុំរឿងនេះ ដើម្បីស្វែងរកឧក្រិដ្ឋជនពិតប្រាកដ ដោយលោកព្រមានថា តុលា​កា​រក៏​មិនរួចខ្លួននោះដែរ ប្រសិនបើកាត់ក្តីមិនបានហ្មត់ចត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ