សាលា​រាជធានី​ប្រកាស​ផែនការ​លើក​កម្ពស់​កិច្ច​សហការ​ជាមួយ​សង្គម​ស៊ីវិល​ឡើង​វិញ​

សកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដង្ហែក្បួនតស៊ូមតិ ដើម្បីកុំឲ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងទៅ (រូបថតឯកសារ)

សាលារាជធានីភ្នំពេញអះអាងថា នឹងធ្វើវេទិកាសាធារណៈមួយ នាដើមសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកកិច្ចសហការភាពជាដៃគូអភិវឌ្ឍន៍ជាមួយអង្គការ​​សង្គមស៊ីវិលឡើងវិញ ក្រោយពីអង្គការសមាគមជាង៣០០ រងការចោទថា ជាក្រុមបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាល ។

លិខិតជូនដំណឹងចុះថ្ងៃទី១ ខែមេសា សាលារាជធានីភ្នំពេញ ឲ្យដឹងថា នៅថ្ងៃទី៩ ខែមេសា សប្តាហ៍ក្រោយនេះ ខ្លួននឹងរៀបចំវេទិកាពិគ្រោះយោ​បល់​​ជា​​មួយអង្គការសង្គមស៊ីវិល នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធា​នី​ភ្នំពេញ។

សាលារាជធានីបញ្ជាក់ថា៖ «ដើម្បីឲ្យអង្គវេទិកាដំណើរការបានជោគជ័យ និងផ្លែផ្កាគ្រប់ជ្រុងជ្រោយ ព្រមទាំង​​​បានជាប្រ​​​យោ​ជន៍​សម្រាប់កសាងយុទ្ធសាស្ត្រ ក្នុងការលើកម្ពស់កិច្ចសហការក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភា​​​ពជាដៃ​គូរវាងរដ្ឋបាលសាលារា​​​​ជ​​​​ធានីភ្នំពេ​​ញជាមួយអង្គការសង្គមស៊ីវិល រួមគ្នាធ្វើសកម្មភាពចូលរួមអភិវឌ្ឍប្រ​ទេ​​សគ្រប់វិស័យ»។

អ្នកមានជម្លោះដីធ្លីម្នាក់នៅសហគមន៍បឹងកក់ អ្នកស្រី ផាន់​ ឈុនរ៉េត អះអាថា គិតត្រឹមថ្ងៃពុធនេះ គាត់មិនទាន់ទទួលបានព័ត៌មានឲ្យទៅចូលរួមក្នុងវេទិកានោះនៅឡើយទេ។

ប៉ុន្តែ គាត់ថា បើបានទៅចួលរូមគាត់នឹងលើកបញ្ហាប្រឈមរបស់សហគមន៍ដែលមានជម្លោះបានអូសបន្លាយជាង១០ឆ្នាំមកនេះ មិនទាន់ត្រូវបានដោះស្រាយចប់ និងសំណូមពរឲ្យអាជ្ញាធរឈប់បណ្តេញសហគមន៍ក្រីក្រចេញពីតំបន់អភិវឌ្ឍន៍ដូចបច្ចុប្បន្ន។

លោកស្រីថា៖ «ថ្ងៃហ្នឹង បើគេឲ្យចូល ខ្ញុំនឹងនិយាយពីការចង់បានសំណងសមរម្យ ព្រោះអីសាលារាជធានីភ្នំពេញនេះ ព្រោះអីសាលារាជធានី! គាត់កាត់ដីពីអ្នកក្រយកទៅឲ្យអ្នកមាន ហើយដែលនៅសល់ហ្នឹង គាត់មិនដឹងឲ្យអ្នកណាឲ្យ​ច្បា​​ស់​​​លាស់ទេ មានអ្នកថ្មីៗមកនៅច្រើនណាស់ខ្ញុំ ចង់និយាយរឿងហ្នឹង»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ស្វាគមន៍ពីដំណឹងប្រកាសបើកវេទិកានេះ ដោយចាត់ទុក ថាជាសញ្ញាវិជ្ជមានមួយឈានទៅស្តារទំនាក់ទំនងជាមួយសង្គមស៊ីវិលឡើងវិញ បើរដ្ឋាភិបាលពិតជាងាកមកគិតថា ក្រុមអង្គការសង្គមស៊ីវិលដៃគូសំខាន់សម្រាប់ជំរុញដល់ការអភិវឌ្ឍ។

លោកថា៖ «ធ្វើវេទិកាសាធារណៈ វាជារឿងល្អហើយ ប៉ុន្តែ អ្វីដែលសំខាន់បំផុត គឺការអនុវត្ត គឺឆន្ទៈពិតប្រាកដក្នុងភា​​ព​ជាដៃគូរវាងអាជ្ញាធររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដោយឈប់លាភពណ៌គ្នាបន្តទៅទៀត ឈប់ចាត់ទុ​កគ្នា​​ជាសត្រូវ ហើយត្រូវចាត់ទុកគ្នាជាដៃគូក្នុងការអភិវឌ្ឍ»។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក ស ខេង បានចេញលិខិតណែនាំមួយ តម្រូវឲ្យរដ្ឋបាលរាជធានី-ខេត្ត ឲ្យ​រៀ​បចំវេទិកាពិគ្រោះយោបល់ជា​មួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នា​នា​នៅ​មូល​ដ្ឋាន ឲ្យ​បាន​​​​ទៀងទាត់រាល់ឆមាស ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូជា ។

លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចេញលិខិតណែនាំមួយទៀត បញ្ជាឲ្យរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចការ​នេះឲ្យ​មា​ន​ប្រ​សិទ្ធិភាព ។

ប៉ុន្តែ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលបានចេញផ្សាយសៀវភៅ«ស» ដែលអះអាងថា កម្ពុជាកំពុ​ងកើត​មាន​នូវប​ដិ​វ​ត្ដព​ណ៌​មួយ ដែលរៀបចំឡើងដោយអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ក្នុងសៀវ​ភៅ​​នោះ រដ្ឋាភិ​​​បាលក៏បានចោទប្រកាន់អង្គការជាង ៣០០ ថា បានចូលរួមក្នុងបដិវត្តនេះ។

ចាប់ពីពេលនោះមក សហគមន៍អន្តរជាតិនៃប្រទេសលោកសេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភា​ព​​អឺ​រ៉ុ​ប ​ហៅការចោទប្រកាន់នោះថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច និងជំរុញ​រដ្ឋាភិបាល​ឲ្យស្តា​រស្ថា​ន​កា​រណ៍​ឡើ​​ងវិញ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ