កម្ពុជា​ច្រានចោល​សំណើ​​ UPR​ ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​​ឡើង​​វិញ​​ និង​ដោះលែង​លោក​ កឹម សុខា​

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

រដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ច្រានចោលអនុសាសន៍​មួយ​ចំនួន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយថា ការទាម​ទារ​​នោះ ជំរុញកម្ពុជាឲ្យប្រឈមនឹងបាត់បង់សន្តិភាព។

ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) នៅ​ទីក្រុង​ហ្សឺណែវ​ កាល​ពី​ចុង​ខែ​មករា​កន្លង​មក ​បណ្ដា​រដ្ឋ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ បាន​ផ្ដល់​អនុសាសន៍​ដល់​ទៅ ១៩៨​ចំណុច ឲ្យ​កែ​ប្រែ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​ស្នើឲ្យដោះលែងមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និងឲ្យគណបក្សនេះ បានដំណើរការឡើងវិញ។

ប៉ុន្តែ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គណៈកម្មាធិការសិទ្ធិមនុស្សក​ម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល បាន​​សម្រេច​ទទួល​យក​អនុសាសន៍​ត្រឹម​តែ ១៧៣​ចំណុច​ប៉ុណ្ណោះ ហើយ​ច្រាន​ចោល​អនុសាសន៍ ២៥​ចំណុច​ទៀត។

ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ បាន​ហៅ​អនុសាសន៍​ដែល​ខ្លួន​ច្រាន​ចោល​នោះ​ថា មិនឆ្លើយតបទៅនឹងស្ថានភាពពិតនៃកា​​រ​អនុ​​​វត្តសិទ្ធិសេរីភាព ផ្ទុយនឹងក្របខ័ណ្ឌច្បាប់ រួមទាំងរដ្ឋធម្មនុញ្ញ និងខ្លះទៀតមានចរឹតនយោ​បាយ ផ្ទុយពីគោលការណ៍គ្រឹះនៃការអនុវត្តសិទ្ធិ និងសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ។

អ្នកានាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស លោក កត្តា អ៊ន ឲ្យVOD ដឹងបន្ថែមថា អនុសាសន៍ដែលមានចរឹតនយោបាយនោះ មួយចំនួនបានចាប់បង្ខំ​រដ្ឋាភិបាលឲ្យរំលោភទៅលើស្ថាប័នតុលាការ ជំរុញកម្ពុជាឲ្យប្រឈមនឹងអសន្តិភាព ដូចជាការ​​ទាមទារ​ឲ្យដោះលែងលោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ជាដើម។

លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា៖ «១១៨នាក់នេះ គាត់មានសិទ្ធិពេញលេញក្នុងការសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅតាមក្របខណ្ឌច្បាប់ ប៉ុន្តែ អ្នកខ្លះមួយចំនួនតូចហ្នឹង គាត់ស្ថិតក្នុងបំរាមតុលាការ បំរាមតុលាការ ដើម្បីបន្តការស៊ើបអង្កេតទៅតាមផ្លូវច្បាប់។ រាជរដ្ឋាភិបាលយើងទុកលទ្ធភាពជូនប្រព័ន្ធតុលាការ»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ក្នុង​ឆ្នាំ​២០១៧ និង​ដាក់​ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ និង​នៅ​ក្នុង​ផ្ទះ​រហូតមក​ដល់​សព្វ​ថ្ងៃនេះ ក្រោម​ការ​ចោទ​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»

ជាង​នេះ​ទៅ​ទៀត មន្ត្រី​ជាន់​ខ្ពស់ ១១៨​នាក់​នៃ​គណបក្ស​សង្រោះ​ជាតិ ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​សិទ្ធិ​នយោបាយ ៥​ឆ្នាំ ក្រោយ​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។

ការ​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ និង​ការ​ទាមទារ​ឲ្យ​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ផង​ដែរ។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បាន​លើក​ឡើង​ថា កម្ពុជា​នឹង​កាន់​តែ​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA) ​កាន់​តែ​លឿន​ថែម​ទៀត ក្រោយ​ពី​កម្ពុជា​បង្ហាញ​ជំហរ​បែប​នេះ។

លោក មូរ សុខហួរ មាន​ប្រសាសន៍ថា៖ «ការចាប់ចង ការឃុំខ្លួន​លោកប្រធាន កឹម សុខា ជាការរំលោភសិទ្ធិមនុស្ស រំលោភរដ្ឋធម្មនុញ្ញជាតិឯង និង​​សេ​ចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ។ មិនព្រមឆ្លើយ និងច្រានចោលនូវចំនុចគោរពសិទ្ធិមនុ​ស្ស​​ លទ្ធិប្រ​ជាធិបតេយ្យ សិទ្ធិសេរីភាពអ្នកនយោបាយ ធ្វើឲ្យស្ថានការណ៍ពាក់ព័ន្ធជាមួយ EBA នោះ រឹតតែធ្ងន់ទៅទៀត»

អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សញ្ញានៃការគំរាមកំហែងដល់សន្តិភាពដល់កម្ពុជា អាចកើតចេញពីការកែច្បាប់បម្រើតែមនុស្សមួយក្រុម មិនមែនមកពីសហគមន៍អន្តរជាតិជំរុញឲ្យកម្ពុជាឲ្យគោ​រព​​សិ​ទ្ធិមនុស្ស ដើរលើគន្លងប្រជាធិបតេយ្យ តាមស្មារីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ផ្តល់ជាយោបល់ថា រដ្ឋាភិបាលគួរតែទទួលយកការពិត យកទៅស្វែងរកដំណោះស្រាយ ជាជាងបង្វែរស្ថានការណ៍​គេចចេញពីការទទួលខុសត្រូវ​ ធ្វើឲ្យខាតប្រយោជន៍ជាតិ។

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា៖ «ដោយសារតែយើងខ្លាចសង្គ្រាមស៊ីវិលនៅតែបន្តអូសបន្លាយហ្នឹងហើយ បានយើងនំាគ្នាបញ្ឈប់សង្គ្រាមដោយប្រើយន្តការនៃការបោះឆ្នោតដោយមិនទាត់ចោលភាគីខ្មែរណាមួយ។ យើងមានការព្រួយបារម្ភណាស់ បើសិនជាយើងផាត់ចេញ លាបព៌ណគ្នា អាហ្នឹងវាធ្វើឲ្យខ្មែរយើង វាឈានទៅរកការបែកបាក់ជាតិ។ អញ្ចឹង យើងគួរតែងា​​ក​ម​កយកអនុសាសន៍អន្តរជាតិជាប្រយោជន៍ដល់ខ្មែរយើងទាំងអស់គ្នាទេ វាមិនមែនជាប្រយោជន៍របស់អន្តរជា​តិទេ»

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការដែលរដ្ឋាភិបាលសម្រេចបែបនេះ អាចជាសញ្ញាបង្ហាញថា រដ្ឋាភិបាលមិនបានត្រៀមខ្លួនទៅស្តារ​ប្រជាធិបតេយ្យ តាមការជំរុញរបស់សហគមន៍អន្តរជាតិនោះទេ។

ប៉ុន្តែ​ លោក​ថា វាបានជំរុញឲ្យសហគមន៍អន្តរជាតិជ្រើសរើសយកវិធានការ​កោះប្រជុំភាគី​សន្និសីទ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ ដើម្បីទប់ស្កាត់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣២ នៃ​យន្តការ​ត្រួត​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​សកល​នៅ​ឯ​ទីក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា​កន្លង​មក​នោះ ក្រុម​ប្រទេស​លោក​សេរី​ មាន​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ចក្រ​ភព​អង់គ្លេស​ ជា​ដើម សុទ្ធ​តែ​បាន​ជំរុញ​រដ្ឋាភិបាលកម្ពុជាឲ្យ​ស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈការដោះលែងលោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ