បទវិភាគ៖ កង្វះ​​ថាមពល​អគ្គិសនី​​ប្រើ​ប្រាស់​​កំពុង​តែ​ធ្វើ​ឲ្យ​​មាន​ការ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​​សហគ្រាស​ធុន​តូច​ និង​​មធ្យម​នៅកម្ពុជា​

ទីតាំងលក់ម៉ាស៊ីនមួយកន្លែង ម្តុំផ្សារតូច ស្ថិតនៅម្តុំស្ពានជ្រោយចង្វារ ក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​កាលពី​ថ្ងៃទី១៨ ខែ​មិនាមុននេះ អគ្គិសនី​កម្ពុជា​បាន​លើកឡើងថា​ កំណើនខ្ពស់នៃការ​វិនិយោគក្នុង ​និង​ក្រៅ​ប្រទេស ការ​បញ្ចុះ​តម្លៃ​អគ្គិសនីចាប់ពី​ខែ​មករា អាកាសធាតុក្តៅ​ខ្លាំង​ និង​ការ​ខ្វះ​ទឹក​ខុស​ប្រក្រតី​ ធ្វើឲ្យ​តម្រូវ​ការ​​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ​២០១៩ កើនឡើង​យ៉ាង​គំហុក​លើ​សពីការ​រំពឹង​ទុក។ អគ្គិសនីកម្ពុជា​លើកឡើង​ថា​​ ការ​ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​​ផ្គត់​ផ្គង់​ចេញពី​ប្រភព​អគ្គិសនី​ថយចុះ និង​ធ្វើ​ឲ្យ​ខ្វះ​អគ្គីសនី​ប្រើ​ប្រាស់​រហូត​ដល់​១៣%។

កង្វះ​ខាត​នៃ​ការ​ផ្គត់​ផ្គង់​ថាមពលអគ្គិសនី​កំពុង​តែធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ដំណើរការ​វិនិយោគ និង​ប្រតិបត្តិការ​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

​យោង​តាម​របាយការណ៍​របស់​អគ្គិសនី​កម្ពុជា​សម្រាប់​ឆ្នាំ២០១៨ ឲ្យ​ដឹង​ថា ប្រភព​នៃការ​ផលិត​អគ្គិសនីផ្ទាល់​ខ្លួន និង​រោងចក្រ​ គឺ​មាន​តែ​០.០៩% ​ប៉ុណ្ណោះ​​បើ​ប្រៀបធៀប​នឹង​តម្រូវ​ការ​នៃការ​ប្រើ​ប្រាស់​អគ្គិសនី​សរុប​នៅក្នុង​ប្រទេស​ ដែល​មានចំនួន​រហូតដល់​ទៅ​២៦៥០ម៉េហ្គាវ៉ាត់​ សម្រាប់​ឆ្នាំ២០១៨។ ការ​ផ្គត់​ផ្គង់​អគ្គិសនី​សម្រាប់​ប្រតិបត្តិការ​ក្រៅ​ពី​នេះ គឺ​ពឹង​ផ្អែក​ទាំងស្រុង​ដល់​ការ​ផ្គត់​ផ្គង់អគ្គិសនី​របស់​អគ្គិសនីកម្ពុជា។

សេដ្ឋកិច្ចកម្ពុជា​ពឹង​ផ្អែក​ស្ទើ​រ​ទាំងស្រុង​លើ​វិស័យឧស្សាហកម្ម​ ដែល​ផ្តោត​លើ​វាយនភ័ណ្ឌ​កាត់ដេរ ដេរស្បែកជើង និង​វិស័យ​សេវាកម្ម​ដែល​ផ្តោត​ជា​សំខាន់​ដល់​វិស័យទេស​ចរ និង​បដិសណ្ឋារកិច្ច។ យ៉ាង​ណាមិញ​ ការ​​ប្រតិ​បត្តិ​វិស័យ​ទាំងនេះ​ ពិត​ជា​ត្រូវ​ការ​ចាំបាច់​នូវ​ការ​ប្រើ​ប្រាស់​ថាមពលអគ្គិសនី។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ខែ​មុននេះ អគ្គិសនីកម្ពុជា​បាន​ស្នើ​ឲ្យ​មានការ​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន ​ដើម្បី​ជួយ​សម្រួល​ដល់​ការផ្គត់ផ្គង់ពេល​ថ្ងៃ​ សម្រាប់​ដំណើរការ​ផ្នែកឧស្សាហកម្ម ការកិន​ស្រូវ​អង្ករ​សម្រាប់នាំចេញ មន្ទីរពេទ្យ​ រដ្ឋករទឹក​ ស្ថានទូត និង​ស្ថាប័ន​រាជ​រដ្ឋាភិបាល។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាសធុន​តូច​ និង​មធ្យម​កម្ពុជា (FASMIC) លោកឧកញ៉ា តែ តាំងប៉ ថ្លែង​ប្រាប់ VOD​ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ ថាសហគ្រាសធុន​តូច​ និង​មធ្យម (SMEs) ពិត​ជា​ត្រូវ​ការ​អគ្គីសនីជា​ការ​ចាំ​បាច់​ណាស់។  លោក​បញ្ជាក់​ថា ​ពេល​បច្ចុប្បន្ន​នេះ SMEs មាន​ការ​ប្រើប្រាស់​ម៉ាស៊ីន​ច្រើន ដើម្បី​បង្កើន​ផលិត​ភាព​ផលិត​កម្ម​របស់​ខ្លួន ។

លោកឧកញ៉ា​ តែ តាំងប៉ មានប្រសាសន៍ថា៖ «SMEs ទាំង​អស់​អាច​រង​ផល​ប៉ះពាល់​នៃ​ការ​ខ្វះ​ខាត​ចរន្ត​អគ្គីសនី​នេះ គ្រាន់​តែ​ទំហំ​នៃ​ផល​ប៉ះពាល់​ខុសៗ តែ​ប៉ុណ្ណោះ។»

លោកឧកញ៉ា តែ​ តាំងប៉ ​បាន​ផ្តល់ក្តី​សង្ឃឹមថា​ រាជរដ្ឋាភិបាល​នឹង​អាច​ដោះស្រាយ​តាម​រយៈ​ការ​ខំ​ប្រឹង​ប្រែង​ស្វែង​រក​ប្រភព​អគ្គីសនី​មក​បំពេញ​បន្ថែម។

លោក​មាន​ប្រសាសន៍​ថា​៖ «ចំពោះ​ SMEs ខ្លួន​ឯង​មាន​តែ​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​បណ្ដោះ​អាសន្ន​ និង​ស្វែង​រក​ប្រភព​អគ្គីសនី​ថ្មី​បន្ថែម​ទៀត​ ដូច​ជា ថាមពល​អគ្គីសនីដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ ដែល​ជា​ជម្រើស​ដ៏​ល្អ ហើយ​មាន​តំលៃ​ថោក​ផង​ដែរ។»

​យោង​តាមការ​អង្កេត​ស្ថិតិ​សហគ្រាស​ឆ្នាំ​២០១៤​ នៃ​ក្រសួង​ផែនការ ចំនួន​សហគ្រាស​ធុន​តូច​ និង​មធ្យម​សរុប​នៅ​កម្ពុជា ​ក្នុង​ខែ​មីនា ​ឆ្នាំ​២០១៤​ មាន​ចំនួន​​ជាង៥៣​ម៉ឺន​សហគ្រាស ដែល​ជាង៩៧​ភាគរយ​ជា​សហគ្រាស​ខ្នាត​តូច។​

ប្រធានសភា​ធុរកិច្ច​អន្តរជាតិ​ លោក​ ប្រេតុន ការនី ​មានប្រសាសន៍ក្នុងជំនួប​វិស័យ​ធុរកិច្ច​ជាមួយនឹង​រាជ​រដ្ឋាភិបាល​កម្ពុជា កាលពី​​សប្តាហ៍មុនថា ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព និងតម្លៃសមរម្យ​ ជាកត្តាដែល​រាជរដ្ឋាភិបាលត្រូវឆ្លើយតប​ដើម្បីលើកកម្ពស់អ្នកវិនិយោគ។

នៅក្នុងជំនួប​នោះ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​សុំ​​ការយោគយល់ពីក្រុម​អ្នក​វិនិយោគ ដោយថា ​​រដ្ឋាភិបាលកំពុង​ជួលកាប៉ាល់ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ប្រទេស​តួ​កគី​ មក​​បំពេញ​នូវ​កង្វះខាតទាំងនោះ។​

បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នាវាផ្ទុក​អគ្គិសនី​ដែល​នឹង​នាំ​មក​ពី​ប្រទេស​តួកគី​ នឹង​អាច​ផ្គត់​ផ្គង់​ថាមពលអគ្គិសនី​២០០មេហ្គាវ៉ាត់។​

យោងតាម​របាយការណ៍​វឌ្ឍនភាព​សំខាន់​ៗ​​របស់​វិស័យ​អគ្គិសនីបញ្ចប់​ឆ្នាំ២០១៨​ បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ អនុភាព​​ប្រភព​អគ្គិសនីកើនឡើង​​១២.៥​ដង​ និង​បរិមាណ​ប្រភព​ថាមពល​កើនឡើង​១១.៤ដង។ របាយការណ៍ដដែល​នេះ​ បង្ហាញថា​ អានុភាព​នៃកា​រផ្គត់​ផ្គង់​កើនឡើង​២៦៥០មេហ្គាវ៉ាត់​​ នៅក្នុង​ឆ្នាំ២០១៨ គឺ​កើនឡើង​ចំនួន​១៥.២៩%។​

កម្ពុជា​​ទិញ​ថាមពល​អគ្គិសនី​ពីប្រទេសជិត​ខាង​ចំនួន​១៤.៥៥%​ ដើម្បី​ផ្គត់​ផ្គង់​ដល់​តម្រូវ​ការ​នៃកា​រ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ២០១៨។ ប្រទេសវៀតណាមបាន​ផ្គត់​ផ្គង់​១១.០៤% ហើយ​​នៅ​តែ​នាំ​មុខ​​ប្រទេស​ផ្សេងទៀត​ដែល​លក់​ថាម​ពលអគ្គិសនី​ដល់​ប្រទេសកម្ពុជា ខណៈ​ប្រទេស​ថៃ​ផ្តល់​២.៨២% និង​ឡាវចំនួន0.៦៩%។

របាយការណ៍​ក្នុង​ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​អគ្គីសនីកម្ពុជា​ ឲ្យ​ដឹង​ដែរថា​ ៨៥.៤៥% គឺ​ជា​ប្រភព​អគ្គិសនី​ដែល​បង្កើត​ឡើង​នៅក្នុង​ស្រុក​។​ វារីអគ្គិសនីបាន​ផ្គត់​ផ្គង់​ថាម​ពល​ដល់​ទៅ​៤៨.៤៧% ខណៈការ​ដុត​ធ្យូងថ្ម​បាន​ផ្តល់​ថាមពល​៣៤.៥០% ការ​ដុត​ប្រេងផុ្តល់​១.៩៣% ថាមពលកកើតឡើង​វិញ​ផ្តល់​០.៤៦%។​

យោងតាមរបាយការណ៍អង្គការទិន្នន័យអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៦ បានឱ្យដឹងថា នៅកម្ពុជាមានតំបន់​វារីអគ្គិសនីកំពុងដំណើរការផលិតអគ្គិសនីចំនួន៨កន្លែង។ ដោយឡែកមួយកន្លែងកំពុងសាងសង់​ និងមាន៣១កន្លែងទៀត កំពុងស្ថិតនៅក្នុងគម្រោងសិក្សានៅឡើយ។​

លោក ចាន់ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​យល់​ឃើញ​ថា​ កង្វះនៃការ​ផ្គត់​ផ្គង់​ថាមពលអគ្គិសនី​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះអាជីវកម្ម​ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ពី​ខ្សែសង្វាក់​ផលិតកម្ម។

លោកមានប្រសាសន៍ថា៖ «អ្វី​ដែល​ធ្ងន់​ធ្ងរជាងគេ ខ្ញុំជឿថា គឺ​កន្លែងដែល​រោងចក្រកាត់ដេរ​សម្លៀក​បំពាក់។ ពីព្រោះ​ វា​ជា​ផលិត​កម្មមួយដែលមានមនុស្ស​រាប់ពាន់នាក់ រោងចក្រខ្លះ។ បើវាមិនមានដំណើរការ​ នោះ​វារាំង​ស្ទះខ្លាំង​មែនទែនហើយ។ យើង​ឃើញ​ហើយ​ថា​ មួយឆ្នាំ រោងចក្រកាត់​ដេរ​សម្លៀក​បំពាក់លក់​បាន​ប៉ុន្មាន ក្នុងមួយខែ​បាន​ប៉ុន្មាន។ អ៊ីចឹង ​ពីរខែហ្នឹង វា​អាចខាត​ពាក់កណ្តាល វា​ងាយ​ប៉ាន់​ស្មានទេ។ តែ​ខ្ញុំជឿថា​ សម្រាប់រោង​ចក្រជួល​បុគ្គលិកពេញៗ​ គេអាច​រក​ដំណោះស្រាយ​ម៉ាស៊ីន​ភ្លើងធំៗហើយ​ គេ​មិន​ឲ្យ​រាំង​ស្ទះ​ទេ។»

អគ្គលេខាធិការរង​តំណាង​សមាគមរោងចក្រ​កាត់​ដេរកម្ពុជា លោក កាំង​ ម៉ូនីកា ប្រាប់​វីអូឌី(VOD)តាម​សារ​អេលិចត្រូនិច​ថា រោងចក្រកាត់ដេរ​មាន​ម៉ាស៊ីន​ភ្លើង​​របស់ពួកគេ ប៉ុន្តែ​វា​អាច​នឹង​ចំណាយ​ច្រើនជា​ងការ​ប្រើ​ប្រាស់​ភ្លើង​របស់​រដ្ឋ។ លោក​មានប្រសាសន៍រដ្ឋាភិបាល​កំពុង​រៀបចំ​កិច្ច​ប្រជុំ​មួយ​ជាមួយនឹង​ភាគីពាក់ព័ន្ធ​នៅ​ថ្ងៃសុក្រ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប។

លោកមាន​ប្រសាសន៍​ថា៖ «វា​មាន​ផល​ប៉ះពាល់​ប៉ុន្តែ​វា​លឿន​ពេក​ដើម្បីនិយាយឲ្យ​បាន​លំអិត​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​តូច​ឬធំ។»

ក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ ចេញផ្សាយ​នៅដើម​ឆ្នាំ២០១៨​ រកឃើញថា​៩៧.៦%នៃ​ផ្ទះ​សម្បែង​​រប​ស់​ប្រជា​ពលរដ្ឋ​ គឺ​បាន​ប្រើ​អគ្គីសនី​យ៉ាងតិច​មួយប្រភព។ ៧១.៥% គឺ​បាន​ប្រើប្រាស់បណ្តាញ​ប្រព័ន្ធភ្លើង​អគ្គីសនី​ និង​២៦.១%​ ប្រើ​ប្រាស់​អគ្គីសនី​ដែល​យក​ពី​ថាមពលកកើតឡើង​វិញដែល​ត្រូវ​បាន​បង្កើ​ត​តាម​ផ្ទះនីមួយៗ និង​អាគុយ​ជាដើម។ របាយការណ៍​ដដែល​ ក៏រកឃើញ​ដែរថា ៦៩.៣% ​នៃ​បណ្តាញ​អគ្គីសនី​ដែល​ផ្គត់​ផ្គង់​ដល់ពលរដ្ឋ ​គឺ​ជាញឹក​ញាប់​ត្រូវ​បាន​កាត់​ផ្តាច់ ហើយ​ថា​មានតែ​១៣% ​ប៉ុណ្ណោះ​ ដែលអាច​ប្រើ​ប្រាស់​ភ្លើង​បាន​២៣ម៉ោងក្នុងមួយថ្ងៃ។

នៅ​ក្នុង​ឆ្នាំ​ ២០០៣​ ការ​វាយតម្លៃ​វិស័យ​វា​រី​អគ្គិសនី​ថ្នាក់​ជាតិ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ (បច្ចុប្បន្នជា ក្រសួង​រ៉ែ និងថាមពល) និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ (CNMC)​។​ របាយការណ៍​នេះ​ បាន​កំណត់​ទីតាំង​ដែល​មាន​សក្តានុពល​ចំនួន​ ៦០​កន្លែង​ សម្រាប់​ការ​អភិវឌ្ឍ​ថាមពល​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​ប៉ាន់ស្មាន​ពី​សក្តានុពល​ផលិត​ថាមពល​សរុប​ទូ​ទាំង​ប្រទេស​ប្រមាណ​ ១០,០០០​ មេ​ហ្គា​វ៉ា​ត់​ ដែល​ក្នុង​នោះ​ ៥០​ ភាគរយ​ គឺ​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​ និង​ ៤០​ ភាគរយ​ នៅ​តាម​ដៃទន្លេ​មេគង្គ​ និង​ ១០​ ភាគរយ​ នៅ​ភាគ​និរតី​ខាងក្រៅ​អាង​ទន្លេមេគង្គ​។ 1 នៅ​ដើមឆ្នាំ​ ២០១៩​ ប្រទេស​កម្ពុជា​មិន​បាន​សាងសង់​ទំនប់​ណាមួយ​ នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ទេ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ