CNRP ហៅការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិថ្មី​ថា មិនឆ្លុះបញ្ចាំងពី​ឆន្ទៈពលរដ្ឋ

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

អតីតបក្សប្រឆាំងប្រកាសថ្កោលទោសការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣ និង​ចាត់​ទុក​​ជាការ​បោះឆ្នោត «ក្លែងក្លាយ» និងមិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋដូចទៅនឹងការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដាឆ្នាំមុន។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ អតីតគណបក្សសង្គ្រោះជាតិហៅការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៦ខែឧសភាខាងមុខថា គឺជាការបោះឆ្នោតបង្គ្រប់កិច្ច និងមិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋ។

គណបក្ស​សង្គ្រោះ​ជាតិបាន​លើក​ឡើង​ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងចំនួន ៥០០៧ ក្នុងចំណោមតំណែងជាង១ម៉ឺននាក់ (១១៥៧២នាក់) គឺមិនបានកើតចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ពិតប្រាកដ ដែលបានបញ្ចប់ទៅដោយភាពចម្រូងចម្រាស់កាលពីឆ្នាំ២០១៧នោះ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល អតីតគណបក្សសង្គ្រោះជាតិក៏អំពាវនាវទៅអង្គការជាតិ និងអន្ដរជាតិ​ និងបណ្ដាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ កុំឲ្យចូលរួមសង្កេតការបោះឆ្នោតមួយនេះ។

អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែល​កាន់​កាប់​អាសនៈ​សភា​ចំនួន៥៥​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ និងទទួលបាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៥០០៧ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​ ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​ចោលតាមបណ្ដឹងរបស់រដ្ឋាភិបាល ហើយ​អាសនៈ​​ទាំង​អស់របស់អតីតបក្សប្រឆាំង ក៏ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​​ផ្សេង ​ដែល​មិនបាន​ឈ្នះ​​ឆ្នោត​។

អតីតគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោតថ្នាក់​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​កន្លងទៅនោះទេ ដែល​ការ​បោះ​ឆ្នោត​នោះ​បាន​ផ្ដល់​ជ័យ​ជម្នះ​ទាំង​ស្រុង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ថ្កោល​ទោស​ការ​បោះ​ឆ្នោត​នោះ និង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ទៀត​ផង ហើយ​ពួកគេ​បាន​ចាត់​វិធានការ​មួយ​ចំនួន​មក​លើ​កម្ពុជា​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ