នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរឆ្នាំថ្មីដោយភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ។
ក្នុងសារជូនពរឆ្នាំថ្មីកម្រាស់៥ទំព័រដែលចេញកាលពីថ្ងៃទី៣ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្រៅពីបង្ហាញពីសមិទ្ធិផលរបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ច វិធានការនានា ដែលលោកហៅថា ដើម្បីរក្សាស្ថេរភាពនយោបាយ មេដឹកនាំរូបនេះក៏បានប្តេជ្ញាថា រដ្ឋាភិបាលនឹងបន្តវះកាត់លើយន្តការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ក្នុងនោះមានទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ។
លោក ថា៖ «រដ្ឋាភិបាលនឹងបន្តធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅតាមអភិក្រមងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់។ ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់មជ្ឈការ និងសហវិមជ្ឈការ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា កំណែទម្រង់ស៊ីជម្រៅទៅលើអំពើពុករលួយ អាចពិបាកនឹងធ្វើទៅបាន បើគ្មានឆន្ទៈពិតពីមេដឹកនាំ ដោយលោកថា អំពើពុករលួយពេលនេះ វាបានចាក់ឬសជ្រៅទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋ ពិសេសបញ្ហាគ្រួសារនិយម។
អ្នកឃ្លាំមើលពីអភិបាលកិច្ចរូបនេះ ផ្តល់ជាយោបល់ថា ដើម្បីសម្រេចជោគជ័យនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ រដ្ឋាភិបាលត្រូវចាប់ផ្តើមលុបបំបាត់អំពើពុករលួយបែបគ្រួសារនិយមពីថ្នាក់កំពូលមុនគេ។
លោក ថា៖ «បញ្ហាបក្ខពួកនិយម ការទទួលបានមុខតំណែងដោយសារតែការសូកប៉ាន់ ដោយសារតែបក្ខពួក អាហ្នឹងជាឫសគល់។ ដូច្នេះ គេត្រូវរកវិធីដោះស្រាយបញ្ហានេះតាមរយៈកាត់បន្ថយទំនាស់ផលប្រយោជន៍ ធ្វើឲ្យប្រព័ន្ធមួយស្អាតស្អំ កុំឲ្យមានការសូកប៉ាន់»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយលក្ខណៈទ្រង់ទ្រាយធំនឹងមិនអាចទៅរួចទេ បើស្ថាប័នរដ្ឋនៅតែមានឪពុកជាប្រធានស្ថាប័ន កូនជាជំនួយការនោះ។
លោក មាស នី បង្ហាញការព្រួយបារម្ភទៀតថា វិធានការនេះអាចជាអាវុធមុខពីរ បើយន្តការធ្វើកំណែទម្រង់គ្មានភាពស្មោះត្រង់។
លោក មានប្រសាសន៍ថា៖ «បើមិនអីចឹងទេ អាវិធានការកំចាត់អំពើពុករលួយហ្នឹង វានឹងក្លាយជាឧបករណ៍មួយកំពុងតែរងការរិះគន់ខ្លាំងនៅប្រទេសចិន។ បច្ចុប្បន្នហ្នឹង លោក ស៊ី ជីងពីង មេដឹកនាំចិនហ្នឹង យកវិធានការប្រឆាំងអំពើពុករលួយហ្នឹងទៅគាបសង្កត់អ្នកដែលមានមតិប្រឆាំង យើងអត់ចង់ឃើញការអនុវត្តបែបហ្នឹងក្នុងប្រទេសកម្ពុជាទេ»។
លោក មាស នី ពន្យល់ទៀតថា បើការប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្ក្រាបបានតែមនុស្សមួយក្រុម ច្បាប់នឹងក្លាយជាឧបករណ៍ពង្រឹងអំណាចអ្នកពុករលួយមួយក្រុមទៀតដែលមានឥទ្ធិពលក្នុងស្ថាប័នរដ្ឋ។
នៅដើមឆ្នាំ២០១៨ អង្គការតម្លាភាពអន្តរជាតិបានចេញផ្សាយសន្ទស្សន៍វាយតម្លៃថា អំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរជាងប្រទេសជាសមាជិកអាស៊ាន។
អង្គការនេះ រកឃើញទៀតថា ការដែលកម្ពុជាមានចំណាត់ថ្នាក់អំពើពុករលួយខ្ពស់បែបនេះ ដោយថា ការធ្វើកំណែទម្រង់ជាច្រើនពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ ដែលត្រូវបានលើកឡើងដោយអ្នកជំនាញផ្នែកអភិបាលកិច្ច អ្នកជំនាញប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនត្រូវបានយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។
អង្គការអន្តរជាតិមួយនេះបានផ្តល់ជាអនុសាសន៍ថា ដើម្បីស្តារបញ្ហានេះ រដ្ឋាភិបាល ត្រូវលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សង្គមស៊ីវិល លើកកម្ពស់ការយល់ដឹងរបស់សាធារណជន ពង្រឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិដែលប្រឆាំងនឹងអំពើពុករលួយ ៕