បទវិភាគ៖ តើ​​ឧស្សាហកម្ម​​កាត់ដេរ​​កម្ពុជា​​​អាច​​ប្រកួត​​ប្រជែង​​នឹង​​ប្រទេស​​ដទៃ​​បាន​​ឬ​​ទេ​ ប្រសិន​​បើ​​គ្មាន​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​?​

កម្មការិនីកាត់នៅរោងចក្រមួយកន្លែង។

ពេល​នៅ​សេស​សល់​សម្រាប់​កម្ពុជា​​ទទួល​បាន​ភាព​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​ពី​សហភាព​អឺរ៉ុប កាន់​តែ​រំកិល​ទៅ​មុខ​ជានិច្ច ដូច​ដែល​សហភាព​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​ថា ទ្រនិច​នាឡិកា​ចាប់​ផ្ដើម​ និង​រាប់​ថយ​ក្រោយ​ហើយ ក្រោយ​ពី​តំបន់​ទីផ្សារ​រួម​មួយ​នេះ បាន​ប្រកាស​​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក ​អំពី​ការ​ចាប់​ផ្ដើម​នីតិវិធី​នានា ដែល​ឈាន​ទៅ​រក​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA) ពី​ប្រទេស​កម្ពុជា និង​ភូមា​ផង​ដែរ។

សហភាព​អឺរ៉ុ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ថា តំបន់​ចាយ​ប្រាក់​អឺរ៉ូ​​មួយ​នេះ បាន​សម្រេច​ដំណើរការ​នីតិវិធី​ប្រឆាំង​នឹង​កម្ពុជា​បែប​នេះ ក៏​ព្រោះ​តែ​ខ្លួន​មើល​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ តំណាង​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​នោះ បាន​ហៅ​វិធានការ​អឺរ៉ុប​បែប​នេះ​ថា ជា​រឿង​ «អយុត្តិធម៌​​បំផុត» សម្រាប់​កម្ពុជា ហើយ​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផ្ទាល់ បាន​​ថ្លែង​ជា​សាធារណៈ​ប្រឆាំង​នឹង​វិធានការ​អឺរ៉ុប​បែប​នេះ ដូចជា ថ្លែង​ថា កម្ពុជា​នឹង​មិន​ស្លាប់​នោះ​ទេ បើ​ទោះបី​ជា​គ្មាន EBA ក៏​ដោយ រដ្ឋ​នៅ​តែ​មាន​ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​ដដែល ហើយ​ក៏​ថ្លែង​ផង​ដែរ​ថា អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បែប​នេះ ដោយសារ​តែ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន។

ខណៈ​ដែល​គ្មាន​សញ្ញា​ណា​មួយ​បង្ហាញឲ្យ​បាន​ច្បាស់​ថា កម្ពុជា​​បន្ទន់​ជំហរ​របស់​ខ្លួន​សម្រប​សម្រួល​ទៅ​តាម​ការ​ទាម​ទារ​ពី​សហភាព​អឺរ៉ុប​ជា​ថ្នូរ​នឹង​ការ​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ ក្រុម​អ្នក​បញ្ជា​ទិញ​​អន្តរជាតិ​ដែល​ជា​អ្នក​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​តំបន់​អឺរ៉ុប​នោះ បាន​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី​ទៀត បង្ហាញ​ថា ពួកគេ​រឹត​តែ​ព្រួយ​បារម្ភ​ថែម​ទៀត​អំពី​ហានិភ័យ​កើត​ចេញ​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​តំបន់​លោក​សេរី​នោះ។

បញ្ហា​នេះ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ផង​ដែរថា ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​​ មិន​ថា EBA របស់​អឺរ៉ុប ឬ​ក៏ GSP របស់​អាមេរិក​ទេ ត្រូវ​បាន​ដកហូត​មែន តើ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​ឬ​ទេ?

នៅ​ពេល​និយាយ​អំពី​ឧស្សាហកម្ម​កាត់​ដេរ វា​មិន​មែន​តែកម្ពុជា​ទេ​​ដែល​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​នោះ ប៉ុន្តែ ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ដូចជា ចិន ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី ថៃ និង​បង់ក្លាដែស សុទ្ធ​តែ​​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​ផលិត​ផល​ដូច​គ្នា​នេះ​ផង​ដែរ។ សមាជិក​ថ្មី​បំផុត​ដែល​ចូល​មក​ប្រកួត​ជាមួយ​កម្ពុជា​ផង​ដែរ​នោះ គឺ​ប្រទេស​ភូមា បន្ទាប់​ពី​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​មួយ​កាល​ពី​ឆ្នាំ​២០១៥​មក។

​របាយការណ៍​នានា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​នៅ​ក្នុង​​ឆ្នាំ​២០១៧ បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​ក្រោម​គេ​នៅ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់ និង​ផលិត​ផល​កាត់​ដេរ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក ខណៈ​ ចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ហុងកុង ឥណ្ឌូនេស៊ី សុទ្ធ​តែស្ថិត​នៅ​លំដាប់​កំពូល ជា​ប្រទេស​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​​ធំ​ជាង​បំផុត​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ទិន្នន័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ក៏​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា ចិន​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​តម្លៃ​ដល់​ទៅ ១៥៣​ពាន់​លាន​ដុល្លារ បង់ក្លាដែស​នាំ​ចេញ​មាន​តម្លៃ​ ១៣០​ពាន់​លាន​ដុល្លារ វៀតណាម​នាំ​ចេញ​មាន​តម្លៃ ២៩​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ទំហំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​ពី​កម្ពុជា​​ មាន​តម្លៃ​ត្រឹម​តែ ៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ត្រឹម​ឆ្នាំ​២០១៧​កន្លង​មក។

​ទិន្នន័យ​ថ្មី​បំផុត​ដែល​ត្រូវ​បាន​ក្រុម​អ្នក​បញ្ជា​ទិញ​បង្ហាញ​ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​នោះ បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០០៨​កន្លង​មក​នេះ កម្ពុជា​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៦ ឬ​លេខ ៥ ឬ​ក៏​លេខ ៤ ក្នុង​នាម​ជា​ប្រទេស​​ផ្គត់​ផ្គង់​​សម្លៀក​បំពាក់ ផ្គត់​ផ្គង់​ស្បែក​ជើង និង​ផ្គត់​ផ្គង់​ទំនិញ​ធ្វើ​ដំណើរ​ធំ​បំផុត​ សម្រាប់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។

ទិន្នន័យ​ថ្មី​បំផុត​នេះ ក៏​បង្ហាញ​ផង​ដែរ​ថា ផលិត​ផល​កាត់​ដេរ​កម្ពុជា​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​ទាំង​ពីរ​នេះ មាន​តម្លៃ​ ៨.៥​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​កន្លង​មក​នេះ ហើយ​ភាគច្រើន​លើស​លប់​នៃ​ផលិត​ផល​កាត់​ដេរ​កម្ពុជា​​ ត្រូវ​បាន​នាំ​ទៅ​កាន់​ទីផ្សារ​ទាំង​ពីរ​នេះ​ ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធគយ​​​សូន្យ​ភាគរយ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ​ក៏ GSP។

បើ​តាម​ក្រុម​អ្នក​បញ្ជា​ទិញ ប្រសិន​បើ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ផលិត​ផល​កាត់​ដេរ​កម្ពុជា​​ដែល​មាន​សម្លៀក​បំពាក់ និង​ស្បែក​ជើង នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​គយ​ក្នុង​អត្រា​ចន្លោះ​ពី ៨ ទៅ ១៧​ភាគរយ ពោល​គឺ​កម្ពុជា​ត្រូវ​បង់​តម្លៃ​ពន្ធ​គយ​ ៥៣៥​លាន​អឺរ៉ូ ឬ​ជិត ៦០៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​២០១៧​កន្លង​មក​នេះ។

សមាគម​​​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស Amfori ដែល​ជា​សហព័ន្ធ​ក្រុម​អ្នក​បញ្ជា​ទិញ​​អឺរ៉ុប​ដ៏​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៊្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ខែ​មករា​កន្លង​មក​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ជា​មូលដ្ឋាន​មួយ​ដែល​បណ្ដា​ក្រុមហ៊ុន​បញ្ជា​ទិញ​​​របស់​អឺរ៉ុប​ដល់​ទៅ​ជាង ១៣០ បាន​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ពី​រោងចក្រ​ជិត ៤០០​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត Amfori បាន​បញ្ជាក់​បន្ថែម​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ជួយ​ជំរុញ​ដល់​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​អឺរ៉ុប ដែល​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដ៏​ល្អ​ប្រសើរ​នោះ នឹង​ជួយ​បង្កើន​ផលិតកម្ម​​តាម​បណ្ដា​រោងចក្រ និង​បង្កើន​កម្រិត​ពលកម្ម​ផង​ដែរ។

របាយការណ៍​វាយ​តម្លៃ​អំពី​ស្ថានភាព​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​ហូឡង់​ប្រចាំ​នៅ​ទីក្រុង​បាងកក កាល​ពី​ខែ​តុលា​ឆ្នាំ​មុន បាន​បង្ហាញ​ថា ការណ៍​ដែល​កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ធំៗ ដូចជា​ សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជាដើម គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​អ្នក​សិក្សា​វាយ​តម្លៃ​ថា ជា​ឱកាស​ដែល​ក្រុមហ៊ុន​បរទេស​នានា ​សម្លឹង​ឃើញ និង​ចង់​វិនិយោគ​មក​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា។

ប៉ុន្តែ របាយការណ៍​នោះ ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​នានា ដូច​ជា ទំហំ​ចំណាយ​យ៉ាង​សម្បើម​លើ​ថាមពល​អគ្គិសនី ដែល​ជា​បន្ទុក​លើ​ការ​ចំណាយ​សម្រាប់​ថ្លៃ​ដើម​ផលិត​កម្ម កំណើន​ប្រាក់​ឈ្នួល​កាន់​តែ​ខ្ពស់​របស់​កម្មករ និង​ជា​ពិសេស​កំណើន​នៃ​ការ​ប្រកួត​ប្រជែង​ពី​គូ​ប្រជែង​ក្នុង​តំបន់។

ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ បានកើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​បាន​កើន​ឡើង​ពី​ចំនួន ៨០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៣ មក​ដល់​យ៉ាង​តិច ១៧៣​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ។

កំណើន​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កម្ពុជា បាន​ក្លាយ​ជា​បន្ទុក​ទៅ​លើ​ការ​ប្រកួត​ប្រជែង​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ ដូចជា បង់ក្លាដែស និង​វៀតណាម ដែល​កម្មករ​កម្មការិនី​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ជាង​កម្មករ​កម្មការិនី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បញ្ហា​តម្លៃ​ចំណាយ​ខ្ពស់​ទៅ​លើ​ថាមពល​អគ្គិសនី និង​សង្វាក់​ផលិតកម្ម​ដទៃ​ទៀត ត្រូវ​បាន​ធនាគារ​ពិភព​លោក និង​អង្គការ​ពលកម្ម​អន្តរជាតិ លើក​ឡើង​ថា ​ជា​ឧបសគ្គ​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ចាប់​តាំង​ពី​យូរ​មក​ហើយ ហើយ​ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ​នេះ ក៏​បាន​ជំរុញ​មក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ​ផង​ដែរ។

ការ​កសាង​ទំនប់​វារី​អគ្គិសនី និងការ​ស្ដារ​ឡើង​វិញ​នូវ​​ប្រព័ន្ធ​ដឹក​ជញ្ជូន​ចាស់ៗ ដូចជា ​ផ្លូវដែក​ ជាដើម ត្រូវ​បាន​រដ្ឋាភិបាល​រំពឹង​ថា នឹង​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា ប៉ុន្តែ កង្វះ​ខាត​ថាមពល​អគ្គិសនី​ដល់​ទៅ​ប្រហែល ៤០០​មេហ្កាវ៉ាត់ ដែល​រដ្ឋាភិបាល​អះ​អាង​ថា​បណ្ដាល​មក​ពី​កង្វះ​ទឹក​នោះ បាន​ក្លាយ​ទៅ​ជា​ចំណោទ​ដាក់​បន្ទុក​ទៅ​លើ​ឧស្សាហកម្ម​នេះ​ឡើង​វិញ។

ក្នុង​វេទិកា​ជំនួប​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជនកាល​ពី​ចុង​ខែ​មីនា​កន្លង​មក​នេះ តំណាង​វិស័យ​ឯកជន​នៅ​តែ​បន្ត​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ស្ដារ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដែក​កម្ពុជា ហើយ​បញ្ហា​នេះ​ក៏​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រតិកម្ម​ផង​ដែរ​ចំពោះ​ភាព​យឺត​យ៉ាវ​នៃ​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដែក​កម្ពុជា​នេះ។

ទាំង​អស់​នេះ បង្ហាញ​ថា ភាព​ប្រកួត​ប្រជែង​នៃ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា នឹង​កាន់​តែ​តាន​តឹង​ថែម​ទៀត ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ប្រទេស​កម្ពុជា ត្រូវ​បាន​សហភាព​អឺរ៉ុប​សម្រេច​ដក​ហូត​មែន​នោះ ខណៈ​ដែល​ឧស្សាហកម្ម​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ប្រកួត​ប្រជែង​តឹង​តែង​​រួច​ទៅ​ហើយ​ជាមួយ​បណ្ដា​ប្រទេស​ផលិត និង​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ