ក្រសួង​រក​ឃើញ​ថា អ្នក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ៧៧% ​ជា​អ្នក​ជិះ​ម៉ូតូ​មាន​កម្លាំង​ក្រោម ​១២៥CC​

ចរាចរតាមដងផ្លូវមួយកន្លែង នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់ទៅស្ថាប័នពាក់ព័ន្ធឲ្យពង្រឹងប្រសិទ្ធភាពទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្រោយពីរកឃើញថា ៣ខែដើមឆ្នាំនេះ អ្នកស្លាប់ និងរបួសកើនឡើងបើធៀបនឹងឆ្នាំមុន ពិសេសអ្នកបើកបរម៉ូតូកម្លាំងក្រោម១២៥CC មានដល់៧៧ភាគរយ ។

ការថ្លែងរបស់លោក ស ខេង នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរា​ចរណ៍ផ្លូ​វគោក នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញ។

ក្នុងពិធីនេះ លោក ស ខេង លើកឡើងថា របាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំនេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ច​រា​ច​រណ៍ មាន ៥១៣នាក់ របួស ១៥៩២នាក់ ក្នុងនោះ អ្នកបើកបរម៉ូតូមាន៧៧% ។

លោកថា៖ «គ្រោះថ្នាក់នេះ យើងឃើញអ្នកប្រើម៉ូតូ ក្រោម១២៥CCច្រើនជាងគេនៃគ្រោះថ្នាក់នេះ រហូតទៅដល់៧៧ភាគរយ។ ក្នុងចំណោម៥១៣នាក់ ក្នុងនោះមិនពាក់មួក៣០០នាក់បាត់ទៅហើយ»។

បើតាមរបាយការណ៍ ចំនួននេះ កើនឡើងជាងឆ្នាំមុន ដែលឆ្នាំមុនមានអ្នកស្លាប់ ៤៨០នាក់ អ្នករងរបួស មាន១២​៣​៤​នាក់។

លោក ស ខេង​ ប្រាប់ទៅក្រសួងពាក់ព័ន្ធឲ្យពង្រឹងប្រសិទ្ធភាពទប់ស្កាត់បញ្ហានេះ ដោយថា ត្រូវពង្រីកការផ្សព្វផ្សាយដល់អ្នកងាយរងគ្រោះ ដល់​ថ្នាក់មូលដ្ឋាន ដូចជា អ្នកជិះម៉ូតូ អ្នកដឹកកម្មករ អ្នកបើកគោយន្ត និងពង្រឹងវិធានការអនុវត្តច្បាប់ឲ្យមានតម្លាភាព ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែលបានចូលរួមក្នុងពិធីនេះ លើកឡើងថា បញ្ហាបង្កជាគ្រោះថ្នាក់ចរាចរណ៍ មកពីអ្នកប្រើប្រាស់ផ្លូវមិនយល់ដឹងពីច្បាប់ចរាចរណ៍ ។

មន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងថា ជាការដោះស្រាយ ក្រសួងនឹងជំរុញឲ្យក្រុមហ៊ុនឯកជនបង្កើនការយល់ដឹងពីច្បាប់ចរាចរណ៍ដល់បុគ្គលិករបស់ខ្លួន និងទី២ ក្រសួងនឹងប្រើវិធានការក្តៅទៅលើអ្នកបើករថយន្តគ្មានប័ណ្ណបើកបរ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រោយចូលឆ្នាំខ្មែរ ក្រសួងនេះនឹងពង្រាយមន្ត្រីជំនាញដាក់នៅកំពង់ផែ ទីតាំងរថយន្តដឹកអ្នកដំណើរ ដើម្បីត្រួតពិនិត្យប័ណ្ណបើកបរ លោកថា ក្នុងករណីរកឃើញ អ្នកបើកបរគ្មានប័ណ្ណបើកបរ ឬប្រើប័ណ្ណបើកបរក្លែងក្លាយ រថយន្តនឹងមិនអនុញ្ញាតិឲ្យចូលដឹកទំនិញ ឬដឹកទំនិញចេញឡើយ។

លោកថា៖ «ចាប់នៅប្រភពដើមតែម្តងបានលឿន បើមិនអីចឹងទេ អាការគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែមានច្រើន ខា​ត​បង់​ថវិការច្រើន ទាល់តែយើងប្រើវិធានការក្តៅបន្តិចដែរ ទើបបាន។»

នៅដើមឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីសម្រេចមួយ លុបចោលច្បាប់ដែលតម្រូវឲ្យអ្នកបើកបរប្រភេទក១ សម្រាប់អ្នកបើកបរទោចក្រយានយន្ត ដែលមានកម្លាំងចាប់ពី១២៥ CC ចុះក្រោមមិនចាំបាច់មាន​បណ្ណបើក​បរទៀ​តទេ ដោយថា ការសម្រេចបែបនេះ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ប្រធានស្តីទី វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ហៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ អាចកើតចេញពីការលុបចោល មិនឲ្យអ្នកបើកបរម៉ូតូទៅរៀនច្បាប់បើកបរផងដែរ។

លោកថា៖ «វិបត្តិធំបំផុតរបស់យើងគឺ រដ្ឋាភិបាលគាត់ទម្លាក់ចោលបណ្ណបើកបរម៉ូតូក្រោម១២៥CCចុះ អាហ្នឹង គឺគាត់ថាមិនចាំបាច់មានបណ្ណបើកបរ ក៏អាចបើកបរបានដែរ។ប៉ុន្តែ នៅពេលដែលគាត់អត់មានបណ្ណបើកបរ គាត់អត់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីអំពីច្បាប់ចរាចរណ៍ទេ គឺគាត់ចេះដោយខ្លួនគាត់។ អ៊ីចឹង ប្រសិនរដ្ឋាភិបាលដាក់ចូលវិញ នៅពេលពលរដ្ឋមានអាយុគ្រប់បើកបរ ត្រូវរៀនយកបណ្ណបើកបរ។ ខ្ញុំគិតថា គាត់នឹងទទួលបានចំណេះដឹងថា គា​ត់ត្រូ​​​វធ្វើបែបម៉េចនៅតាមដងផ្លូវ»។

ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានបាត់បង់ប្រាក់ជាង៣៥លានដុល្លារក្នុង១ឆ្នាំៗ។ ករណីនេះ មន្ត្រីជំនាញផ្តល់ជាយោបល់ថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាព រដ្ឋាភិបាលឲ្យ​ពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍បង្កើនការផ្សព្វផ្សាយ ត្រូវពិនិត្យឡើងវិញពីកត្តាផ្លូវ ឲ្យមានគំនូសសញ្ញា និងភ្លើង​​ស​ញ្ញា​ត្រឹមត្រូវ រួមទាំងរឹតបន្តឹងការអនុវត្តច្បាប់ឲ្យមានតម្លាភាព។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ