មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងកំពុងពិចារណាដោយចេញជាប្រកាសរួមមួយ ដើម្បីឈានទៅចាត់វិធានទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈ ដែលមានលក្ខណៈបង្កប់ភាពមិនស្មោះត្រង់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រ មានប្រសាសន៍ថា ខាងក្រសួងកំពុងពិភាក្សា ដើម្បីចេញសេចក្តីប្រកាសរួមមួយ ស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ភេសជ្ជៈ ដោយភ្ជាប់កម្មវិធីឈ្នះរង្វាន់។
ប៉ុន្តែ លោកមិនទាន់អាចកំណត់ពេលជាក់លាក់ក្នុងការចេញសេចក្តីប្រកាសនេះទេ និងមិនទាន់អាចកំណត់វិសាលភាពនៃការហាមឃាត់នោះកម្រិតណាឡើយ ដោយថា ផែនការនេះកំពុងស្ថិតក្នុងកិច្ចពិភាក្សា។
លោកមានប្រសាសន៍ថា៖ «ព្រោះយើងដឹងហើយថា នៅឥលូវហ្នឹង ក្រុមហ៊ុនស្រាបៀមួយចំនួនហ្នឹង ក៏គាត់បានផ្សាយពាណិជ្ជកម្ម ហើយគាត់សន្យាថា មានរង្វាន់ មានឡានប៉ុណ្ណោះអីចឹងណា។ អ៊ីចឹង កន្លងមកហ្នឹង វាមានចរិតមួយចំនួនហ្នឹង មិនស្មោះត្រង់អីដែរ។ អាហ្នឹង ខ្ញុំមិនហ៊ាន! និយាយទៅ អត់មានការស្រាវជ្រាវជាក់លាក់កន្លែងហ្នឹងទេ ប៉ុន្តែ វាមានធ្លាប់ឮ។ អ៊ីចឹងហើយបានជាយើងពិចារណាហាមឃាត់ ដើម្បីកុំឱ្យមានការផ្សាយបែបហ្នឹង។»
បច្ចុប្បន្ន គេសង្កេតឃើញថា ការផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈជាច្រើនប្រភេទ កំពុងពេញនិយមខ្លាំងដោយយកកម្មវិធីឈ្នះរង្វាន់ផ្សេងៗ រួមមាន ឈ្នះរង្វាន់ជាប្រាក់សុទ្ធ ម៉ូតូ ទូរស័ព្ទដៃ និងរង្វាន់ធំជារថយន្តស៊េរីទំនើប ជាដើម។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ការផ្សព្វផ្សាយភេសជ្ជៈ ពិសេសគ្រឿងស្រវឹង ដែលមានភាពទាក់ទាញហួសពីការពិតខ្លាំង ដោយយកកម្មវិធីឈ្នះរង្វាន់មកភ្ជាប់នោះ គឺមានការគាំទ្រច្រើន ដែលធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនមិនបានគិតដល់សុខភាពរបស់ខ្លួន។
ក្រៅពីចង់ឱ្យលុបបំបាត់ការផ្សាយពាណិជ្ជកម្មដែលមានភ្ជាប់រឿងឈ្នះរង្វាន់ហើយ លោក គីមអេង ចង់ឱ្យរដ្ឋាភិបាលបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងតែម្តង ត្បិតវាជាចំណែកធ្វើឱ្យមានបញ្ហាប្រឈមច្រើនក្នុងសង្គមផងដែរ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែ រឿងដែលសំខាន់បំផុត គឺវាខូចសុខភាព ហើយក្នុងនោះទៀត អ្នកផឹកហ្នឹងមិនត្រឹមតែប៉ះពាល់សុខភាពខ្លួនឯងទេ មិនមែនបង្កគ្រោះថ្នាក់ខ្លួនឯងទេ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ប៉ះពាល់ដល់គ្រួសាររបស់គាត់ ដល់សហគមន៍របស់គាត់។»
សង្គមស៊ីវិលដដែល ថាគម្រោងចេញប្រកាសរួមរបស់ក្រសួងពាណិជ្ជកម្ម នឹងមិនមានប្រសិទ្ធភាពទេ ប្រសិនបើគ្មានការដាក់ទោសទណ្ឌដល់ម្ចាស់អាជីវកម្មដែលបំពានបម្រាម។ លោកថា ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាលគប្បីពន្លឿនអនុម័តច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងឱ្យបានឆាប់រហ័សតែម្តង។
កាលពីឆ្នាំ២០១៥ ក្រសួងសុខាភិបាលបានដឹកនាំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលច្បាប់នោះមាន១១ជំពូក និង ៣៩មាត្រា ប៉ុន្តែ មកទល់ពេលបច្ចុប្បន្ននៅមិនទាន់អនុម័តចេញជាផ្លែផ្កានៅឡើយ។
របាយការណ៍ស្តីពីស្ថានភាពនៃការប្រើប្រាស់គ្រឿងស្រវឹង និងសុខភាពសកលប្រចាំឆ្នាំ២០១៨ បង្ហាញថា មនុស្សជាង៣លាននាក់នៅជុំវិញពិភពលោកបានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែការទទួលទានគ្រឿងស្រវឹង ដោយក្នុងនោះចំនួន ៧៥ភាគរយគឺជាបុរស។
ប្រភពដដែល បញ្ជាក់ថា មូលហេតុនៃការស្លាប់ដោយសារគ្រឿងស្រវឹងទាំងនោះ ដូចជា គ្រោះថ្នាក់ចរាចរណ៍ និងការប្រើអំពើហិង្សាមានចំនួន ២៨ភាគរយ។ ស្លាប់ដោយសារជំងឺប្រព័ន្ធរំលាយអាហារចំនួន ២១ភាគរយ។ ដោយឡែក ស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងមានចំនួន ១៩ភាគរយ និង ៣២ភាគរយទៀតស្លាប់ដោយសារជំងឺឆ្លង ជំងឺមហារីក ជំងឺសរសៃប្រសាទ និងជំងឺផ្សេងទៀត៕