គ្រោះថ្នាក់ចរាចរណ៍នៅរដូវចូលឆ្នាំខ្មែរ សម្លាប់មនុស្សជាមធ្យមជាង១០នាក់ក្នុងមួយថ្ងៃ

(រូបភាពពី​ អគ្គស្នងការនគរបាលជាតិ)

រដ្ឋាភិបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរបណ្តាលឲ្យមនុស្សស្លាប់ជាមធ្យម​ជាង១០នាក់ក្នុងមួយថ្ងៃ ដោយសារប្រជាពលរដ្ឋបើកបរមិនគោរពច្បាប់។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៥៩នាក់ និងរបួសធ្ងន់ស្រាលចំនួន២៣៨នាក់ តួលេខនេះធ្វើឲ្យមនុស្សស្លាប់ជាមធ្យម​ជាង១០នាក់ និងមានការកើនឡើង២៦ភាគរយ បើប្រៀប​ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន ប្រជាពលរដ្ឋបើកបរលើសល្បឿនកំណត់ ប្រជែងគ្នា មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ និងកត្តាគ្រឿងស្រវឹងជាដើម។

ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរា​ចរណ៍ផ្លូ​វគោក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ច​រា​ច​រណ៍៣ខែដើមឆ្នាំនេះ មាន ៥១៣នាក់ របួស ១៥៩២នាក់ ក្នុងនោះអ្នកបើកបរម៉ូតូកម្លាំងក្រោម១២៥CC មានដល់៧៧ភាគរយ ពោលមានការកើនឡើងជាងឆ្នាំមុន។

លោក ស ខេង​ ប្រាប់ទៅក្រសួងពាក់ព័ន្ធឲ្យពង្រឹងប្រសិទ្ធភាពទប់ស្កាត់បញ្ហានេះ ដោយថា ត្រូវពង្រីកការផ្សព្វផ្សាយដល់អ្នកងាយរងគ្រោះ ដល់​ថ្នាក់មូលដ្ឋាន ដូចជា អ្នកជិះម៉ូតូ អ្នកដឹកកម្មករ អ្នកបើកគោយន្ត និងពង្រឹងវិធានការអនុវត្តច្បាប់ឲ្យមានតម្លាភាព ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែលបានចូលរួមក្នុងពិធីនេះ លើកឡើងថា បញ្ហាបង្កជាគ្រោះថ្នាក់ចរាចរណ៍ មកពីអ្នកប្រើប្រាស់ផ្លូវមិនយល់ដឹងពីច្បាប់ចរាចរណ៍ ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រោយចូលឆ្នាំខ្មែរ ក្រសួងនេះនឹងពង្រាយមន្ត្រីជំនាញដាក់នៅកំពង់ផែ ទីតាំងរថយន្តដឹកអ្នកដំណើរ ដើម្បីត្រួតពិនិត្យប័ណ្ណបើកបរ លោកថា ក្នុងករណីរកឃើញ អ្នកបើកបរគ្មានប័ណ្ណបើកបរ ឬប្រើប័ណ្ណបើកបរក្លែងក្លាយ រថយន្តនឹងមិនអនុញ្ញាតិឲ្យដឹកទំនិញចូល ឬដឹកទំនិញចេញឡើយ។

កាលពីដើមឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីសម្រេចមួយ លុបចោលច្បាប់ដែលតម្រូវឲ្យអ្នកបើកបរប្រភេទ«ក១» សម្រាប់អ្នកបើកបរទោចក្រយានយន្ត ដែលមានកម្លាំងចាប់ពី១២៥ CC ចុះក្រោម មិនចាំបាច់មាន​បណ្ណបើក​បរទៀ​តទេ ដោយថា ការសម្រេចបែបនេះ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ប្រធានស្តីទី វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាន រដ្ឋាភិបាលត្រូវបញ្ចូលក្នុងមេរៀន ស្តីពីច្បាប់ចរាចរណ៍ ចាប់ពីថ្នាក់ទី៦ទៅ និងត្រូវ​កំណត់​ឲ្យអ្នកបើកបរទាំងអស់ ជាពិសេសអ្នកបើកបរម៉ូតូ​កម្លាំងចាប់ពី១២៥ CC ចុះក្រោម ត្រូវទៅប្រឡងយកប័ណ្ណបើកបរ ហើយអ្នកបើកបរទាំងអស់ត្រូវគោរពច្បាប់ទាំងអស់គ្នា ទើបមានប្រសិទ្ធិភាព​។

លោកថា៖ «សំរាប់ខ្ញុំ សំណូមពរទៅរដ្ឋាភិបាលឲ្យដាក់ ឲ្យមានប័ណ្ណបើកបរមកវិញនូវប័ណ្ណបើកបរ បើសិនជាពួកគាត់មានប័ណ្ណបើកបរ យ៉ាងហោចណាស់ គាត់ក៏បានទៅចូលរួមក្នុងការប្រឡងយកប័ណ្ណបើកបរ ក៏ដូចជាបានសិក្សាអំពីវិធីសាស្ត្រក្នុងការបើកបរដោយសុវត្ថិភាពដែរ មួយទៀត អ្នកបើកបរខ្លួនឯងផ្ទាល់ខ្លួន ក៏ត្រូវដឹងអំពីនីតិវិធីនៃការការពារ ហើយនិងប្រកាន់យកឥរិយាបថប្រកបដោយសុវត្ថិភាពផងដែរ សុំឲ្យមានការចូលរួមទាំងអស់គ្នា​»។

ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានបាត់បង់ប្រាក់ជាង៣៥លានដុល្លារក្នុង១ឆ្នាំៗ។ ករណីនេះ មន្ត្រីជំនាញផ្តល់ជាយោបល់ថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាព រដ្ឋាភិបាលឲ្យ​ពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍បង្កើនការផ្សព្វផ្សាយ ត្រូវពិនិត្យឡើងវិញពីកត្តាផ្លូវ ឲ្យមានគំនូសសញ្ញា និងភ្លើង​​ស​ញ្ញា​ត្រឹមត្រូវ រួមទាំងរឹតបន្តឹងការអនុវត្តច្បាប់ឲ្យមានតម្លាភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ