អ្នកតាមដាន៖ ការ​សម្លាប់​រង្គាល​នៃ​របប​ក្រោយ​១៧​មេសា​ កើត​ចេញ​ពី​ការ​បែកបាក់​ជាតិ និង​ឥទ្ធិពល​កុម្មុយនីស្ត​

រូបភាពបង្ហាញពីទិដ្ឋភាពនៅសម័យខ្មែរក្រហម និងមេដឹកនាំនាសម័យនេះ លោក សាឡុត ស ហៅ ប៉ុល ពត។ រូបភាព៖ Bophana Center

អ្នកតាមដានសង្គមមួយចំនួន បង្ហាញការយល់ឃើញថា របបកាប់សម្លាប់រង្គាលខ្មែរក្រហម ដែលបានឡើងកាន់អំណាចពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ នោះ បានផ្តល់បទពិសោធន៍ធំៗពីរទុកជាមេរៀនកុំឲ្យអ្នកនយោបាយជំនាន់ក្រោយដឹកនាំប្រទេសទៅរកភាពវិនាសកម្មដូចពីអតីតកាល។

មេដឹកនាំខ្មែរក្រហម សាឡុត ស ហៅ ប៉ុល ពត ឡើងកាន់អំណាច បានជាង៣ឆ្នាំ តែត្រូវដួលរលំទៅវិញ ពោលគឺចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។

ប៉ុន្តែ ការកាន់អំណាចតែមួយរយៈពេលខ្លីរបស់ ប៉ុល ពត នេះ បានសម្លាប់មនុស្សអស់ជាង១លាន ៧សែននាក់ តាមរយៈការធ្វើទារុណកម្ម បង្ខំឲ្យធ្វើការលើសកម្លាំង បង្អត់អាហារ និងលុបបំបាត់ជំនឿសាសនា បែងចែកវណ្ណៈ រវាងអ្នកមាន និងអ្នកក្រ បញ្ញវន្ត និងកសិករ ជាដើម។

អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា ការសម្លាប់មនុស្ស និងធ្វើឲ្យប្រទេសជាតិជួបវិនាសកម្ម ដោយសារឥទ្ធិពលកុម្មុយនីស្ត ហើយអ្នកនយោបាយខ្មែរពេលនោះបានដើរតួនាទីសំខាន់ជាភ្នាក់ងារអនុវត្តលទ្ធិកុម្មុយនីស្ត។ លោកថា បញ្ហាចំបងមួយទៀត គឺអ្នកនយោបាយប្រកួតអំណាច ការពារតែប្រយោជន៍បក្ខពួក មិនខ្វល់ពីចរន្តបែកបាក់ជាតិ។

អ្នកវិភាគជើងចាស់រូបនេះ បង្ហាញការព្រួយបារម្ភថា របត់នយោបាយបច្ចុប្បន្នកំពុងតែរុញកម្ពុជាឲ្យរំកិលទៅរកអតីតកាល បើគ្មានអ្វីប្រែប្រួល។

លោកថា ៖ «ត្រូវជៀសវាងសកម្មភាពណាដែលប៉ះពាល់ដល់រូបរាងកាយ សន្តិសុខ និងជីវិតរបស់បុគ្គលខ្មែរគ្រប់រូប ទាំងបច្ចុប្បន្ននេះ និងទៅអនាគត។ ហើយត្រូវយល់ថា សោកនាដកម្មរួមគ្នា គឺជាកត្តាបង្រួបបង្រួមយើង និងជាកត្តាបង្រួបបង្រួមជាតិ។»

បើតាមលោក ឡៅ ម៉ុងហៃ ចរន្តកំពុងដើរទៅរកគន្លងចាស់នោះ គឺគម្លាតរវាងអ្នកមាន និងអ្នកក្រ អំពើអយុត្តិធម៌សង្គម អ្នកធំរំលោភសិទ្ធិអ្នកទន់ខ្សោយ និងការលាភពណ៌ក្នុងសង្គម ជាដើម។

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី​ កត់សម្គាល់ថា របប១៧មេសា បានបង្កើតបញ្ហាពីរ ជាមេរៀនដល់​មេដឹកនាំបច្ចុប្បន្ន កុំឲ្យពួកគេជាន់ដានចាស់ នាំប្រទេសធ្លាក់ចូលទៅក្នុងវាលពិឃាដ ដូចពីអតីតកាល។

លោកថា កត្តាទី១ ដោយសារតែរដ្ឋាភិបាលខ្មែរក្រហមពេលនោះ បាត់បង់នូវជំហរឯករាជ្យ ជំរុញប្រទេសធ្លាក់ចូលប្លុកកុម្មុយនីស្ត និងទី២ របបនេះបានយកពលរដ្ឋធ្វើជាទាសករនយោបាយ បំបែកមនុស្សជាច្រើនក្រុម ហើយបង្កើតប្រព័ន្ធតាមដានគ្នាទៅវិញទៅមក បង្កើតជាភាពផុយស្រួយនៃការបែកបាក់ជាតិ។

លោក មាស នី វិភាគថា កម្ពុជានឹងជួបបញ្ហានេះម្តងទៀត បើមេដឹកនាំមិនយកបទពិសោធន៍នេះ មកធ្វើជាកត្តាវាស់វែង ដោយបន្តវាយប្រហារចំៗទៅលើប្លុកលោកសេរី ហើយបង្កើនភាពលំអៀងកាន់តែខ្លាំងទៅរកមហាអំណាចចិននោះ។

លោកថា៖ «បើកាលណាយើងផ្អៀងខ្លួនកាត់តែខ្លាំងទៅៗ [ទៅរកចិន] ពេលនោះ វានឹងអាចថា បទពិសោធន៍អាក្រក់នឹងវិលត្រឡប់មកកម្ពុជាវិញ បើសិនជាយើងមិនបានប្រុងប្រៀបខ្លួននោះ។»

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា មានប្រសាសន៍ថា បើគេមើលពីប្រវត្តិសាស្ត របប១៧មេសា ខ្មែរក្រហម សាហាវឃោរឃៅជាងរបបណាៗទាំងអស់ពាក់ព័ន្ធទៅនឹងការសម្លាប់រង្គាល។ សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ  ពន្យ​ល់ថា​​​ ដើម្បីបញ្ចៀសកម្ពុជាកុំឲ្យវិលទៅរករបបឃោរឃៅនេះជាថ្មី លោកផ្តល់ជាយោបល់ថា អ្នកនយោបាយត្រូវស្វែងរ​កដំណោះស្រាយ ដោយតម្កល់ប្រយោជន៍ជាតិជាធំ។

លោកថា៖ «វាជាអំពើយង់ឃ្នងមួយអំពីមេរៀនប្រវត្តិសាស្ត្រ ដែលគប្បីចៀសវាងទៅថ្ងៃអនាគត។ ជាពិសេស ការឈ្លោះ​​​​​​គ្នា​ដោយប្រដាប់អាវុធរបស់អ្នកដឹកនាំខ្មែរ ហើយមិនត្រូវរងចាំដល់ម្ខាងចាញ់ដាច់ ហើយម្ខាងទៀតឈ្នះដាច់ ដូច១៧មេសា ឆ្នាំ១៩៧៥ ហ្នឹងទេ។ គួរតែមានការបង្រួបបង្រួមជាតិ ដើម្បីបានសុខសន្តិភាព។»

អ្នកនាំពាក្យគណបក្សប្រជាជនក​ម្ពុជា ដែលកំពុងកាន់អំណាច លោក សុខ ឥសាន មានប្រសាស​ន៍ថា​ ឥទ្ធិពលចិនពេលនេះមិនដូចពីអតីតកាលទេ ហើយថា រដ្ឋាភិបាលកំពុងទប់ស្កាត់ក្រុមបដិវត្តពណ៌នូវអ្វីដែលលោក​​អះអាងថា ដើម្បីកុំឲ្យប្រទេសធ្លាក់ទៅក្នុងរបបវាលពិឃាដដូចសម័យខ្មែរក្រហម។

លោកថា៖ «ប្រវត្តិសាស្ត្រអត់មានជាន់ដានចាស់ទេ ដោយសារអី ដោយសារមានគណបក្សប្រជាជនកម្ពុជាជាបង្គោ​ល​​ ដែ​លជាគណបក្សតែមួយគត់ក្នុងការដឹកនាំកម្ពុជាហ្នឹង មិនឲ្យរបបប្រល័យពូជសាសន៍កើតជាថ្មីឡើងវិញ។»

ទោះជាយ៉ាងណា សាលាក្តីកូនកាត់ ហៅថា សាលាក្តីខ្មែរក្រហម បានកាត់ទោសមេដឹកនាំកំពូលៗមួយចំនួន របស់ខ្មែរក្រហម មាន ខៀវ សំផង និង កាំង ហ្គេចអ៊ាវ ហៅឌុច ជាដើម ឲ្យជាប់គុកអស់មួយជីវិត បើទោះបីមហាអំណាចខ្លះដែលពាក់ព័ន្ធ តុលាការនេះគ្មានអំណាចលូកដៃចូលក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ